លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានិងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគមបារាំង ដោយកម្ពុជាជួយវៀតណាម ឈាននាំទៅដល់ការបង្រួបបង្រួមជាតិ ហើយវៀតណាម បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្លែងក្នុងពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត អះអាងថា ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកត្តាចម្បងសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ដូចដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកឡើងជារឿយៗថា កម្ពុជានិងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម។
លោកអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ហើយថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភិវឌ្ឍប្រទេសជាតិដែរ។
ប្រភពដដែលអះអាងថា នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជននៃប្រទេសទាំងពីរត្រូវចងចាំឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំតាមរយៈការបកស្រាយណាមួយដែលពុំមានមូលដ្ឋានប្រវត្តិសាស្ត្រច្បាស់លាស់។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូបតែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេងរបស់លោក ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាព ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម និងជាប្រតិបត្តិករដើម្បីបុព្វហេតុជាតិមាតុភូមិ។
ប៉ុន្តែកាលពីអំឡុងឆ្នាំ១៩៨៥ ក្រោយកងទ័ពវៀតណាម លើកបន្តុបលោក ហ៊ុន សែន ជាមេដឹកនាំខ្មែរ ត្រូវគេរកឃើញថា កម្លាំងការពារជាតិដែលជាបុរសខ្មែរពេញវ័យជាង ២សែននាក់ ត្រូវបានសម្លាប់ក្នុងផែនការ «ក៥» របស់វៀតណាម ដែលលោក ហ៊ុន សែន ទទួលយកទៅអនុវត្តជាថ្នូរនឹងការជួយជ្រោមជ្រែងអំណាចពីកងទ័ពវៀតណាម ឱ្យគាត់ក្តោបក្តាប់អំណាចជានាយករដ្ឋមន្ត្រីខ្មែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលើកឡើងកន្លងមកថា កងទ័ពកុម្មុយនីស្តរបស់វៀតណាម ដែលគេហៅថាកងទ័ពវៀតមិញ ដែលបានមកវាយលុកលុយប្រទេសកម្ពុជាតាំងពីចុងទសវត្សរ៍១៩៤០ មក ក្រោមលេសថា ជួយដេញអាណានិគមនិយមបារាំង នោះ នៅតែមិនព្រមដកកម្លាំងទ័ពរបស់ខ្លួនចេញពីទឹកដីប្រទេសកម្ពុជាឡើយ ទោះបីដណ្តើមបានឯករាជ្យពីបារាំង ក៏ដោយ។
លោកអះអាងថា កងទ័ពកុម្មុយនីស្តវៀតមិញ ទាំងនោះ បានយកគណបក្សប្រជាជនកម្ពុជា ដែលពេលនោះគណបក្សនេះមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ធ្វើជាខែលដើម្បីលួចវាយប្រហារលើកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ នាសម័យនោះ ពីក្រោយខ្នងថែមទៀត។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ទាល់តែក្រោយសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ អំឡុងខែកក្កដា ឆ្នាំ១៩៥៤ ទើបកងទ័ពកុម្មុយនីស្តវៀតមិញ ត្រូវបានសហគមន៍អន្តរជាតិបង្ខំឲ្យដកខ្លួនចេញពីទឹកដីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមខាងជើងវិញ ដោយយកទៅជាមួយនូវថ្នាក់ដឹកនាំអាយ៉ងនៃគណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលមានលោក សឺង ង៉ុក មិញ ហៅ អាចារ្យ មៀន ដែលជាបិតាស្ថាបនិកគណបក្សនេះ និងជាជនក្បត់ជាតិប្រឆាំងជាតិ សាសនា និងព្រះមហាក្សត្រខ្មែរផងដែរ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងលោក អ៊ុំ សំអាន បានអះអាងថា លោក ហ៊ុន សែន ពុំបានយកជីវិតទៅប្តូរដើម្បីរំដោះប្រទេសជាតិនោះទេ គឺតាមពិត លោក ហ៊ុន សែន រត់ចោលស្រុកខ្មែរទៅស្រុកវៀតណាម ដើម្បីកុំឱ្យ ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ ពីព្រោះនៅពេលដែលទៅដល់ទីនោះ លោក ហ៊ុន សែន ក៏ត្រូវបានវៀតណាម ចាប់ដាក់គុកដែរ។
លោក អ៊ុំ សំអាន អះអាងថា លោក ហ៊ុន សែន យកឈ្មោះថាមករំដោះកម្ពុជា តាមពិតគឺពួកគេមកឈ្លានពានកម្ពុជាប៉ុណ្ណោះ។ ការផ្តួលរំលំខ្មែរក្រហម វៀតណាមគឺជាអ្នកបង្កើតខ្មែរក្រហម វៀតណាមបានដុតផ្ទះខ្មែរ ហើយឲ្យខ្មែរអរគុណវៀតណាមថែមទៀត។ លោកថា បើគ្មានសហគមន៍អន្តរជាតិដាក់គំនាបទេ ក៏វៀតណាមមិនបានដកទ័ពចេញពីកម្ពុជានោះដែរ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះបញ្ជាក់ថា បើពិនិត្យលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម កន្លងមក គឺមានតែវៀតណាម ទាញយកផលប្រយោជន៍ពីកម្ពុជាតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
