មេដឹកនាំផ្ដាច់ការនៅប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានក្រុមប្រឹក្សារៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ប្រកាសថាជាបេក្ខជនដែលបានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ទី២៨ កក្កដា។
យោងតាមការប្រកាសរបស់អាជ្ញាធររៀបចំការបោះឆ្នោត លោក Nicolas Maduro បានសំឡេងគាំទ្រជាង ៥១ភាគរយ ហើយគូប្រជែងនឹងលោកជាមេដឹកនាំក្រុមប្រឆាំងដ៏មានប្រជាប្រិយភាព លោក Edmundo Gonzalez Urrutia បានជាង ៤៤%។ លោក Gonzalez Urrutia ចូលមកជំនួសមេដឹកនាំក្រុមប្រឆាំងដ៏មានប្រជាប្រិយ គឺអ្នកស្រី Maria Corina Machado ដែលត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែកក្កដា។
នេះគឺជាអាណត្តិទី៣ ហើយ សម្រាប់លោក Maduro ដែលមានវ័យ ៦១ឆ្នាំ បន្ទាប់ពីរូបលោកបានឡើងកាន់អំណាចដំបូងកាលពីឆ្នាំ២០១៣។
អំឡុងពេលកាន់អំណាច លោក Maduro បានរងការចោទប្រកាន់អំពីការចាប់ឃុំខ្លួនអ្នករិះគន់ និងការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង។
ចំណែកការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ ក៏មានការចោទប្រកាន់ផងដែរអំពីការសម្លុតគំរាមក្រុមប្រឆាំង និងក្តីបារម្ភអំពីការក្លែងបន្លំសន្លឹកឆ្នោត។
ជ័យជម្នះរបស់លោក Nicolas Maduro បាននាំឱ្យមានការចោទភ្លាមៗថា ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសផ្ដាច់ការមួយនេះ បានរៀបចំតួលេខនៃការបន្លំសន្លឹកឆ្នោតសម្រាប់ការឈ្នះរបស់លោក Maduro រួចទៅហើយ បើទោះជាមុនការបោះឆ្នោត អង្គការឯករាជ្យបានធ្វើការស្ទង់មតិដោយរកឃើញថា លោក Maduro នៅសល់អ្នកបោះឆ្នោតក្នុងដៃតែ ៣០% ប៉ុណ្ណោះ ហើយបែរជាឈ្នះទៅរួច។
ប្រទេសជាច្រើនចាត់ទុកលទ្ធផលបោះឆ្នោតនេះមិនអាចជឿទុកចិត្តបាន ព្រោះដំណើរបោះឆ្នោត និងរាប់សន្លឹកឆ្នោត បង្កភាពមិនប្រក្រតីជាច្រើនផ្ទុះឡើង។ មុនពេលបោះឆ្នោត លោក Maduro បានគំរាមអំពីការផ្ទុះសង្គ្រាមស៊ីវិល ហើយរដ្ឋាភិបាលលោក Maduro បានហាមឃាត់មិនឲ្យសហគមន៍អន្តរជាតិ និងអតីតប្រធានាធិបតីប្រទេសជិតខាង ទៅសង្កេតការណ៍បោះឆ្នោតឡើយ។
ក្រុមប្រឆាំងនៅវេណេហ្ស៊ុយអេឡា ផ្ទាល់ ក៏បានប្រកាសមិនទទួលស្គាល់ជ័យជម្នះរបស់លោក Maduro ផងដែរ។ ពួកគេបានទាត់ចោលលទ្ធផលបោះឆ្នោត។
អង្គការវិទ្យាស្ថានស្ទង់មតិក្នុងស្រុក និងអន្តរជាតិដែលធ្វើការស្ទង់មតិនៅមុនការបោះឆ្នោតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បង្ហាញថា គណបក្សប្រឆាំងរបស់លោក Gonzalez Urrutia អាចនឹងឈ្នះឆ្នោតសំឡេងជាង ៦៥% ហើយបក្សសង្គមនិយមរបស់លោក Maduro អាចបានសំឡេងគាំទ្រត្រឹមតែ ១៤% ទៅ ៣១% តែប៉ុណ្ណោះ។
ជ័យជម្នះដែលអ្នកសង្កេតការណ៍អន្តរជាតិសង្ស័យថាបានពីការបន្លំសន្លឹកឆ្នោត ដោយកែតួលេខអ្នកចេញទៅបោះឆ្នោតដែលមាន ៥៩% ដោយស្ថាប័នបោះឆ្នោត បាននាំឱ្យលោក Maduro អាចតោងអំណាចរយៈពេល ៦ឆ្នាំទៅមុខទៀត។
ប្រទេសក្នុងតំបន់អាមេរិកឡាទីន ៨ប្រទេស បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាបដិសេធលទ្ធផលបោះឆ្នោតហើយ ដោយទាមទារឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា គោរពសំឡេងឆ្នោតដែលបញ្ជាក់ពីឆន្ទៈរបស់ពលរដ្ឋ។ ប្រទេសឈីលី លើកឡើងថា លទ្ធផលបោះឆ្នោតដែលស្ថាប័នរៀបចំការបោះឆ្នោតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច ចាត់ទុកថាជាលទ្ធផលដែលមិនជឿនោះទេ។ ប្រទេសឈីលី ប្រកាសថាមិនទទួលស្គាល់សោះឡើយ។
ប្រទេសកូស្តារីកា ប្រកាសទាត់ចោលលទ្ធផលឆ្នោតទាំងស្រុង និងចោទប្រកាន់លោក Maduro ថាបានលួចបន្លំសន្លឹកឆ្នោត។ ចំណែកសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថ្លែងក្តីបារម្ភពីការងើបឡើងប្រឆាំងលទ្ធផលបោះឆ្នោត។
លោក អង់តូនី ប្ល៊ីងកិន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងពីប្រទេសជប៉ុន ដោយទាមទារឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ផ្សព្វផ្សាយលទ្ធផល និងបញ្ជីរាប់សន្លឹកឆ្នោត ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីតម្លាភាព និងការទទួលខុសត្រូវរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ លោក ប្ល៊ីងកិនបានបង្ហាញពីក្តីបារម្ភថា លទ្ធផលបោះឆ្នោតនេះមិនបញ្ជាក់ពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋវេណេហ្ស៊ុយអេឡា។
តែផ្ទុយទៅវិញ ប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងគុយបា សុទ្ធសឹងតែជាប្រទេសផ្ដាច់ការ បានថ្លែងកោតសរសើរ និងចេញសារអបអរសាទរលោក Maduro ដែលបានឈ្នះឆ្នោតដឹកនាំប្រទេសអាណត្តិថ្មីបន្តទៀត។ ប្រទេសផ្ដាច់ការទាំងនេះ សន្យាបន្តពង្រឹងសហប្រតិបត្តិការជាមួយលោក Maduro។
លោក Maduro បានសន្យាភ្លាមៗថា លោកនឹងធ្វើឱ្យរបបនៅក្រោមការដឹកនាំរបស់លោកមានយុត្តិធម៌ មានសន្តិភាព និងស្ថិរភាព រឹងមាំថែមទៀត តែលោកមិនបានសន្យាធ្វើឱ្យមានការបង្រួមបង្រួមជាតិជាមួយកម្លាំងប្រឆាំងនោះទេ។
ក្រោមការដឹកនាំរយៈពេល ១២ឆ្នាំរបស់មេដឹកនាំផ្ដាច់ការលោក Maduro បានទាញប្រទេសដែលជាជង្រុកប្រេងដ៏ធំនៃពិភពលោក ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសង្គម និងនយោបាយ។ លោក Maduro បានរុញប្រទេសវេណេហ្ស៊ុយអេឡា ធ្លាក់ក្នុងទណ្ឌកម្មធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ។
របបផ្ដាច់ការរបស់លោក Maduro បានបណ្ដាលឱ្យប្រជាជនវេណេហ្ស៊ុយអេឡា ប្រមាណជាង ៧លាននាក់ បង្ខំចិត្តរត់ចោលប្រទេសរបស់ខ្លួន ព្រោះតែការដឹកនាំ បាននាំឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ការគាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាជន និងចាប់អ្នករិះគន់ដាក់ពន្ធនាគាររាប់រយនាក់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
