នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ និងបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពីរកឃើញថាជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ កាលពីខែសីហា កន្លងទៅ និងធ្លាប់ប្រព្រឹត្តហិង្សាជាបន្តបន្ទាប់។
អនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចលុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
ប្រភពដដែលបានអះអាងថា ការសម្រេចលុបឈ្មោះ និងការបញ្ចប់តួនាទីលោក ស ប៊ុនសឿន ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ពេលនេះ ធ្វើឡើងក្រោយរកឃើញករណីជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ក្នុងខេត្តប៉ៃលិន កាលពីខែសីហា កន្លងទៅ។
នៅក្នុងសំណុំរឿងស្លាប់ជនជាតិចិនម្នាក់នៅខេត្តប៉ៃលិន ដែរ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៥នាក់ ជនជាតិខ្មែរ ២នាក់ និងកំពុងតាមរកចាប់មនុស្សពាក់ព័ន្ធ ២នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន។
ប្រភពខាងលើអះអាងថា លោក ស ប៊ុនសឿន ជាមន្ត្រីធ្លាប់មានរឿងរ៉ាវជាច្រើន ដូចជា ធ្លាប់ធ្វើទារុណកម្មលើពលរដ្ឋមានទំនាស់ដីធ្លីរហូតមានពលរដ្ឋម្នាក់បានស្លាប់ និងធ្លាប់មានរឿងរ៉ាវជាមួយអ្នករត់តាក់ស៊ីដឹកអីវ៉ាន់កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
លោក ស ប៊ុនសឿន មុននឹងទទួលបានតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្លាប់ជាអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើហិង្សាក្នុងសំណុំរឿងដីធ្លី ដែលបណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់កាលពីឆ្នាំ២០២០។ លោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ។
នៅក្នុងសំណុំរឿងនេះ លោក ស ប៊ុនសឿន បានប្តឹងទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោយទទួលបានការបន្ធូរបន្ថយទោសពីការជាប់ក្នុងពន្ធនាគារពី ៤ឆ្នាំមកនៅ ១ឆ្នាំកន្លះវិញ។ ក្រោយចេញពីពន្ធនាគារ លោកបានទទួលតំណែងថ្មីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។
អ្នកឃ្លាំមើលសង្គម លោក ស៊ឹង សែនករុណា អះអាងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីនាពេលនេះ គ្រាន់តែចង់បង្ហាញពីស្នាដៃរបស់ខ្លួនដែលទើបឡើងកាន់តំណែងបន្តពីឪពុកតែប៉ុណ្ណោះ។ លោកថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌក្រោយពីរកឃើញមានពាក់ព័ន្ធការធ្វើទារុណកម្មរហូតដល់ស្លាប់ នៅមិនទាន់គ្រប់គ្រាន់នោះទេ។
លោកជំរុញឲ្យធ្វើការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ បើគ្រាន់តែលុបឈ្មោះចេញពីក្របខ័ណ្ឌដោយមិនធ្វើការស៊ើបអង្កេតទេនោះ លោកថាវាគ្រាន់តែជាចំណាត់ការមួយធ្វើឲ្យតែល្អមើលប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
