នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងមិនស្ថិតនៅជាប្រទេសក្រីក្រអស់មួយជីវិតដោយពឹងផ្អែកតែទៅលើការផ្តល់ឱ្យពីប្រទេសជិតខាងបន្តទៀតនោះទេនៅឆ្នាំ២០២៩ ខាងមុខ ទោះបីជាត្រូវបាត់បង់នូវគោលការណ៍អនុគ្រោះមួយចំនួនក៏ដោយ។
នៅក្នុងវីដេអូឃ្លីបរបស់លោក ហ៊ុន ម៉ាណែត ដែលថ្លែងនៅក្នុងពិធី “អបអរសាទរខួប ២០ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” ហើយដែលត្រូវបានលោក ហ៊ុន សែន ដែលជាឪពុក យកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកឡើងវិញនៅថ្ងៃទី២២ តុលា នេះ បានលើកឡើងពីការចាកចេញរបស់កម្ពុជាពីប្រទេសក្រីក្រក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀតនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាបានបំពេញលក្ខខណ្ឌទាំង៣ របស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (LDCS) គ្រប់ចំនួនអស់ហើយ រួមមាន កត្តាប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ កត្តាធនធានមនុស្ស និងកត្តាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត អះអាងថា នៅពេលដែលកម្ពុជាចាកចេញពីប្រទេសក្រីក្រ កម្ពុជានឹងបាត់បង់នូវគោលការណ៍អនុគ្រោះមួយចំនួន ដូចជា គោលការណ៍ខាងវិស័យពាណិជ្ជកម្ម និងគោលការណ៍ខាងផ្នែកហិរញ្ញវត្ថុ ជាដើម ប៉ុន្តែកម្ពុជាមិនអាចទ្រាំនៅជាប្រទេសក្រីក្រមួយជីវិតទៀតនោះទេ ពោលគឺកម្ពុជាត្រូវតែពង្រឹងខ្លួនឯងដោយមិនរង់ចាំគេបន្តក់ឱ្យទៀតនោះឡើយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរបាយការណ៍ឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតក្នុងចំណោមប្រទេសក្រីក្រទាំង៤៥ នៅលើពិភពលោក។
គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (LDCS) បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតក្នុងចំណោមប្រទេសក្រីក្របំផុតទាំងជាង ៤០ប្រទេស (៤៥ប្រទេស) នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។
ជុំវិញបញ្ហានេះ សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត បានលើកឡើងកន្លងមកថា ចាប់តាំងពីឆ្នាំ១៩៩១ មក កម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រទេសក្រីក្របំផុតជាបន្តបន្ទាប់ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ក៏មានវត្តមានដឹកនាំប្រទេសកម្ពុជាជាបន្តបន្ទាប់ដែរក្នុងរយៈពេល ៣ទសវត្សរ៍នេះ។
លោក មួង ណារ៉េត លើកឡើងថា ការកំណត់របស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (LDCs) ឆ្នាំ២០២៩ មិនមែនមានន័យថា កម្ពុជាត្រូវតែចាកចេញពីប្រទេសក្រីក្របំផុតនោះទេ ប៉ុន្តែគ្រាន់តែគណៈកម្មាធិការនេះទុករយៈពេលឱ្យកម្ពុជា ៥ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីឱ្យកម្ពុជាស្វះស្វែងរកវិធីចាកចេញពីប្រទេសក្រីក្របំផុតទៅតាមលក្ខខណ្ឌដែលគេបានតម្រូវ ខណៈការចេញពីបញ្ជីក្រីក្រនេះបាន ឬមិនបាន គឺអាស្រ័យទៅលើកម្ពុជាខ្លួនឯងទាំងស្រុង។
លោក មួង ណារ៉េត បញ្ជាក់ថា ផ្ទុយទៅវិញ បើក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ កម្ពុជាមិនអាចបំពេញលក្ខខណ្ឌដែលគេតម្រូវបានទេ នោះឆ្នាំ២០២៩ កម្ពុជាក៏មិនអាចចាកចេញពីបញ្ជីប្រទេសក្រីក្របំផុតទាំង ៤៥ នៅលើពិភពលោកបានដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
