The Cambodia Daily Khmer

លោក អ៊ុំ សំអាន អះអាង​ថា​បើ​បាត់បង់​កោះគុត កម្ពុជា​នឹង​បាត់បង់​ទឹកដី​ទៅ​​ថៃ​ធំ​ជាង​កោះត្រល់​ទៀត

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើក​បង្ហាញ​ពី​ផែនទី​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​កម្ពុជា​បាត់បង់​កោះ​គុត គឺ​មាន​ន័យ​ថា កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ធំ​ជាង​កម្ពុជា​បាត់បង់​កោះត្រល់​ទៅ​ប្រទេស​វៀតណាម ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា កោះត្រល់​ដែល​វៀតណាម បាន​ឈ្លានពាន​គឺ​មាន​ទំហំ ៥៧៤​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បើ​បាត់​កោះ​គុត នោះ​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ២​ភាគ​៣ នៃ​កោះ​គុត​ផង រួម​ទាំង​បាត់បង់​ទឹកដី ១៣០០០​គីឡូម៉ែត្រ​ការ៉េ​ទៅ​ប្រទេស​ថៃ ផង​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា បន្ទាប់ពី​បាត់បង់​ទឹកដី កម្ពុជា​ក៏​បាត់បង់​នូវ​សម្បត្តិ​ធម្មជាតិ​ទាំង​លើ​គោក និង​ក្រោម​ទឹក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀត។

លោក​បន្ត​ថា កោះ​គុត​មិន​អាច​បាត់បង់​ដាច់ខាត ព្រោះ​ថា​កោះ​នេះ​ត្រូវ​បាន​កំណត់​ជា​ចំណុច​គោល​នៃ​ខ្សែបន្ទាត់​ព្រំដែន​មូលដ្ឋាន​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ រវាង​កម្ពុជា និង​ថៃ យ៉ាង​ជាក់លាក់។

លោក​បន្ត​ទៀត​ថា បើ​ខ្មែរ​បាត់បង់​ចំណុច​គោល​នៃ​ខ្សែបន្ទាត់​ព្រំដែន​មូលដ្ឋាន​មួយ​នេះ នោះ​ទឹកដី​ខ្មែរ​ដែល​ចំណុះ​ឱ្យ​ខ្សែបន្ទាត់​នេះ ជាពិសេស​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា​ជាមួយ​ថៃ ពាក់កណ្តាល ក៏​នឹង​បាត់បង់​ទៅ​ជាមួយ​កោះ​នេះ​ដែរ ដូច្នេះ​នៅ​ពេល​ដែល​កម្ពុជា​ឯកភាព​រកស៊ី​រួម​គ្នា​ជាមួយ​ថៃ លើ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា គឺ​មាន​ន័យ​ស្មើ​នឹង​ប្រកាស​ទទួលស្គាល់​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ ដូច្នោះ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​លោក ហ៊ុន ម៉ាណែត មិន​កំណត់​ព្រំដែន​សមុទ្រ​ខ្មែរ​ជាមួយ​ថៃ មុន​នឹង​ធ្វើការ​រកស៊ី​នៅ​តំបន់​ត្រួត​ស៊ី​គ្នា ដោយសារតែ​រដ្ឋាភិបាល​របស់​គាត់​ត្រូវការ​លុយ​ពី​ការ​រកស៊ី​នេះ​ដើម្បី​ចិញ្ចឹម​រដ្ឋាភិបាល​មួយ​នេះ​បន្ត​ទៀត ទោះ​គាត់​ដឹង​ថា​ត្រូវ​បាត់បង់​ទឹកដី​ទៅ​ខាង​ប្រទេស​ថៃ ក៏ដោយ។

លោក អ៊ុំ សំអាន គូសបញ្ជាក់​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ដឹង​យ៉ាង​ច្បាស់​ថា បើ​គាត់​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ដើម្បី​ទាមទារ​ដែនសមុទ្រ​ទាំងនោះ​មក​វិញ ប្រាកដជា​ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​នឹង​ឈ្នះ​ក្តី​លើ​វិវាទ​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ក្នុង​កម្មវិធី Idea Talk ដែរ​ថា កម្ពុជា​គួរតែ​ជំរុញ​ឱ្យ​ភាគី​ថៃ លុប​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ លើ​កិច្ចសហការ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ព្រោះ​នៅ​ពេល​ដែល​កម្ពុជា​សម្រេច​សហការ​រកស៊ី​ជាមួយ​ថៃ មុន​ការ​កំណត់​ដែនសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ អ្នក​ដែល​ខាតបង់​ធ្ងន់ធ្ងរ​គឺ​មាន​តែ​កម្ពុជា​ប៉ុណ្ណោះ។

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​លើកឡើង​ថា បើ​និយាយ​ពី​ការ​ចរចា​កំណត់​ព្រំដែន​សមុទ្រ កម្ពុជា​នឹង​មិន​អាច​មាន​ទម្ងន់​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ថៃ បាន​ទេ ព្រោះ​ស្ថាប័ន​ជំនាញ​ព្រំដែន​សមុទ្រ​របស់​ថៃ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដែល​ត្រូវ​មាន​សមត្ថកិច្ច​ក្នុង​រឿង​នេះ គឺ​សុទ្ធសឹងតែ​ជា​ស្ថាប័ន​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​របស់​ថៃ ណា​មួយ​ឡើយ។

លោក សេង វណ្ណលី បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​ត្រូវ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ណា​មួយ​ដែល​ខ្លួន​យល់​ថា​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ក្រុង​ឡាអេ ជាដើម នោះ​ទើប​កម្ពុជា​អាច​ធានា​ក្នុង​ការ​ទទួល​បាន​នូវ​យុត្តិធម៌​ក្នុង​ការ​កំណត់​ដែនសមុទ្រ​ជាមួយ​នឹង​ប្រទេស​ថៃ។

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​គូសបញ្ជាក់​ថា ការ​សម្ងំ​ស្ងៀម​របស់​រដ្ឋាភិបាល​មិន​ពន្យល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​យល់​ពី​កិច្ចការ​នេះ អាច​នឹង​នាំ​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​រហូត​ធ្វើ​ឱ្យ​មាន​ភាព​ល្អក់កករ​ផ្នែក​នយោបាយ​ការទូត​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។

យោង​តាម​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​កំណត់​ថា កម្ពុជា​ត្រូវ​ទទួល​បាន​ទឹកដី ២/៣ នៃ​កោះ​គុត ចំណែក​ប្រទេស​ថៃ ទទួល​បាន​តែ ១/៣ ប៉ុណ្ណោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version