ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការសម្ដែងមតិពីក្រៅប្រទេសគ្មានការរៀបចំកម្លាំងកងទ័ពនៅខាងក្នុងនោះទេ គឺគ្រាន់តែជាការសម្ដែងមតិប៉ុណ្ណោះ ខណៈរដ្ឋាភិបាលជប៉ុន ក៏មិនដែលហាមឃាត់នូវការសម្ដែងមតិស្របច្បាប់បែបនេះដែរ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ សីហា នេះថា ការប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត ជុំវិញការធ្វើបាតុកម្មនៅប្រទេសជប៉ុន គ្រាន់តែបង្ហាញថា នាយករដ្ឋមន្ត្រីថ្មីរូបនេះខ្សោយនយោបាយការទូតដោយប្រើភាសារវើរវាយទៅកាន់ប្រទេសជឿនលឿនប៉ុណ្ណោះ។
លោកបន្តថា ករណីប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបន្លឺសំឡេងប្រកាសសុំឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងពីការភ័យព្រួយបាត់បង់ទឹកដី គ្រាន់តែជាការសម្ដែងមតិប៉ុណ្ណោះ ហើយការសម្ដែងមតិបែបនេះ តែងតែកើតមានជាធម្មតានៅប្រទេសជប៉ុន និងប្រទេសសេរីប្រជាធិបតេយ្យជាច្រើនទៀត នៅពេលដែលប្រជាពលរដ្ឋលែងទុកចិត្តការដឹកនាំរបស់រដ្ឋាភិបាលរបស់ខ្លួន។
អ្នកវិភាគរូបនេះព្រមានថា បើក្រសួងការបរទេសកម្ពុជា សួររដ្ឋាភិបាលជប៉ុន ប្រយ័ត្នជប៉ុន ឆ្លើយប្រាប់រដ្ឋាភិបាលខ្មែរវិញថា នេះជាសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូបដែលជប៉ុន តែងតែគោរព ហើយជប៉ុន សូមឱ្យលោក ហ៊ុន ម៉ាណែត រៀនសូត្រតាមដែរនោះ តើមុខមាត់រដ្ឋាភិបាលរបស់គាត់ និងមុខមាត់របស់កម្ពុជា នឹងអាប់ឱនយ៉ាងណាទៅ។
លោក គឹម សុខ ផ្តល់យោបល់ទៅកាន់លោក ហ៊ុន ម៉ាណែត ថា ក្នុងឋានៈជាបញ្ញវន្តដែលរៀនដល់ថ្នាក់បណ្ឌិតយោធាអាមេរិក សូមកុំឆោតហួសហេតុពេក ព្រោះមេដឹកនាំជប៉ុន ចេះបែងចែកហើយថា ក្របខ័ណ្ឌប៉ុនណាជាការរៀបចំចលនាផ្ដួលរំលំរដ្ឋាភិបាល និងក្របខ័ណ្ឌប៉ុនណាគ្រាន់តែជាកម្រិតសម្ដែងមតិនោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា បើលោក ហ៊ុន ម៉ាណែត ចង់ឃើញខ្មែរឯកភាពជាតិ និងមានកិត្តិយសជាអ្នកដឹកនាំ គាត់ត្រូវបញ្ឈប់ការបំបែកបំបាក់ជាតិដោយខ្លួនឯងដើម្បីតែអំណាចគ្រួសារបន្តទៀតទៅ។ លោកបន្ថែមថា ឈប់បំបែកបំបាក់ជាតិ គឺនៅត្រង់ថា ទាំងលោក ហ៊ុន ម៉ាណែត ទាំងលោក ហ៊ុន សែន ឈប់បង្ក្រាប និងគំរាមបង្ក្រាបប្រជាពលរដ្ឋបន្តទៀត ប៉ុន្តែស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋវិញ។ ជាងនេះទៀត ត្រូវបញ្ឈប់ការតាមកម្ទេចគណបក្សប្រឆាំង ប៉ុន្តែត្រូវចរចាគ្នារកការប្រកួតប្រជែងដោយត្រឹមត្រូវ និងឈប់បំពានរដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវគោរពរដ្ឋធម្មនុញ្ញ ដើម្បីធានាប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ជាដើម នោះខ្មែរនឹងរួបរួមសាមគ្គីជាធ្លុងមួយជាមិនខាន។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីសួពូជ លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសំណេះសំណាលជាមួយអាចារី អាចារិនី ថា លោកបានណែនាំក្រសួងការបរទេសកម្ពុជារួចហើយឱ្យសួរទៅរដ្ឋាភិបាលជប៉ុន ថាតើពួកគេគាំទ្រទេដែលបាតុករយកទឹកដីជប៉ុន ធ្វើជាមូលដ្ឋានសម្រាប់មកផ្តួលរំលំ។ លើសពីនេះទៀត ត្រូវសួរបន្ថែមទៀតថា តើពួកគេយល់យ៉ាងណាចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួនតូចដែលបានយកទឹកដីជប៉ុន រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតឡើងពីការបោះឆ្នោត?
មជ្ឈដ្ឋានខ្លះសួរដោយឆ្ងល់ថា ហេតុដូចម្តេចលោក ហ៊ុន ម៉ាណែត ដែលរៀននៅសហរដ្ឋអាមេរិក ចង់ទៅសួររដ្ឋាភិបាលជប៉ុន បែបពកថ្ងាស មិនដឹងអ្វីអ៊ីចឹង? តើប្រទេសជប៉ុន ដូចប្រទេសខ្មែរផ្ដាច់ការនោះឬ?
លោក ហ៊ុន ម៉ាណែត អះអាងថា លោកពិតជាខ្លាចខ្មែរបែកបាក់គ្នាមែន ខ្លាចខ្មែររងគ្រោះ និងពិការឡើងវិញដោយសារសង្គ្រាម ព្រោះប្រទេសកម្ពុជាបានភ្លក់រសជាតិការឈ្លោះប្រកែកគ្នា បែកគ្នាឆ្អែតឆ្អន់ហើយ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាពនយោបាយដើម្បីកុំឱ្យខ្មែរបែកបាក់គ្នាដូចអតីតកាលទៀត។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ឡាវ និងវៀតណាម ក្រោមហេតុផលថា គម្រោងនេះនឹងធ្វើឱ្យទឹកដីខ្មែរបាត់បង់នៅថ្ងៃអនាគត ក្រោមមហិច្ឆតាឈ្លានពានរបស់វៀតណាម ដូចដែលធ្លាប់កើតមានកាលពីអតីតកាលកន្លងមក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
