យោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានប្រទេសសិង្ហបុរី Channel News Asia ប្រទេសវៀតណាម បានដាក់ចុះនូវផែនការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនក្នុងទំហំទឹកប្រាក់ ៦៧ពាន់លានដុល្លារអាមេរិកដោយមិនចាំបាច់ខ្ចីបុលបរទេសឡើយ។
តាមអ្នកជំនាញ ប្រទេសវៀតណាមដែលកំពុងក្លាយជាប្រភពកម្លាំងសេដ្ឋកិច្ច ឧស្សាហកម្មដ៏មានសក្ដានុពលក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកំណត់យុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍប្រទេស ដោយមិនចាំបាច់ប្រើប្រាស់ប្រាក់កម្ចីបរទេសលើគម្រោងផ្លូវរថភ្លើងដ៏ទំនើបមួយនេះ គឺជាការបង្ហាញថាប្រទេសកុម្មុយនីស្តមួយនេះមានភាពខ្លាំងក្នុងការគ្រប់គ្រងប្រាក់ចំណូលរបស់ជាតិ ជាមួយនឹងការទប់ស្កាត់បានភាពអសកម្មដែលនាំឱ្យប្រទេសខ្វះទុនបម្រុងរបស់ខ្លួន ដែលមិនដូចប្រទេសជិតខាងឡើយ។
បើយោងតាមការប្រកាសរបស់ក្រសួងដឹកជញ្ជូនវៀតណាម ផ្លូវរថភ្លើងល្បឿនលឿននេះ វាតចេញពីរដ្ឋធានីហាណូយ ឆ្ពោះទៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ហូ ជី មិញ (Ho Chi Minh) ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់ប្រទេសវៀតណាម ជាមួយនឹងការចំណាយទុនបម្រុងរបស់ជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ គម្រោងនេះ នឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០៣៥។
ផ្លូវរថភ្លើងល្បឿនលឿននេះមានចម្ងាយ ១៥៤១គីឡូម៉ែត្រ។ ចំពោះរថភ្លើងដ៏ទំនើប វាអាចរត់លើផ្លូវរបស់វាដោយល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម Nguyen Danh Huy បាននិយាយថា ជាមួយនឹងស្មារតីឯករាជ្យជាតិ និងផ្អែកលើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ការិយាល័យនយោបាយមជ្ឈិមបក្សមិនបានសម្រេចឱ្យរដ្ឋាភិបាលខ្ចីបុលប្រទេសក្រៅឡើយ។
បើតាមលោកអនុរដ្ឋមន្ត្រី មូលនិធិដែលបានមកពីចំណូលរបស់ជាតិ គឺជាការចាំបាច់ណាស់ត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថាផ្លូវរថភ្លើងល្បឿនលឿននេះត្រូវតែមានស្ដង់ដាខ្ពស់។ ចំពោះប្រាក់កម្ចីបរទេស បើតាមលោកអនុរដ្ឋមន្ត្រី Nguyen Danh Huy មិនស្ថិតក្នុងភាពចាំបាច់ឡើយ។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលមិនចង់ឱ្យប្រទេសធ្លាក់ក្នុងអន្ទាក់បំណុលបរទេសឡើយ។
វៀតណាម បានទម្លាក់បំណុលសាធារណៈមកត្រឹម ១៩ពាន់លានដុល្លារក្នុងរយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិរបស់ក្រសួងសេដ្ឋកិច្ចវៀតណាម។
វៀតណាម ជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកម្លាំងសេដ្ឋកិច្ចដ៏ខ្លាំង
រដ្ឋកុម្មុយនីស្តវៀតណាម កំពុងតែគ្រប់គ្រងប្រជាជនជាង ១០០លាននាក់។ នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ បក្សកុម្មុយនីស្តវៀតណាម បានដាក់ផែនការបង្ក្រាបករណីពុករលួយ ស៊ីសំណូកសូកប៉ាន់យ៉ាងខ្លាំង ដែលសូម្បីនាយករដ្ឋមន្ត្រី ប្រធានាធិបតី ត្រូវបង្ខំឱ្យចុះចេញពីតំណែង បើសង្ស័យថាមានភាពមិនស្អាតស្អំចំពោះមុខបក្ស។
ប្រទេសវៀតណាម មានសន្ទុះខ្លាំងក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន និងមន្ត្រីរដ្ឋការ ដោយចំណាយទៅលើវិស័យរបស់រដ្ឋ និងវិស័យសង្គមកិច្ច ដែលក្នុងមួយឆ្នាំៗ ប្រទេសកុម្មុយនីស្តនេះបានប្រើប្រាស់ប្រាក់ចំណូលជាតិដល់ទៅ ៥៦០០លានដុល្លារ។ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម បានចំណាយដល់ទៅ ២០ភាគរយនៃថវិកាចំណូលរបស់ជាតិ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
បើតាមអ្នកជំនាញកិច្ចការភស្តុភារ គឺ Nguyen Hung នៃសាកលវិទ្យាល័យវៀតណាម RMIT ការដែលប្រទេសវៀតណាម សម្រេចប្រើប្រាស់ទុនបម្រុងរបស់ខ្លួនយ៉ាងសម្បើមក្នុងការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនដោយមិនខ្ចីបុលបរទេស ឬវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិណាមួយដែលបញ្ជាក់ថាក្រុងហាណូយ កំពុងតែធ្វើឱ្យមានតុល្យភាពភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចក្នុងតំបន់ នៅក្រោមគោលការណ៍ឯករាជ្យទាំងវិស័យហិរញ្ញវត្ថុក្នុងការកសាង និងការអភិវឌ្ឍជាតិ ដោយរាប់បញ្ចូលផងដែរនូវការពង្រឹងកម្លាំងកសាងជាតិ ដែលជាតិទាំងមូលមានការសាមគ្គីគ្នាយ៉ាងរឹងមាំ ដែលជាការបង្ហាញពីអភិបាលកិច្ចនៃការដឹកនាំរបស់មេដឹកនាំគ្រប់ជាន់ថ្នាក់។
តែអ្នកជំនាញរូបនេះគិតថា វៀតណាមអាចរកប្រាក់កម្ចីបន្ថែមតិចតួចប៉ុណ្ណោះពីដៃគូសេដ្ឋកិច្ចដ៏ខ្លាំងមានដូចជា ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ ជាដើម។
វៀតណាម មានផលិតផលឧស្សាហកម្មកើនឡើង ៧,៥% ហើយការវិនិយោគបរទេសកើនឡើងខ្ពស់ចំនួន ៨,២ បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២៣។ ក្នុងឆមាសទី១ ឆ្នាំនេះ ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានចំណេញ ១៩០ពាន់លានដុល្លារក្នុងវិស័យនាំចេញទំនិញឧស្សាហកម្មដោយកើនឡើងជាង ១៤,៥% ប្រៀបធៀបនឹងឆ្នាំ២០២៣។ គោលដៅទីផ្សារនាំចេញធំជាងគេរបស់វៀតណាម គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម គឺជាសេដ្ឋកិច្ចទីផ្សារចម្រុះ ដែលតម្រង់ទិសសង្គមនិយម។ ជាប្រទេសធំជាងគេទី២៣ នៅលើពិភពលោក ដែលមានសន្ទុះខ្លាំងក្នុងការផលិតផលក្នុងប្រទេស។
វៀតណាម ជាសមាជិកមួយដ៏ចម្បងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងចំណោមសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ប្រទេសវៀតណាម បានទទួលពន្ធអនុគ្រោះក្នុងប្រព័ន្ធពាណិជ្ជកម្មសេរីពីសហភាពអឺរ៉ុប ពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង ចិន និងប្រទេសជាច្រើនទៀត។ វៀតណាមគឺជាប្រទេសកុម្មុយនីស្ត តែមិនអាចកាន់អំណាចក្រោមគោលការណ៍សន្តតិវង្សឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
