នៅទីបំផុត លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នេះ ដោយទទួលបានសំឡេងអង្គបោះឆ្នោតច្រើនជាងអ្នកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ ក្នុងសំឡេងអង្គបោះឆ្នោត ២៧៧ ដែលបង្ហាញនូវភាពរឹងមាំថាលោក ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ចំណែកអ្នកស្រី ហារីស ទទួលបាន ២២៤ នៃអង្គបោះឆ្នោត ដែលមិនអាចរត់តាមទាន់ជ័យជម្នះរបស់លោក ត្រាំ ឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
តាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ដូណាល់ ត្រាំ ត្រូវក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកក្នុងវ័យ ៧៨ឆ្នាំ។ លោក ត្រាំ ធ្លាប់ឈ្នះឆ្នោតជាប្រធានាធិបតីមួយអាណត្តិនៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ តែនៅក្នុងការបោះឆ្នោតអាណត្តិថ្មីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ លោក ត្រាំ ចាញ់លោក ចូ បៃដិន។ ក្នុងអាណត្តិទី២ ជាប្រធានាធិបតីឡើងវិញ បេក្ខជនអនុប្រធានាធិបតីរបស់លោក គឺលោក James David Vance ក៏នឹងក្លាយជាអនុប្រធានាធិបតីរបស់លោកផងដែរ។
ក្រោយការបោះឆ្នោតនេះបញ្ចប់ទៅ លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលលោក ត្រាំ នឹងបានចូលកាន់សេតវិមានរយៈពេល ៤ឆ្នាំ។ ជាមួយគ្នានេះ បក្សសាធារណរដ្ឋក៏បានឈ្នះឆ្នោតក្នុងស្ថាប័នព្រឹទ្ធសភា។ គណបក្សនេះទទួលបានអាសនៈ ៥១ ធៀបនឹងបក្សប្រជាធិបតេយ្យ ដែលទទួលបាន ៤៣អាសនៈ។
ចំណែកការបោះឆ្នោតសមាជិករដ្ឋសភា បក្សសាធារណរដ្ឋ ក៏កំពុងនាំមុខបក្សប្រជាធិបតេយ្យផងដែរ។ បក្សប្រជាធិបតេយ្យ ទទួលបានអាសនៈ ១៨០ ខណៈបក្សសាធារណរដ្ឋ ទទួលបាន ១៩៨។ យ៉ាងណា ទិន្នន័យនេះអាចប្រែប្រួលបន្តទៀត។
តាមលទ្ធផលដំបូងនេះ បើបក្សប្រជាធិបតេយ្យមិនអាចរត់ទៅទាន់សំឡេងរបស់បក្សសាធារណរដ្ឋក្នុងសំឡេង ២១៨ គឺសភាជាន់ទាបក៏អាចធ្លាក់ក្នុងការគ្រប់គ្រងរបស់បក្សសាធារណរដ្ឋដែរ។ មានន័យថា បក្សសាធារណរដ្ឋ អាចនឹងគ្រប់គ្រងបានទាំងសំឡេងសភាជាន់ទាប និងព្រឹទ្ធសភាជាសភាជាន់ខ្ពស់។
ប្រសិនបើបក្សសាធារណរដ្ឋ គ្រប់គ្រងសភាទាំងពីរថ្នាក់ បក្សនយោបាយដ៏ធំមួយនេះនឹងងាយស្រួលក្នុងការដាក់ចេញគោលនយោបាយ និងច្បាប់ផ្សេងៗ។
ដំណើរទៅរកការចូលទៅកាន់សេតវិមានជាលើកទី២ ក្រោយពីខកខានរយៈពេល ៤ឆ្នាំ ដែលលោក ត្រាំ ចាញ់ក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ លោក ត្រាំ អះអាងថារូបលោកនឹងមិនចាប់ផ្តើមសង្គ្រាមឡើយ។ លោកសន្យាថានឹងបិទបញ្ចប់សង្គ្រាមនានានៅលើពិភពលោក។
លោក ត្រាំ បានលើកឡើងថា អំឡុងអាណត្តិទី១ រយៈពេល ៤ឆ្នាំដំបូងរបស់លោក គឺមិនមានសង្គ្រាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ISIS ត្រូវបានកម្ចាត់ទៀតផង។
លោក ត្រាំ បានបន្តថា មនុស្សមួយចំនួនបានចោទប្រកាន់លោកថា ប្រសិនបើជាប់ឆ្នោតជាថ្មី លោកនឹងបង្កឱ្យមានសង្គ្រាម ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្គ្រាម។ លោក ត្រាំ ថ្លែងដូចនេះនៅចំពោះមុខមហាជនដែលគាំទ្រជ័យជម្នះរបស់លោក។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ធ្វើឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងសង្គ្រាមធំៗ៣ គឺសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន សង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស-ប៉ាឡេស្ទីន និងសង្គ្រាមអ៊ីស្រាអែល វាយកម្ទេចក្រុមហេសបូឡា-លីបង់ នៅឯតំបន់មជ្ឈិមបូព៌ា។
ជាមួយនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ មេដឹកនាំប្រទេសមួយចំនួនបានបញ្ចេញសារអបអរសាទរ។
ប្រធានាធិបតីបារាំង លោក Emmanuel Marcon បាននិយាយថា លោកត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើការជាមួយលោក ត្រាំ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ជ័យជម្នះរបស់លោក ត្រាំ គឺជាការវិលត្រឡប់មកវិញដ៏អស្ចារ្យបំផុតក្នុងឆាកនយោបាយ ហើយជាការវិលត្រឡប់មកវិញនូវសម្ព័ន្ធភាពកាន់តែរឹងមាំរវាងអ៊ីស្រាអែល និងអាមេរិក។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រមុខអង្គការយោធា NATO លោក Mark Rutte ជាដើម ក៏បានចូលរួមសាទរលោក ត្រាំ ផងដែរ។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែន ដែលបារម្ភចំពោះសហរដ្ឋអាមេរិក ក្រោមរដ្ឋការលោក ដូណាល់ ត្រាំ អាចបញ្ឈប់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី លោក វូឡូឌីមៀ ហ្សេឡេនស្គី បានសម្ដែងការចូលរួមអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក ហ្សេឡេនស្គី បង្ហាញក្តីសង្ឃឹមថា អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងអាចនាំយកសន្តិភាពប្រកបដោយយុត្តិធម៌ទៅឱ្យប្រជាជនអ៊ុយក្រែន។
សាររបស់លោកប្រធានាធិបតីអ៊ុយក្រែន ដែលត្រូវគេមើលឃើញលើបណ្ដាញសង្គម X បានរៀបរាប់ថា លោកពេញចិត្តចំពោះការប្ដេជ្ញារបស់លោក ត្រាំ នូវគោលជំហរនៃការប្រើប្រាស់អំណាចយោធា ដើម្បីសម្រេចបានសុខសន្តិភាពនៅក្នុងកិច្ចការពិភពលោក។ នេះគឺជាគោលការណ៍ដែលអាចនាំសន្តិភាពប្រកបដោយយុត្តិធម៌ចំពោះសង្គ្រាមនៅអ៊ុយក្រែន។
លោក ដូណាល់ ត្រាំ តែងតែអះអាងថា លោកអាចនឹងកាត់បន្ថយ ឬបញ្ឈប់តែម្តងនូវការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ហើយថាប្រសិនបើជាប់ឆ្នោត លោកនឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅមុនថ្ងៃទី២០ មករា ជាថ្ងៃលោកស្បថចូលកាន់តំណែងប្រធានាធិបតី។
រដ្ឋការលោក បៃដិន និងអ្នកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតីមកបក្សប្រជាធិបតេយ្យ គឺជាកម្លាំងបង្អែកដ៏ធំបំផុតក្នុងការជួយអ៊ុយក្រែន ធ្វើសង្គ្រាមទប់ទល់ការវាយលុករបស់រុស្ស៊ី។ សហរដ្ឋអាមេរិកជាប្រទេសផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន រាប់សិបពាន់លានដុល្លារ គឺច្រើនជាងប្រទេសសម្ព័ន្ធភាពអ៊ុយក្រែន ជាច្រើនទៀត។
សាររបស់លោក ហ្សេឡេនស្គី ដែលអបអរសាទរលោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថាទំនងកំពុងបារម្ភខ្លាចរដ្ឋការលោក ត្រាំ កាត់បន្ថយ ឬបញ្ចប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន ខណៈអ៊ុយក្រែន ត្រូវការសហរដ្ឋអាមេរិកយ៉ាងខ្លាំងដើម្បីឱ្យអ៊ុយក្រែន មានតុល្យភាពនៃការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
