The Cambodia Daily Khmer

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា

លោក សុខ ស៊ុនសារ៉េត (ឆ្វេង) ដែល​ជា​ឪពុក​របស់​លោក ស៊ន តារា

លោក សុខ ស៊ុនសារ៉េត (ឆ្វេង) ដែល​ជា​ឪពុក​របស់​លោក ស៊ន តារា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់​ខ្លួន​លោក សុខ ស៊ុនសារ៉េត គឺ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​ឱ្យ​លោក ស៊ន តារា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ឱ្យ​លោក ហៃ វណ្ណា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​នោះ ពេល​នេះ​លោក ហ៊ុន សែន បាន​បន្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា ក្នុង​ចេតនា​ដូច​គ្នា​នេះ​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា របប​លោក ហ៊ុន សែន សាហាវ​ជាង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទៅ​ទៀត ព្រោះ​ខ្មែរក្រហម​មិន​ដែល​ចាប់​អ្នកស្រី ប៊ុន រ៉ានី និង​កូន​របស់​គាត់​ធ្វើ​ជា​ចំណាប់ខ្មាំង​ឡើយ បើ​ទោះបីជា​លោក ហ៊ុន សែន បាន​រត់​ទៅ​ប្រទេស​វៀតណាម ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់ ប៉ុល ពត ក៏ដោយ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក ហ៊ុន សែន ជា​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ដែល​ជាប់​កម្អែល​សារជាតិ​ខ្មែរក្រហម​ក្នុង​ឈាម​នៅឡើយ ដូច្នេះ​គាត់​ប្រឌិត​រឿង​បញ្ជា​ឱ្យ​មនុស្ស​ក្រោម​បង្គាប់​យក​គ្រឿងញៀន​ទៅ​ដាក់​ក្នុង​ឡាន​របស់​ឪពុក​លោក ស៊ន តារា ដើម្បី​ជា​លេស​ចាប់​ខ្លួន​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​នយោបាយ​តាម​របៀប​មិន​ថ្លៃថ្នូរ ដែល​ជា​ទង្វើ​ស្មោកគ្រោក​កំសាកញី គ្មាន​វិជ្ជាជីវៈ​ជា​អ្នក​នយោបាយ ព្រោះ​គាត់​ខឹង​នឹង​គោ​ទៅ​វាយ​រទេះ​ដើម្បី​បំបិទ​សេរីភាព​អ្នកដទៃ ហើយ​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​នឹង​ខ្លួន។

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​យប់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត ឪពុក​របស់​លោក ស៊ន តារា គឺ​ពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុស​ច្បាប់។

ប្រភព​ដដែល​អះអាង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ស៊ុនណារ៉េត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ រក្សា​ទុក​សារធាតុ​ញៀន​ខុស​ច្បាប់ ក្នុង​នោះ​រួម​មាន គ្រឿងញៀន​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ចំនួន ២​កញ្ចប់ ជា​ប្រភេទ​មេតំហ្វេតាមីន ទម្ងន់ ១៥,៥២​ក្រាម និង​សារធាតុ​មិន​ច្បាស់​ចំនួន ០១​កញ្ចប់ ទម្ងន់ ១៣,៧៨​ក្រាម​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កងទ័ព​ជើងគោក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​យប់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ថា ចំពោះ​ករណី​នេះ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​កិច្ចការ​កងទ័ព ឬ​កិច្ចការ​នយោបាយ​ឡើយ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​ជនជាប់ចោទ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ស៊ន តារា បាន​ស្នើ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដោះលែង​ឪពុក​របស់​លោក។

លោក ស៊ន តារា លើកឡើង​ថា អ្នក​ដែល​លោក ហ៊ុន សែន ចង់​កម្ចាត់​ពិតប្រាកដ​មិន​មែន​ជា​ឪពុក​របស់​លោក​ទេ គឺ​រូបលោក​ផ្ទាល់​តែម្តង ដូច្នេះ​ឪពុក​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន ត្រូវតែ​ក្លាហាន​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត ប្រឈមមុខ​នឹង​អ្នក​រិះគន់ មិនមែន​ទៅ​ចាប់​សមាជិក​គ្រួសារ​របស់​គេ ព្រោះតែ​គេ​រិះគន់​របប​ដែល​ខ្លួន​ដឹកនាំ​នោះ​ទេ។

លោក​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​ការ​គាបសង្កត់​ឆ្លងដែន ដែល​របប​ផ្ដាច់ការ​តែងតែ​ធ្វើ​ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង។

លោក ស៊ន តារា ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​មួយ​រូប​ដែល​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​មិន​សំចៃ​មាត់ ក្នុង​នោះ របប​ក្រុង​ភ្នំពេញ​ក៏​ធ្លាប់​គំរាម​ក្រុម​គ្រួសារ​របស់​លោក​ម្តង​រួច​មក​ហើយ​ដែរ ក្នុង​បំណង​ឱ្យ​លោក​បញ្ឈប់​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​ត្រកូល​ហ៊ុន​បន្ត​ទៀត។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ធ្លាប់​គំរាម​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​រស់នៅ​ក្រៅ​ស្រុក មិន​ត្រូវ​ភ្លេច​ថា​ខ្លួន​មាន​សាច់ញាតិ​នៅ​ក្នុង​ស្រុក​ឡើយ

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version