The Cambodia Daily Khmer

អ្នក​សង្កេតការណ៍៖ ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ

រថយន្ត​ពន្ធនាគារ​ព្រៃស​ដឹក​ជន​ជាប់ចោទ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២។ (រូបថត​ពី​ហ្វេសប៊ុក)

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​ខ្មែរ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ឡើយ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា ការ​ថ្កោលទោស​របស់​សមាជិក​សភា​អាស៊ាន ជុំវិញ​ករណី​ចាប់​សកម្មជន​ភៀស​ខ្លួន​នយោបាយ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នៅ​ពេលនេះ គឺជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​ត្រូវ​អនុវត្ត​វិធានការ​ដោយ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​បែប​នេះ​បន្ត​ទៀត​ទេ។

លោក សេក សុជាតិ លើកឡើង​ថា ជុំវិញ​ការ​រឹតត្បិត​សេរីភាព និង​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ពេលនេះ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​ផ្ដោត​ក្រសែភ្នែក​ឃ្លាំមើល​ជុំ​ទិស ទាំង​អាស៊ាន និង​សហភាព​អឺរ៉ុប។ លោក​បន្ត​ថា កម្ពុជា​អាច​នឹង​ត្រូវ​រង​នូវ​រឹតត្បិត​បន្ថែម​ទៀត ឬ​មួយ​អាច​ត្រូវ​រង​នូវ​ទណ្ឌកម្ម​ណា​មួយ ជាដើម។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​រក​វិធី​លើក​កម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ បន្ទាប់ពី​កិច្ចសហការ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ចាប់​បញ្ជូន​សកម្មជន​ភៀស​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សមាជិក​សភា​អាស៊ាន (APHR) បាន​ចេញ​មុខ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ជុំវិញ​ការ​ចាប់​បញ្ជូន​សកម្មជន​ខ្មែរ​ពី​ប្រទេស​ថៃ ដោយ​បង្ខំ កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ។

សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សភា​អាស៊ាន (APHR) និង​ជា​សមាជិក​សភា​មកពី​ប្រទេស​ម៉ាឡេស៊ី​លោក Wong Chen បាន​លើកឡើង​ថា “ការ​និរទេស​សកម្មជន​ការពារ​សិទ្ធិមនុស្ស​របស់​កម្ពុជា និង​ថៃ នា​ពេលនេះ បាន​បញ្ជាក់​ពី​ការ​ចូលរួម​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​របស់​ថៃ ជាមួយ​នឹង​របប​ផ្ដាច់ការ​កម្ពុជា ដែល​គាបសង្កត់ និង​បង្ក្រាប​អ្នក​មាន​គំនិត​ផ្ទុយ​លើស​ពី​ព្រំដែន​របស់​ខ្លួន។”

ចំណែក​ប្រធាន​សភា​អាស៊ាន អ្នកស្រី Mercy Chriesty Barends និង​ជា​សមាជិក​សភា​មកពី​ប្រទេស​ឥណ្ឌូនេស៊ី បាន​អះអាង​ថា “សភា​អាស៊ាន​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​រាល់​ការ​និរទេស​ជន​ភៀស​ខ្លួន​នយោបាយ​ទាំងអស់ និង​បំពេញ​កាតព្វកិច្ច​របស់​ថៃ ស្រប​តាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ឱ្យ​បាន​ហ្មត់ចត់​ឡើងវិញ។”

រីឯ​សមាជិក​ក្រុមប្រឹក្សាភិបាល​សភា​អាស៊ាន លោក Kasit Piromya និង​ជា​អតីត​សមាជិក​សភា​ថៃ បាន​លើកឡើង​ថា “ការ​ដាក់​សម្ពាធ​ដោយ​ការ​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ​នៅ​ក្នុង​ពន្ធនាគារ​ដាច់ៗ​ដោយឡែក​ពី​គ្នា គឺជា​ទង្វើ​ដែល​មិនមែន​គ្រាន់តែ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ស្មារតី​ក្រុម​គ្រួសារ​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បរាជ័យ​នៃ​ការ​ប្ដេជ្ញាចិត្ត​របស់​អាស៊ាន​ចំពោះ​សិទ្ធិមនុស្ស​ផង​ដែរ។”

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៦​នាក់​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ខ្មែរ និង​ត្រូវ​បាន​កាត់ទោស​ពី​បទ​ក្បត់​ជាតិ ដែល​ប្រឈម​នឹង​ការ​ជាប់​គុក​ចាប់ពី ៧​ឆ្នាំ​ដល់ ៣០​ឆ្នាំ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version