អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា ពលរដ្ឋខ្មែរមានមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះប្រទេសកម្ពុជាពីរបបផ្ដាច់ការដែលពោរពេញដោយការចាប់ចង មកជាប្រទេសមានសុខសន្តិភាពពិតប្រាកដ គឺត្រូវតែនាំគ្នាបញ្ចប់របបដឹកនាំគ្រួសារត្រកូលហ៊ុន។
អតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅស្រុក លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ វិច្ឆិកា នេះថា រយៈពេល ៤៥ឆ្នាំនៃការរងទុក្ខវេទនារបស់ពលរដ្ឋខ្មែរ គឺវាល្មមគ្រប់គ្រាន់ហើយ ពីព្រោះខ្មែរឈឺចាប់ និងមានជម្លោះផ្ទៃក្នុងជាតិរហូតបាត់បង់ទឹកដីជាបន្តបន្ទាប់។
លោកថា វាល្មមដល់ពេលដែលខ្មែរត្រូវតែក្រោកឈរប្រឆាំងនឹងរបបផ្ដាច់ការហើយ ព្រោះពលរដ្ឋបង់ក្លាដេស ធ្វើបានហើយចំពោះរដ្ឋាភិបាលរបស់ពួកគេ ដូច្នេះពលរដ្ឋប្រទេសកម្ពុជាក៏អាចធ្វើបានដូចគ្នាដែរ។
លោក សម រង្ស៊ី លើកឡើងថា រយៈពេល ៤៥ឆ្នាំក្រោយការដួលរលំរបប ប៉ុល ពត កេរដំណែលដែលខ្មែរគ្រប់រូបបានមកពីការដឹកនាំតត្រកូលនៃគ្រួសារហ៊ុន គឺការបាត់បង់ទឹកដី និងអធិបតេយ្យបាត់បង់ឯករាជ្យជាតិ និងធនធានធម្មជាតិដ៏មហាសាលជាច្រើនរាប់មិនអស់។ លើសពីនេះទៀត ក៏បានធ្វើឱ្យបាត់បង់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាត់បង់លទ្ធិប្រជាធិបតេយ្យ បាត់បង់សេរីភាព បាត់បង់យុត្តិធម៌ និងធ្វើឱ្យបាត់បង់សម្ព័ន្ធមិត្តជាមួយប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីថែមទៀត។
មេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា អ្វីដែលជំនួសមកវិញ គឺភ្នំបំណុលដែលចេះតែកើនច្រើនឡើងៗសម្រាប់ពលរដ្ឋខ្មែរគ្រប់គ្នា ខណៈអំពើពុករលួយក៏រីករាលដាល ដែលបង្កើតឱ្យមានក្រុមម៉ាហ្វីយ៉ាដែលត្រូវបានការពារដោយគ្រួសារហ៊ុនសព្វថ្ងៃនេះ។
លោក សម រង្ស៊ី បញ្ជាក់ថា សរុបមក ប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ត្រកូលហ៊ុន គឺកំពុងស្ថិតនៅលើផ្លូវដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ព្រោះនៅពេលនេះ ប្រទេសកម្ពុជាកំពុងក្លាយជាប្រទេសឯកោមួយស្រដៀងគ្នាទៅនឹងប្រទេសកូរ៉េខាងជើង ដែរ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ថា មានសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសន្តិភាពដែលកម្ពុជាមាននៅពេលនេះ គឺជាសន្តិភាពវែងជាងគេ គឺជិត ២៧ឆ្នាំហើយនៃប្រវត្តិសាស្ត្រខ្មែរ ដែលយ៉ាងហោចណាស់ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។
សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ស្ថិតនៅក្រោមឆត្រក្រុមប្រឹក្សាពិភពលោកដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ផ្តើមគំនិតដោយរាជាណាចក្រអារ៉ាប់អ៊ីមីរ៉ាត ឬអារ៉ាប់រួម នៅឆ្នាំ២០១៧ ហើយមកទល់ពេលនេះមានប្រទេសចំនួន ១០០ជាសមាជិក។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រយៈពេលជាង ៤០ឆ្នាំក្រោមការដឹកនាំរបស់ត្រកូលហ៊ុន កម្ពុជាប្រៀបបីដូចជាប្រទេសកុម្មុយនីស្តដូច្នោះដែរ បើទោះបីជាមានរដ្ឋធម្មនុញ្ញ ឬកិច្ចព្រមព្រៀងអន្តរជាតិនានាសម្រាប់ធានាសិទ្ធិពលរដ្ឋ ធានាអធិបតេយ្យជាតិ និងធានាឱ្យមានលទ្ធិប្រជាធិបតេយ្យក៏ដោយ។
ប្រសាសន៍របស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំអន្តរជាតិនោះ លោកមិនបានបង្ហាញថា ក្នុងរយៈពេល ៥០០ឆ្នាំដែលថាខ្មែរគ្មានសន្តិភាពនោះ មិនមែនសុទ្ធតែខ្មែរឈ្លោះតែគ្នាឯង ៥០០ឆ្នាំនោះទេ។ លោកមិនបានបញ្ជាក់ថា តើបរទេសជិតខាងឈ្លានពានស្រុកខ្មែរប៉ុន្មានដងនោះទេ។ មួយវិញទៀត ប្រសាសន៍ដែលថាមានសន្តិភាព ទើបមានអ្វីៗទាំងអស់នោះ គឺផលប្រយោជន៍បានតែទៅលើសមាជិកគ្រួសារ បក្សពួក ក្លើម្រាក់ គូកន ត្រកូលលោក ហ៊ុន សែន ស្ទើរតែទាំងអស់ មិនមែនពលរដ្ឋខ្មែរគ្រប់រូបឡើយ។ លោកគិតថាគេមិនដឹង។
ទាក់ទងទៅនឹងសេចក្តីថ្លែងពីមេដឹកនាំបក្សជំទាស់នៅក្រៅស្រុក លោក សម រង្ស៊ី ដែលដៅត្រកូលហ៊ុន ថាជាមូលហេតុនៃការបាត់បង់អធិបតេយ្យជាតិ ឯករាជ្យជាតិ បូរណភាពទឹកដីខ្មែរ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ធនធានធម្មជាតិខ្មែរសព្វយ៉ាង ហើយត្រូវតែបញ្ចប់ត្រកូលនេះដើម្បីសង្គ្រោះប្រទេសកម្ពុជានោះ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែលមានលោក ឌួង វចនៈ ជាប្រធាននៃគណៈនាយក បានឲ្យដឹងនៅថ្ងៃទី២៦ វិច្ឆិកា នេះថា បញ្ហាខ្មែរមិនមែនត្រឹមតែមកពីត្រកូលហ៊ុនមួយប៉ុណ្ណោះទេ។
តាមខ្លឹមសារប្រតិកម្មចេញពីទីស្នាក់ការនៅទ្វីបអឺរ៉ុបថ្ងៃនេះ លោក ឌួង វចនៈ ថា៖ ក្រុមប្រឹក្សាបានសរសេរសេចក្តីថ្លែងការណ៍ និងនិយាយជាយូរមកហើយថា ប្រទេសខ្មែរសព្វថ្ងៃនេះគឺជាអាណាខេត្តមួយនៃប្រទេសវៀតណាម ដែលគេគ្រប់គ្រងយើងតាំងពីថ្ងៃ ៧ មករា ១៩៧៩ មកម្ល៉េះ។ ដូចនេះ ដើម្បីរំដោះស្រុក រួចឈានទៅសង្គ្រោះជាតិខ្មែរឱ្យរួចផុតពីក្តីមហន្តរាយ ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋខ្មែរត្រូវនាំគ្នាគណនា និងបង្ហាញឱ្យឃើញថា របបក្រុងភ្នំពេញជារបបខុសច្បាប់ ជារបបផ្ដាច់ការ ហើយក៏ជារបបអាយ៉ងវៀតណាម ផងដែរ។
កាលណាមតិជាតិ និងអន្តរជាតិយល់ឃើញថា ប្រទេសយើងត្រូវបរទេសឈ្លានពានគ្រប់គ្រងខុសច្បាប់ នោះយើងជាខ្មែរម្ចាស់ទឹកដី មានសិទ្ធិតស៊ូតាមមធ្យោបាយគ្រប់យ៉ាងក្នុងការទាមទារឯករាជ្យ និងអធិបតេយ្យមកវិញ។ បើបញ្ចប់តែត្រកូលហ៊ុន វៀតណាមនឹងដាក់ត្រកូលផ្សេងមួយទៀតមកជំនួសបន្តទៅទៀតមិនខានឡើយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
