The Cambodia Daily Khmer

មាន​សេចក្តី​រាយការណ៍​ថា​មេដឹកនាំ​របប​សឹក​ភូមា មីន អ៊ុងឡាំង ត្រូវ​ឃុំ​ខ្លួន តែ​ពួក​យោធា​បដិសេធ

មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

ដោយឡែក​ពី​ប្រទេស​ភូមា ជាប់​នឹង​ប្រទេស​ថៃ ករណី​ផ្ទុះ​ការ​សង្ស័យ​ថា​មេដឹកនាំ​របប​សឹក​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​រូបភាព​នៃ​រដ្ឋប្រហារ។

យោង​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ភូមា ខណៈ​នេះ Myanmar Now មាន​ការ​សង្ស័យ​ថា ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​ភូមា បាន​ចាប់​ខ្លួន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដោយ​ឧត្ដមសេនីយ៍​នៅ​ជុំវិញ​ខ្លួន​លោក ហើយ​ឃុំ​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ។

ការ​ឃុំ​ខ្លួន​លោក មីន អ៊ុងឡាំង ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​រដ្ឋាភិបាល ព្រោះ​ថា​ប៉ុន្មាន​ខែ​មក​នេះ របប​សឹក​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន ស្រប​ពេល​កងកម្លាំង​យោធា​នៃ​របប​សឹក បាន​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់ ក្រោម​ការ​វាយលុក​ពី​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ដែល​ប្រឆាំង​របប​សឹក។

ពាក្យ​ចចាមអារ៉ាម​នេះ កំពុង​ផ្ទុះ​ការ​រំជើបរំជួល​នៅ​ក្នុង​ប្រទេស​ភូមា ជាពិសេស​នៅ​រដ្ឋធានី​ណៃពិដោ និង​ទីក្រុង​ធំៗ​ឯ​ទៀត​នៃ​ប្រទេស​នេះ។

ភ្លាមៗ​នោះ របប​សឹក​ភូមា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ការ​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ក្រុម​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​បាន​ធ្វើ​រដ្ឋប្រហារ​ថ្មី​មួយ​ទៀត ដោយ​ឃុំ​ខ្លួន​លោក មីន អ៊ុងឡាំង គឺជា​សកម្មភាព​ឃោសនា​ដើម្បី​បង្ក​ឱ្យ​មាន​ការ​ភាន់ច្រឡំ ដែល​ជា​ទង្វើ​របស់​ក្រុម​ជន​ក្បត់។

របប​សឹក​ភូមា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ច្រានចោល​ពាក្យ​ចចាមអារ៉ាម ដោយ​អះអាង​ថា​ជា​ការ​ឃោសនា​ដែល​មាន​គោលដៅ​រាំងស្ទះ​សុខ​សន្តិភាព និង​ស្ថិរភាព​ប្រទេស ហើយ​បាន​ចោទប្រកាន់​អ្នក​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ថា​ជា​ក្រុម​ជន​ក្បត់។

តែ​ជាមួយ​គ្នា​នេះ មាន​ការ​ចុះផ្សាយ​ថា​លោក មីន អ៊ុងឡាំង ចង់​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ឯ​ក្រៅ​ប្រទេស ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន ផង​ដែរ។ ហេតុការណ៍​នេះ​កើតឡើង​ក៏​ចំ​ពេល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ត្រូវ​មក​ដល់​ប្រទេស​ភូមា នៅ​ថ្ងៃទី​១៤ សីហា នេះ ហើយ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក មីន អ៊ុងឡាំង។

លោក មីន អ៊ុងឡាំង ជា​មេ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ព្រឹត្តិការណ៍​មួយ​ដែល​ពួក​យោធា​ឡើង​កាន់​អំណាច​ជា​ថ្មី ដោយ​បញ្ចប់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ទើប​មាន​អាយុ ៥​ឆ្នាំ។

បច្ចុប្បន្ន​នេះ អ្នក​នយោបាយ​ភូមា មកពី​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី ជាង ៣០០​នាក់​កំពុង​ជាប់​ឃុំ​ខ្លួន ក្នុង​នោះ​មាន​ទាំង​អ្នកស្រី ស៊ូជី ផង​ដែរ។

នៅ​ពេលនេះ ប្រទេស​ភូមា កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​ក្រុម​រដ្ឋាភិបាល​ស្រមោល​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ រួម​សហការ​គ្នា​ជាមួយ​កម្លាំង​ទ័ព​ជនជាតិ​ដើម កំពុង​វាយ​ពង្រីក​ទីតាំង​បាន​កាន់តែ​ច្រើន​ពី​របប​សឹក ដែល​ស្ថិត​នៅ​ក្រោម​មេ​រដ្ឋប្រហារ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version