The Cambodia Daily Khmer

ក្រសួង​ព្រះបរមរាជវាំង​ប្រកាស​ប្រារព្ធ​ខួប​លើក​ទី​២០​នៃ​ការ​យាង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី

ក្រសួង​ព្រះបរមរាជវាំង ប្រកាស​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​ការ​យាង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ចុង​ខែ​តុលា ឆ្នាំ​២០២៤ នេះ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​កម្ពុជា​មើល​ឃើញ​ថា ព្រះអង្គ​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​បាន​ពេញលេញ​ទេ ដោយសារតែ​មាន​ការ​រំលោភ​បំពាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។

ក្រសួង​ព្រះបរមរាជវាំង បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា Royal du Cambodge នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​មហា​កិត្តិយស និង​សេចក្តី​រីករាយ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​២០ ការ​យាង​គ្រង​រាជសម្បត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ រហូត​ដល់​ថ្ងៃទី​៣០ ខែ​តុលា ខាងមុខ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ថ្ងៃ​ដំបូង​នៃ​ពិធី​នេះ នឹង​រៀបចំ​ឱ្យ​មាន​ព្រះរាជ​ពិធី​សាសនា​តាម​ព្រះ​រាជប្បវេណី​នៅ​ក្នុង​ព្រះបរមរាជវាំង ចំណែក​ថ្ងៃទី​២ នឹង​រៀបចំ​ព្រះ​រាជពិធី​ថ្វាយ​ព្រះពរ ខណៈ​ថ្ងៃ​បញ្ចប់ ព្រះមហាក្សត្រ​នឹង​ធ្វើ​ជា​ព្រះរាជ​ធិបតី​ក្នុង​អង្គ​មិទ្ទិញ​មហាជន​នៅ​មុខ​ព្រះបរមរាជវាំង។

រយៈពេល ២០​ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ ត្រូវ​គេ​មើល​ឃើញ​ថា ព្រះអង្គ​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​បាន​ពេញលេញ​ទេ ដោយសារតែ​មាន​ការ​រំលោភ​បំពាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​គ្រង​រាជសម្បត្តិ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​តិចតួច​បំផុត ហើយ​អាច​បំពេញ​បាន​តែ​ខាង​មនុស្សធម៌​ប៉ុណ្ណោះ ខណៈ​ខាង​កិច្ចការ​នយោបាយ ព្រះអង្គ​មិន​បាន​បំពេញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ការ​ដែល​ព្រះអង្គ​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី និង​ព្រះរាជកិច្ច​បែប​នេះ គឺ​ដោយសារ​ព្រះអង្គ​ជា​ក្សត្រ​រងគ្រោះ​មួយ​ព្រះអង្គ​ដែល​ត្រូវ​លោក ហ៊ុន សែន ចាប់​ទុក​ជា​ចំណាប់ខ្មាំង​ក្នុង​ការ​ប្រើប្រាស់​អំណាច​ទំនើង​ចិត្ត​របស់​គាត់ ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​ច្បាប់ កម្ទេច​ក្រុម​ប្រឆាំង និង​ចាប់​សកម្មជន​នានា ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ទង្វើ​អាក្រក់​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ដោយ​យក​ព្រះមហាក្សត្រ​មក​បាំង​ពី​មុខ​សព្វថ្ងៃ​នេះ គឺជា​ចេតនា​ដ៏​ស្មោកគ្រោក​មួយ​ដែល​គាត់​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​នគរ​បាត់​ជំនឿ​លើ​ព្រះមហាក្សត្រ​របស់​ខ្លួន ស្រប​ពេល​ដែល​លោក ហ៊ុន សែន ខ្លួនឯង​កំពុង​លើក​តម្កើង​ខ្លួន​ស្មើ​នឹង​ស្តេច​ផែនដី​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​នៅ​ពេលនេះ​ទៅ​ហើយ​នោះ។

ព្រះករុណា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រសូត​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៥៣ និង​ត្រូវ​បាន​ក្រុមប្រឹក្សា​រាជសម្បត្តិ​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។

ក្រោយ​ការ​ប្រកាស​ស្នង​រាជ្យ​ពី​ព្រះបិតា​បាន ៥​ថ្ងៃ គឺ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ព្រះករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​គ្រង​រាជសម្បត្តិ តែ​មិន​កាន់​អំណាច​ទេ ហើយ​ព្រះអង្គ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជា​និយម គឺ​មាន​ន័យ​ថា​បំបាត់​ស្តេច​ចេញពី​ទឹកដី​ខ្មែរ​តែម្តង ប្រសិនបើ​ព្រះអង្គ​មិន​ឡាយព្រះហស្ត​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ឱ្យ​គាត់​អាច​ប្រើប្រាស់​សន្ធិសញ្ញា​នេះ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម ទេ​នោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version