អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា ការដាក់ចេញនូវក្រដាសប្រាក់ ២សែនរៀលនៅពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការបរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងបរាជ័យទាំងនយោបាយការទូតរបស់គ្រួសារត្រកូលហ៊ុនទាំងស្រុង ព្រោះនយោបាយសេដ្ឋកិច្ចដែលលោក ហ៊ុន សែន ពឹងផ្អែកលើចិន បានដើរដល់ផ្លូវទាល់ច្រក។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ តុលា នេះថា ក្រដាសប្រាក់ ២សែនរៀលថ្មីនេះ គឺជានិមិត្តរូបនៃភាពបរាជ័យសេដ្ឋកិច្ចរបស់ត្រកូលហ៊ុនយ៉ាងពិតប្រាកដ ព្រោះនយោបាយសេដ្ឋកិច្ចដែលលោក ហ៊ុន សែន ពឹងផ្អែកចិន បានដើរដល់ផ្លូវទាល់ច្រកហើយនៅពេលនេះ ហើយវាក៏ជាកំហុសដ៏ធំបំផុតរបស់លោក ហ៊ុន សែន ដែរ។
លោក សម រង្ស៊ី បញ្ជាក់ថា រដ្ឋាភិបាលកុម្មុយនីស្តចិន មិនអាចជួយសង្គ្រោះនយោបាយសេដ្ឋកិច្ចរបស់ក្រុមគ្រួសារត្រកូលហ៊ុនពីទណ្ឌកម្មប្រទេសលោកខាងលិចបានឡើយ ខណៈនយោបាយសេដ្ឋកិច្ចទាល់ច្រកបែបនេះ អ្នកខាតបង់ធ្ងន់ធ្ងរជាងគេបំផុតនោះ គឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២០ម៉ឺនរៀល (២០០០០០រៀល) ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ២០លានសន្លឹក។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ តុលា នេះថា ការបញ្ចេញក្រដាសប្រាក់ថ្មីនេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងខ្វះលុយធ្ងន់ធ្ងរដោយសារវិបត្តិសេដ្ឋកិច្ច ទើបបានជារដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ ២សែនរៀលរហូតដល់ ២០លានសន្លឹកបែបនេះ។
ចំណែកអ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា លើកឡើងថា រដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់កាន់តែធំ តម្លៃក្រដាសប្រាក់កាន់តែធ្លាក់ចុះ ហើយក៏កាន់តែបង្ហាញថា វិបត្តិសេដ្ឋកិច្ចក៏កំពុងតែកើនឡើងដែរ។
ជុំវិញការដាក់ចេញឱ្យចរាចរក្រដាសប្រាក់ថ្មីនេះ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ធ្វើអត្ថាធិប្បាយពីក្រដាសប្រាក់ថ្មីនេះថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលបានដកចេញបញ្ឈប់ការប្រើប្រាស់ប៉ុណ្ណោះ មិនមែនដោយសារធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាលខ្វះលុយ ទើបបានជាត្រូវបោះពុម្ពផ្សាយក្រដាសប្រាក់ថ្មីដើម្បីប្រើប្រាស់បន្ថែមនោះទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
