កម្ពុជាបានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិន ក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។
យោងតាមការចុះផ្សាយរបស់កាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលា ដែលបានដកស្រង់សម្ដីវិភាគរបស់អ្នកជំនាញ បានឲ្យដឹងថា កម្ពុជាមិនមែនជាប្រទេសក្នុងផ្នែកនៃប្រព័ន្ធរបាយការណ៍ទូទៅ ឬហៅ CRS ទេ។
ប្រព័ន្ធ CRS ជាក្របខ័ណ្ឌសកលដែលបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មានគណនីហិរញ្ញវត្ថុទ្រព្យសម្បត្តិរបស់ពលរដ្ឋជាមួយរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជាមានភាពទាក់ទាញពីជនជាតិចិន ក្នុងការប្រព្រឹត្តសកម្មភាពលាងលុយកខ្វក់។
នៅក្នុងសំណុំរឿងលាងលុយកខ្វក់ដូចគ្នានេះ រដ្ឋាភិបាលសិង្ហបុរី ធ្លាប់បានរកឃើញជនជាតិចិន មានសញ្ជាតិខ្មែរចំនួន ១០នាក់ដែលបានធ្វើសកម្មភាពលាងលុយកខ្វក់ចំនួនជាង ២,២ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរី។
The Asia Financial បានរាយការណ៍ថា តាំងពីឆ្នាំ២០១៧ មក ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បានផ្សព្វផ្សាយពីការធ្វើលិខិតឆ្លងដែនកម្ពុជាដើម្បីចៀសវាងពីស្តង់ដារ CRS និងថាកម្ពុជាអនុវត្តគោលការណ៍ទិដ្ឋាការពេលមកដល់ (Visa on arrival) ដោយគ្មានការបដិសេធ។
ប្រភពដដែលឲ្យដឹងថា ទិដ្ឋាការពេលមកដល់ ឬទិដ្ឋាការពាណិជ្ជកម្មចម្រុះនេះ ជនជាតិចិន អាចដើរចូលទៅក្នុងធនាគារនៅស្រុកខ្មែរ និងអាចបើកគណនី រួមទាំងកាតធនាគារក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ដូច្នេះធ្វើឲ្យជនជាតិចិន ងាយស្រួលក្នុងការផ្ទេរលុយទៅមកក្នុងគណនីធនាគារខ្លួន រួមទាំងតាមគណនី Huione ផងដែរ។
របាយការណ៍ស៊ើបអង្កេតរួមគ្នារវាង OCCRP និងកាសែត The straits Times ក៏បានឲ្យដឹងទៀតថា សមត្ថកិច្ចសិង្ហបុរី កំពុងតាមចាប់ខ្លួនឧក្រិដ្ឋជនបរទេសចំនួន ៧នាក់ទៀតដែលមានសញ្ជាតិខ្មែរ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ធ្លាប់ប្រតិកម្មលើរបាយការណ៍ទាក់ទងនឹងបញ្ហាលាងលុយកខ្វក់ និងអំពើពុករលួយនៅកម្ពុជា ថាមានចេតនាមិនល្អ ដោយបានចូលជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ។
យោងតាម OCCRP ក្រុមឧក្រិដ្ឋជនទាំងនេះបានធ្វើប្រតិបត្តិការលាងលុយកខ្វក់ក្រោមរូបភាពវិនិយោគលើវិស័យអចលនទ្រព្យ បើកហាងមាស ពេជ្រ និងបើកទីតាំងឆបោកតាមអនឡាញ។
ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ជាមួយនឹងប្រាក់ចំណូលដែលប្រមូលបានពីឧស្សាហកម្មមួយនេះក្នុងទឹកប្រាក់ចន្លោះពី ៧,៥ពាន់លានដល់ ១២,៥ពាន់លានដុល្លារ ឬស្មើនឹងពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។
ទាក់ទងទៅនឹងការលាងលុយកខ្វក់នេះ ក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានរកឃើញថា បងជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជាម្ចាស់អាជីវកម្មក្រុមហ៊ុនបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិតខ្មៅដ៏ធំមួយឈ្មោះក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមបោកប្រាស់អន្តរជាតិឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។
ប្រភពដដែលបង្ហាញថា ក្រុមហ៊ុនបោកប្រាស់មួយនេះបានធ្វើប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈទីផ្សារអនឡាញងងឹត ដែលអាចរកចំណូលបានយ៉ាងហោចណាស់ ១១ពាន់លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០២១ មក៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
