The Cambodia Daily Khmer

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា​អំពើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​គឺ​ប្រឆាំង​នឹង​ជាតិ​ខ្មែរ

លោក ហ៊ុន សែន បើក​សម័យ​ប្រជុំ​ព្រឹទ្ធសភា​លើកដំបូង​សម្រាប់​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​រំលោភ​ច្បាប់​ជាតិ បំផ្លាញ​សាសនា និង​រំលោភ​ព្រះមហាក្សត្រ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ជា​អំពើ​ប្រឆាំង​នឹង​ជាតិ​ខ្មែរ ខណៈ​លោក កឹម សុខា ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ គឺជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា រដ្ឋាភិបាល​ដែល​ប្លន់​អំណាច​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​មិន​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​វិញ​ទេ ដែល​ជា​រដ្ឋាភិបាល​ក្បត់​ជាតិ ព្រោះ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ ដូច្នេះ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​បែប​នេះ​ដោយ​ការ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​ណា​មួយ មិនមែន​ជា​ការ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​ទេ ដូច្នេះ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​តាមរយៈ​នៃ​ការ​បោះឆ្នោត ក៏​មិនមែន​ជា​អំពើ​ខុស​ច្បាប់​ដែរ។

លោក សួន សុរីដា អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា មិន​ដែល​មាន​ចេតនា​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ជាពិសេស​គឺ​ប្រឆាំង​នឹង​អង្គ​ព្រះមហាក្សត្រ ព្រមទាំង​ព្រះពុទ្ធ​សាសនា។ ជាង​នេះ​ទៀត លោក កឹម សុខា ក៏​ពុំ​ដែល​មាន​ចេតនា​ផ្តួល​រដ្ឋាភិបាល​ដែរ ព្រោះ​ថា​ការ​ដឹកនាំ​នយោបាយ​របស់​លោក គឺជា​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ចំពោះ​ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការ​ចោទប្រកាន់​ខុស​ទាំងស្រុង ហើយ​ក៏​ជា​ការ​មួលបង្កាច់​ទម្លាក់​កំហុស​យ៉ាង​អយុត្តិធម៌​បំផុត​លើ​រូបលោក​ដែរ។

លោក​បន្ថែម​ថា ការ​ចោទប្រកាន់​នេះ គឺ​សំដៅ​ដល់​ការ​ត្រូវរ៉ូវ​ជាមួយ​កងទ័ព​បរទេស​ដែល​នាំ​ឱ្យ​មាន​ការ​ប្រទូសរ៉ាយ និង​ការ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ តុលាការ​នៅ​តែ​គ្មាន​ភស្តុតាង​នៃ​អំពើ​ប្រទូសរ៉ាយ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឈ្លានពាន​របស់​រដ្ឋ​បរទេស​ដែល​ខ្លួន​បាន​ចោទ​ថា​ត្រូវរ៉ូវ​ជាមួយ​លោក កឹម សុខា នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ដែល​បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​គឺជា​សត្រូវ​របស់​ប្រទេស​កម្ពុជា​ដែរ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​បន្ត​ទំនាក់ទំនង​ការទូត ព្រមទាំង​ប្រកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​ជ្រុងជ្រោយ​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ដោយ​គ្មាន​ដីកា​តុលាការ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ ពី​បទ​ក្បត់​ជាតិ ឬ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

យ៉ាងណា​ក៏ដោយ រដ្ឋ​បរទេស​ដែល​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ មិន​ត្រូវ​បាន​តុលាការ​កម្ពុជា​កោះ​មក​បំភ្លឺ​ម្តង​ណា​ឡើយ ខណៈ​ឈ្មោះ​ប្រទេស​ទាំងនោះ ក៏​ត្រូវ​តាង​ដោយ​អក្សរ ដើម្បី​ចៀសវាង​ការ​ហៅ​ប្រទេស​ទាំងនោះ​ដោយ​ចំ​ឈ្មោះ​ពី​សំណាក់​តុលាការ​ថែម​ទៀត។

ចាប់តាំងពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ មក សាលាដំបូង​ក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ចំនួន ៦៣​លើក ខណៈ​សវនាការ​ចុងក្រោយ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​ការ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់ក្តី​នៅ​កម្ពុជា ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ព្រោះ​សំណុំរឿង​នេះ​បាន​បន្ត​សវនាការ​អស់​ចំនួន ៧៣​លើក​មក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​ទល់​ឆ្នាំ​២០២៤ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក កឹម សុខា ជាប់​គុក​យូរ​ដោយសារតែ​បរទេស​ស្រឡាញ់​លោក កឹម សុខា ពេក។ ការ​លើកឡើង​មិន​ចំ​ឈ្មោះ ត្រូវ​គេ​ដឹង​ថា លោក ហ៊ុន សែន សំដៅ​ដល់​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​ជួប​លោក កឹម សុខា នា​ពេល​កន្លង​មក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version