ទាក់ទងនឹងក្តីបារម្ភពីពលរដ្ឋខ្មែររឿងអធិបតេយ្យជាតិ និងបូរណភាពទឹកដីនេះ អ្នកឃ្លាំមើលស្ថានការណ៍នៅប្រទេសកម្ពុជា អបអរសាទរក្រោយពីសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ត្រូវបានបញ្ជូនទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភាកម្ពុជា ដើម្បីត្រួតពិនិត្យ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ វិច្ឆិកា នេះថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានព្រឹទ្ធសភាអនុម័តលុបចោល និងបន្ទាប់មកទៀតត្រូវព្រះមហាក្សត្រឡាយព្រះហស្តលេខាបញ្ចប់កិច្ចព្រមព្រៀងនេះ ហើយនៅទីបំផុត ត្រូវដល់ភារកិច្ចរបស់រដ្ឋាភិបាលម្តង។
លោក ម៉ែន ណាត លើកឡើងថា នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តលុបចោលជាស្ថាពរ ប៉ុន្តែបើដីសម្បទានសេដ្ឋកិច្ចជាង ២៤ម៉ឺនហិកតានៅតែប្រគល់ឱ្យយោធា និងក្រុមហ៊ុនវៀតណាមកាន់កាប់ ហើយពលរដ្ឋវៀតណាមនៅតែអាចចេញចូលក្នុងតំបន់ត្រីកោណស្រេចនឹងចិត្តដូចពេលកន្លងមកដដែលនោះ គឺមានន័យថារាជរដ្ឋាភិបាលកម្ពុជា បានរំលោភលើការសម្រេចនេះយ៉ាងធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ដើម្បីឱ្យកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលជាស្ថាពរ រាជរដ្ឋាភិបាលក៏ត្រូវតែប្រកាសដកយកដីសម្បទានសេដ្ឋកិច្ចជាង ២៤ម៉ឺនហិកតាពីយោធានិងក្រុមហ៊ុនវៀតណាម យកទៅកាន់កាប់វិញ។
ក្រៅពីនេះ ក៏ត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍លើពលរដ្ឋវៀតណាម ដែលចូលទៅរស់នៅ និងធ្វើការក្នុងទីតាំងដីសម្បទានក្នុងខេត្តនៃតំបន់ត្រីកោណទៅតាមច្បាប់អន្តោប្រវេសន៍ប្រទេសកម្ពុជា ឱ្យបានម៉ឺងម៉ាត់ផងដែរ ដូចជាការបញ្ជូនពលរដ្ឋវៀតណាមខុសច្បាប់ទាំងនោះទៅប្រទេសកំណើតរបស់ពួកគេវិញ ជាដើម។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ព្រឹទ្ធសភាប្រទេសកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនដោយសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។
សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ ដូច្នេះកិច្ចព្រមព្រៀងនេះនៅរង់ចាំតែការអនុម័តលុបចោលពីសំណាក់ព្រឹទ្ធសភា និងការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទៀតតែប៉ុណ្ណោះ នឹងត្រូវបានលុបចោលជាស្ថាពរហើយ។
ក្រុមអ្នកសង្កេតការណ៍ ជំរុញឱ្យរាជរដ្ឋាភិបាលលុបចោលគម្រោងនេះជាស្ថាពរ លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាង ២៤ម៉ឺនហិកតា ដែលធ្វើសម្បទានឱ្យក្រុមហ៊ុនវៀតណាម និងដោះលែងសកម្មជនសង្គម សកម្មជនបរិស្ថាន អ្នកនយោបាយជំទាស់ទាំងអស់ដែលកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌សព្វថ្ងៃនេះ ដើម្បីផ្សះផ្សាស្មារតីជាតិរវាងខ្មែរនិងខ្មែរឡើងវិញ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
