រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់រដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ហើយនៅថ្ងៃចន្ទ ទី២១ ខែតុលា នេះ។
វត្តមានរបស់លោក Lloyd Austin នៅលើទឹកដីអ៊ុយក្រែន គឺជាការបង្ហាញនូវការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ខណៈការបោះឆ្នោតប្រធានាធិបតីប្រទេសមហាអំណាចមួយនេះ កាន់តែកៀកចូលមកដល់ ដែលរដ្ឋការរបស់លោក ចូ បៃដិន បារម្ភពីអនាគតនៃការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Kyiv Post នៃប្រទេសអ៊ុយក្រែន។
តាមប្រភពដដែលនេះ លោក Austin បានទៅដល់រដ្ឋធានីគៀវ តាមជើងរថភ្លើងរូងក្រោមដីដោយចេញពីព្រំដែននៃប្រទេសប៉ូឡូញ។
លោក Austin បានប្រកាសឱ្យដឹងអំពីដំណើរទស្សនកិច្ចរបស់លោកតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម X ដោយភ្ជាប់ជាមួយរូបភាពលោកកំពុងតែស្ថិតនៅឯស្ថានីយរថភ្លើងនៃតំបន់គៀវ។ លោកនិយាយថា រូបលោកបានត្រឡប់មកកាន់អ៊ុយក្រែន សាជាថ្មី ដើម្បីបង្ហាញថា អាមេរិករួមជាមួយសហគមន៍អន្តរជាតិ នៅតែបន្តឈរនៅជាមួយអ៊ុយក្រែន ជានិច្ច។
ជាទស្សនកិច្ចលើកទី៤ សម្រាប់លោក Austin ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងនាមជាប្រមុខការពារជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។
ដំណើរទស្សនកិច្ចរបស់លោក Austin គឺជាការរំពឹងថាលោកនឹងបញ្ជាក់បន្ថែមទៀតពីជំហររបស់ក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រដល់អ៊ុយក្រែន ក្នុងអន្តរកាលដែលកំពុងផ្លាស់ប្ដូរមេដឹកនាំនៅសេតវិមាន ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។
ការបោះឆ្នោតប្រធានាធិបតីលើកទី៤៧ នេះ មានគូប្រជែងមកពីបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបេក្ខជនព្យាយាមស្វែងរកការជាប់ឆ្នោតអាណត្តិថ្មីទៀតរបស់លោក ដែលបុរសវ័យ ៧៨ឆ្នាំរូបនេះត្រូវប្រកួតប្រជែងជាមួយអនុប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។
អ្វីជាការព្រួយបារម្ភរបស់រដ្ឋការលោក ចូ បៃដិន ព្រោះបារម្ភលោក ត្រាំ ឈ្នះឆ្នោត ហើយកាត់ផ្ដាច់ជំនួយទៅឱ្យអ៊ុយក្រែន ដែលលោក ត្រាំ តែងតែប្រាប់ជាមុនថា លោកនឹងបញ្ឈប់ការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន បើលោកជាប្រធានាធិបតីអាមេរិកជាថ្មីទៀត បើទោះជាលោកសន្យាថានឹងធ្វើឱ្យសង្គ្រាមត្រូវបានបិទបញ្ចប់មុនលោកចូលកាន់តំណែងក៏ដោយនោះ។
លោក ត្រាំ ថ្មីៗនេះបានវាយប្រហារ និងស្ដីបន្ទោសលោក បៃដិន និងលោកប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថាជាអ្នកជួយរុញឱ្យមានសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។ លោក ត្រាំ អះអាងថា បើលោកនៅបន្តកាន់តំណែងប្រធានាធិបតីអាមេរិក លោកពិតជាជួយកាត់បន្ថយភាពតានតឹងរុស្ស៊ី និងអ៊ុយក្រែន នៅមុនសង្គ្រាមផ្ទុះឡើង ហើយវានឹងមិនឈានទៅរកការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន នោះទេ។
វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅរដ្ឋធានីគៀវ ជាថ្មីម្ដងទៀតនេះ ក៏គេមើលឃើញពីការព្រួយបារម្ភពីចលនាកងទ័ពកូរ៉េខាងជើង ដែលបញ្ជូនជួយច្បាំងនឹងកងទ័ពរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកកំពុងស្វែងរកប្រតិកម្មដ៏ខ្លាំងក្លាមួយពីបណ្ដាប្រទេសដែលបានដឹងថាកូរ៉េខាងជើង បាននិងកំពុងបង្កើនការចូលរួមនៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា លោក ហ្សេឡេនស្គី បានបញ្ជាក់ថា មានភស្តុតាងពីផ្កាយរណប និងវីដេអូដែលបង្ហាញថា កូរ៉េខាងជើងមិនត្រឹមតែបញ្ជូនអាវុធឱ្យរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជូនកងទ័ពទៀតផង។ លោក ហ្សេឡេនស្គី បានចោទសួរថា តើបណ្ដាប្រទេសលោកខាងលិចមានដឹងរឿងនេះដែរឬទេ?
លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ថា ការចូលរួមរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងសង្គ្រាមអ៊ុយក្រែន វានឹងបំផ្លាញដល់អ្នករាល់គ្នា ហើយអស្ថិរភាព និងការគំរាមកំហែងអាចនឹងកើនឡើងកាន់តែខ្លាំង។
តាមចារកម្មកូរ៉េខាងត្បូង ទ័ពកូរ៉េខាងជើងអាចមាន ១ម៉ឺន ២ពាន់នាក់ត្រូវបានបញ្ជូនទៅជួយច្បាំងកងទ័ពរុស្ស៊ី ហើយពួកគេកំពុងហ្វឹកហ្វឺនមុននឹងត្រូវបញ្ជូនទៅជួយកងទ័ពរុស្ស៊ី នៅក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។
ចំណែកឯចារកម្មរបស់អ៊ុយក្រែន អះអាងថា ទ័ពកូរ៉េខាងជើង មាន ១ម៉ឺន ១ពាន់នាក់ ក្នុងនោះ ២៦០០នាក់ បញ្ជូនឱ្យទៅជួយកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Kursk ខាងក្នុងទឹកដីរុស្ស៊ី ដែលកំពុងធ្លាក់ក្នុងដៃរបស់កងទ័ពអ៊ុយក្រែន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន យល់ថា ការបញ្ជូនទ័ពកូរ៉េខាងជើង ទៅក្នុងសមរភូមិអ៊ុយក្រែន ជាចេតនារបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលចង់ពង្រីកសង្គ្រាមឲ្យកាន់តែធំ និងអូសបន្លាយពេលកាន់តែយូរ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Andrïï Sybiga បានសរសេរនៅលើបណ្ដាញសង្គម X ដោយអំពាវនាវឲ្យប្រទេសលោកខាងលិច អនុញ្ញាតប្រើសព្វាវុធបាញ់បានចម្ងាយឆ្ងាយ ដើម្បីចាប់ស្ទាក់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។
លោកបានទាមទារឲ្យសម្ព័ន្ធមិត្តលោកខាងលិច ទទួលយកអ៊ុយក្រែន ជាសមាជិករបស់ NATO និងដាក់ពង្រាយសព្វាវុធប្រឆាំងនុយក្លេអ៊ែរក្នុងទឹកដីអ៊ុយក្រែន។
តែបែបនេះក្ដី រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយថា លោកមិនទាន់អាចបញ្ជាក់បានទេថា តើកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយទ័ពរុស្ស៊ី ពិតមែន ឬយ៉ាងណាទេ។
ចំពោះអគ្គលេខាធិការយោធា NATO លោក Mark Rutte ក៏បានលើកឡើងថា នៅពេលនេះមិនទាន់មានភស្តុតាងបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើង នៅអ៊ុយក្រែន នៅឡើយទេ ប៉ុន្តែលោក Mark Rutte ព្រមានជាមុនថា បើមានទ័ពកូរ៉េខាងជើង ជួយច្បាំងនឹងទ័ពរុស្ស៊ី មែននោះ វាគឺជាការគំរាមធ្ងន់ធ្ងរដល់អឺរ៉ុបទាំងមូលទៀតផង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
