The Cambodia Daily Khmer

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ត្រាំ សន្ទនា​ជាមួយ​លោក ហ្សេឡេនស្គី លោក ពូទីន រឿង​សង្គ្រាម

ពី​ឆ្វេង៖ ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)

ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​បើក​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ឆ្នោត​ជា​ម្ចាស់​សេតវិមាន​ឡើង​វិញ​សម្រាប់​រយៈពេល ៤​ឆ្នាំ​ទៅ​មុខ។

តាម​សេចក្ដី​រាយការណ៍​ចេញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កិច្ចសន្ទនា​គ្នា​រវាង​លោក ត្រាំ និង​លោក ពូទីន បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន តែ​ទើប​ត្រូវ​បាន​មន្ត្រី​ស្និទ្ធ​នឹង​លោក ត្រាំ បាន​បញ្ចេញ​ព័ត៌មាន​នៅ​ថ្ងៃទី​១១ វិច្ឆិកា។

នាយក​កិច្ចការ​ទំនាក់ទំនង​ខាង​លោក ត្រាំ គឺ​លោក Steven Cheung ដែល​បាន​បង្ហើប​ពី​ជំនួប​រវាង​លោក ត្រាំ និង​លោក ពូទីន បាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ​ពិត​ជា​បាន​សន្ទនា​គ្នា​មែន តែ​លោក Steven Cheung ចាត់ទុក​ថា​ជា​រឿង​ឯកជន​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ។

ការ​លើកឡើង​បែប​នេះ​ពី​លោក Steven Cheung ធ្វើឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​កិច្ចសន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ដែល​ត្រូវ​បាន​កាសែត Washington Post ចេញ​ផ្សាយ​មុន​គេ។

កាសែត Washington Post បាន​ស្រង់​ប្រភព​មួយ​ទៀត​ដែល​អះអាង​ថា កិច្ចសន្ទនា​គ្នា​អំពី​សង្គ្រាម​បង្ក​ដោយ​លោក ពូទីន នៅ​ប្រទេស​អ៊ុយក្រែន លោក ត្រាំ បាន​ព្រមាន​ទៅ​លោក ពូទីន ថា​កុំ​បន្ត​ពង្រីក​សមរភូមិ​ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​បន្ថែម​ទ័ព​នៅ​អឺរ៉ុប ដែល​ទ័ព​អាមេរិក​មាន​វត្តមាន​ពាសពេញ​អឺរ៉ុប​ហើយ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​អ៊ុយក្រែន ក៏​ត្រូវ​បាន​មន្ត្រី​លោក ត្រាំ ជូនដំណឹង​ផង​ដែរ​អំពី​លោក ពូទីន និង​លោក ត្រាំ សន្ទនា​គ្នា។

តាម​ប្រភព​ព័ត៌មាន The Telegraph កិច្ចសន្ទនា​គ្នា​រវាង​លោក ត្រាំ និង​លោក ពូទីន បាន​ជជែក​គ្នា​ច្រើន​អំពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​រុស្ស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ជំហរ​ទីក្រុង​មូស្គូ ក្នុង​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ ក្នុង​គោលបំណង​ដើម្បី​ការពារ​ផល​ប្រយោជន៍​រុស្ស៊ី និង​ផ្ដោត​លើ​ការ​សម្រេច​ផែនការ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយក្រែន។

ក្នុង​ជំនួប​តាម​ទូរសព្ទ​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី មុន​ជួប​លោក ពូទីន លោក ហ្សេឡេនស្គី បាន​បង្ហើប​ឲ្យ​ដឹង​ក្រោយ​មក​ថា លោក ត្រាំ ចង់​ពន្លឿន​ការ​បញ្ចប់​សង្គ្រាម។

តាម​ឯកសារ​សន្តិភាព​របស់​លោក ត្រាំ ដែល​ត្រូវ​មន្ត្រី​លោក ត្រាំ ទម្លាយ​ជា​សាធារណៈ លោក ត្រាំ ចង់​ឱ្យ​មាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​ភ្លាមៗ​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ក្រោយពី​ភាគី​ច្បាំង​គ្នា​យល់ព្រម​ចុះ​ហត្ថលេខា​ឱ្យ​មាន​កិច្ចព្រមព្រៀង​លើ​លក្ខខណ្ឌ​ដូចនេះ។

ក្នុង​ឯកសារ​បែកធ្លាយ​នេះ លោក Bryan Lanza ជា​ទីប្រឹក្សា​ម្នាក់​ឲ្យ​លោក ត្រាំ ដែល​បាន​ផ្តល់​សម្ភាស​ជាមួយ​ទូរទស្សន៍ BBC បាន​បញ្ជាក់​ថា កិច្ចការ​ជា​អាទិភាព គឺ​រំលត់​ភ្លើង​សង្គ្រាម និង​បញ្ឈប់​ការ​កាប់​សម្លាប់​បង្ហូរ​ឈាម​តទៅទៀត។

ដំណាល​ពេល​គ្នា​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី Face the Nation នៃ​ទូរទស្សន៍ CBS ថ្លែង​ថា ប្រធានាធិបតី ចូ បៃដិន ក៏​មាន​ផែនការ​បញ្ចុះបញ្ចូល​ឱ្យ​លោក ត្រាំ កុំ​បោះបង់​ចោល​ទីក្រុង​គៀវ ហើយ​ថា​គោលដៅ​ចម្បង​របស់​រដ្ឋការ​លោក បៃដិន គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នៅ​សេសសល់ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​អ៊ុយក្រែន ស្ថិត​នៅ​ទីតាំង​មួយ​ដ៏​រឹងមាំ​នៅ​លើ​សមរភូមិ ដើម្បី​អាច​មាន​ជំហរ​រឹងមាំ​នៅ​ឯ​តុ​ចរចា​ជាមួយ​រុស្ស៊ី។

លោក Sullivan បញ្ជាក់​ថា សេតវិមាន​នឹង​ប្រើប្រាស់​ហិរញ្ញវត្ថុ​នៅ​សេសសល់​ជាង ៦​ពាន់​លាន​ដុល្លារ ដើម្បី​ផ្ដល់​ជំនួយ​ឱ្យ​អ៊ុយក្រែន នៅ​មុន​ពេល​លោក ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ខែ​មករា ឆ្នាំ​ក្រោយ​នេះ។

លោក ចូ បៃដិន បាន​ដឹកនាំ​ប្រទេស​លោកខាងលិច​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។ លោក បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ដូចជា ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស និង​អធិការបតី​អាល្លឺម៉ង់ មួយ​សប្ដាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្ងៃទី​៥ វិច្ឆិកា ប៉ុន្តែ​ទីបំផុត ជ័យជម្នះ​បាន​ទៅ​លើ​លោក ដូណាល់ ត្រាំ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version