មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គ្រោងដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយដាក់ឈ្មោះថា អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដែលពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា ពីព្រោះខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម គឺជាខ្មែរតែមួយ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ តុលា នេះថា អ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក បានគិតគូរពីការដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមជាច្រើនឆ្នាំណាស់មកហើយ បន្ទាប់ពីលោកបានដង្ហែអង្គកឋិនទានទៅកាន់វត្តអារាមជាច្រើនក្នុងទឹកដីខ្មែរកណ្តាលនាពេលកន្លងមក។
លោកបន្តថា ជាអកុសល ឪពុករបស់លោក គឺឧបាសក ហ៊ុន នាង បានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលជាហេតុធ្វើឱ្យគ្រួសាររបស់លោកសម្រេចផ្អាកធ្វើបុណ្យកឋិនរយៈពេល ៥ឆ្នាំ ប៉ុន្តែក្រោយមកទៀត ម្តាយក្មេករបស់លោក គឺឧបាសិកា ប៊ុន ស៊ាងលី ក៏បានទទួលមរណភាពនៅឆ្នាំ២០២០ ទៀត ទើបគ្រួសាររបស់លោកសម្រេចផ្អាកធ្វើបុណ្យកឋិនទានបន្តទៀតរហូតមកទល់ពេលនេះ។
លោក ហ៊ុន សែន លើកឡើងថា ចាប់តាំងពីឆ្នាំ២០១២ មក គឺអស់រយៈពេល ១២ឆ្នាំហើយ ទើបលោកអាចសម្រេចក្តីសុបិនដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានការចូលរួមពីគណបក្សប្រជាជនកម្ពុជា ពីរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នជាតិផ្សេងទៀតផងដែរ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា ការរៀបចំពិធីអង្គកឋិនទាននេះ នឹងធ្វើនៅវិមាន៧មករា ដែលជាទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរូបលោក និងភរិយារបស់លោក ចូលរួមដោយផ្ទាល់ ក្រោមការរៀបចំរបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកស្រី ម៉ែន សំអន។
លោក ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈអាចទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះអង្គកឋិនទាននេះគឺជាបុណ្យកឋិនឆ្លងប្រទេស។
ការរៀបចំអង្គកឋិនទានពីគ្រួសារលោក ហ៊ុន សែន ទៅកាន់ទឹកដីកម្ពុជាក្រោមនាពេលនេះ គឺជាលើកទី១ ហើយ ចាប់តាំងពីគ្រួសារមួយនេះដឹកនាំប្រទេសកម្ពុជាតាំងពីអំឡុងទសវត្សរ៍១៩៨០ មកម្ល៉េះ។
ចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានកងទ័ពវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីឆ្នាំ១៩៨៥ មក នេះគឺជាលើកទីមួយហើយដែលក្រុមគ្រួសារត្រកូលហ៊ុន ដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោម ខណៈរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គេមិនដែលឃើញលោក ហ៊ុន សែន យកចិត្តទុកដាក់ពីសិទ្ធិសេរីភាព និងការរស់នៅរបស់ពលរដ្ឋខ្មែរក្រោមដែលរងនូវការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាមម្តងណាឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ព្រះភិក្ខុព្រះនាម ជួន កក្កដា ដែលជាធម្មធិកដ៏ល្បីល្បាញមួយអង្គនៅប្រទេសកម្ពុជា បាននិមន្តទៅសម្ដែងព្រះធម៌នៅវត្តពោធិវង្ស ក្នុងខេត្តមាត់ជ្រូក ទឹកដីកម្ពុជាក្រោម និងមានបំណងទៅសួរសុខទុក្ខពលរដ្ឋខ្មែរក្រោមផងនោះ ត្រូវបានអាជ្ញាធរវៀតណាមហាមឃាត់ និងរារាំងព្រះអង្គមិនឱ្យជួបសួរសុខទុក្ខពលរដ្ឋខ្មែរក្រោមដាច់ខាត។
ជុំវិញបញ្ហានេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមកំពុងរងនូវការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាមយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការគាបសង្កត់សិទ្ធិសេរីភាពផ្នែកសាសនាតែម្តង។
លោកបញ្ជាក់ថា ប្រពៃណីសាសនារបស់ពលរដ្ឋខ្មែរក្រោមសព្វថ្ងៃ មានការរឹតបន្តឹងពីអាជ្ញាធរវៀតណាមកាន់តែខ្លាំង ក្នុងនោះ ត្រាប្រចាំវត្តអារាមនីមួយៗត្រូវបានរដ្ឋាភិបាលវៀតណាម ឆ្លាក់អក្សរវៀតណាមទាំងអស់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរពីការបាត់បង់ប្រពៃណីសាសនារបស់ពលរដ្ឋខ្មែរក្រោមទៅថ្ងៃមុខ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
