The Cambodia Daily Khmer

ក្រោម​អំណាច​របស់​សភា ប្រធានាធិបតី​កូរ៉េខាងត្បូង​បង្ខំ​ចិត្ត​លុប​ចោល​ការ​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាសឹក

ប្រធានាធិបតី លោក Yoon Suk Yeol

នៅ​រដ្ឋធានី​សេអ៊ូល និង​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​អង្គារ ភាព​ចលាចល​បាន​កើត​មាន​ស្ទើរ​ពេញ​មួយ​យប់ ព្រោះតែ​ប្រធានាធិបតី លោក Yoon Suk Yeol ប្រកាស​ទាំង​យប់​ឱ្យ​រដ្ឋអំណាច​ប្រើ​ច្បាប់​អាជ្ញាសឹក​ដាក់​ប្រទេស​ទាំងមូល​ក្នុង​គ្រា​មាន​អាសន្ន។

ភ្លាមៗ ប៉ូលិស និង​ទាហាន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​វិថី​សំខាន់ៗ​ក្នុង​រដ្ឋធានី​សេអ៊ូល នៅ​ខាងមុខ និង​ក្នុង​បរិវេណ​មន្ទីរ​រដ្ឋសភា។

ភាព​អាសន្ន​ទាំង​កណ្ដាល​យប់ សមាជិក​សភា​មកពី​ខាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច បាន​បុក​ទម្លុះ​កង​សន្តិសុខ​ចូល​ទៅ​ក្នុង​រដ្ឋសភា ខណៈ​នៅ​លើ​ដំបូល​អគារ​របស់​រដ្ឋសភា ឧទ្ធម្ភាគចក្រ​យោធា​យ៉ាងតិច ២​គ្រឿង​បាន​ចុះចត។ កង​សន្តិសុខ​នៅ​ពេល​នោះ មិន​អាច​រារាំង​ការ​សម្រុក​ចូល​របស់​សមាជិក​សភា ដើម្បី​បើក​ការ​ប្រជុំ​សភា​ទាំង​យប់​ក្នុង​សភាពការណ៍​ដ៏​អាសន្ន​ជាមួយ​នឹង​វត្តមាន​សមាជិក​សភា​ចំនួន ១៩០​រូប ក្នុង​ចំណោម​សមាជិក​សភា​ទាំងអស់​ចំនួន ៣០០​រូប។

សមាជិក​សភា​មកពី​បក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី Yoon Suk Yeol ក៏​បាន​ចូលរួម​ប្រជុំ​ផង​ដែរ។

ទីបំផុត សមាជិក​សភា​ទាំងនោះ​បាន​បោះឆ្នោត​ប្រឆាំង​ការ​សម្រេច​របស់​លោក​ប្រធានាធិបតី ដែល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ក្រោម​ច្បាប់​អាជ្ញាសឹក ដោយ​ចាត់ទុក​ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

នៅ​ក្រោយ​ការ​បោះឆ្នោត​ទាត់​ចោល​វិធានការ​របស់​លោក Yoon Suk Yeol ប្រធាន​រដ្ឋសភា លោក Woo Won Shik បាន​ប្រកាស​ថា ច្បាប់​អាជ្ញាសឹក​របស់​លោក​ប្រធានាធិបតី​លែង​មាន​សុពលភាព ដោយ​សច្ចា​ថា​សមាជិក​សភា​ត្រូវតែ​ការពារ​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ឆន្ទៈ​របស់​ប្រជាជន។

ភ្លាមៗ​ក្រោយ​សភា​បោះឆ្នោត​លុប​ចោល​ច្បាប់​អាជ្ញាសឹក កង​សន្តិសុខ​ទាំង​ប៉ូលិស និង​ទាហាន​ដែល​បំពាក់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ដក​ថយ​ចេញពី​បរិវេណ​រដ្ឋសភា និង​តាម​វិថី​នានា​នៅ​រដ្ឋធានី​សេអ៊ូល។

រដ្ឋសភា​អាណត្តិ​របស់​លោក​ប្រធានាធិបតី Yoon Suk Yeol ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​បក្ស​ប្រឆាំង។

ក្នុង​ស្ថានភាព​មិន​អាច​ទប់ទល់​នឹង​អំណាច​របស់​រដ្ឋសភា​ផង និង​អំណាច​របស់​ប្រជាជន​ផង​ដែល​ចេញ​ប្រមូល​ផ្ដុំ​គ្នា​ទាំង​យប់​ប្រឆាំង​នឹង​វិធានការ​ប្រកាស​អាសន្ន​របស់​លោក​ប្រធានាធិបតី​ផង​នោះ គេ​ឃើញ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក គឺ​នៅ​ទៀប​ភ្លឺ​ចូល​ដល់​ថ្ងៃទី​៤ ខែ​ធ្នូ លោក Yoon Suk Yeol បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ម្ដង​ទៀត ដោយ​ប្រកាស​លុប​ចោល​ស្ថានភាព​គ្រា​មាន​អាសន្ន​ដែល​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន។

ភាព​ចលាចល​បាន​ស្ងប់​បន្តិច ខណៈ​ប្រជាជន​ប្រមូលផ្ដុំ​គ្នា​សាទរ​ស្ថានភាព​ប្រទេស​វិល​មក​រក​ភាព​ប្រក្រតី​វិញ តែ​ការ​ទាមទារ​ឱ្យ​លោក Yoon Suk Yeol ចុះ​ចេញពី​តំណែង​បាន​កំពុងតែ​ពុះ​កញ្ជ្រោល។

ប្រជាជន ទាំង​អ្នក​នយោបាយ និង​សមាជិក​សភា​ទាមទារ​ដាច់ខាត​បង្ខំ​លោក Yoon Suk Yeol ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី។ ជាមួយ​គ្នា​នេះ សភា​ចេញ​ញត្តិ​ត្រៀម​បើក​សវនាការ​ចោទប្រកាន់​លោក Yoon Suk Yeol ពី​បទ​បំពាន​អំណាច​រដ្ឋ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កូរ៉េខាងត្បូង សមាជិក​សភា​មាន​សិទ្ធិ​ចោទ​ប្រធានាធិបតី​ក្នុង​ករណី Impeachment ជា​បទ​ចោទ​បំពាន​អំណាច​រដ្ឋ និង​រំលោភ​រដ្ឋធម្មនុញ្ញ តែ​ការ​ដក​ហូត​អំណាច​ប្រធានាធិបតី គឺជា​បុព្វសិទ្ធិ​របស់​ចៅក្រម​នៃ​តុលាការ​ធម្មនុញ្ញ។

តែ​បើ​សមាជិក​សភា​ចោទ​ជា​ផ្លូវការ​ហើយ​នោះ គឺ​ញត្តិ​របស់​សមាជិក​សភា​នឹង​បញ្ជូន​សុំ​ប្ដឹង​ដក​តំណែង​ប្រធានាធិបតី​ទៅ​តុលាការ​ធម្មនុញ្ញ។

ចំពោះ​ប្រធានាធិបតី​ណា​សម្រេច​លាលែង​ពី​តំណែង​មុន​សភា​បើក​សវនាការ គឺជា​ការ​បិទ​បញ្ចប់​សំណុំរឿង។ នីតិវិធី​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​ត្រូវ​បាន​ប្រកាស​ដោយ​តុលាការ​ធម្មនុញ្ញ។

ចំពោះ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាសឹក​របស់​លោក​ប្រធានាធិបតី Yoon Suk Yeol ដ៏​ភ្ញាក់ផ្អើល គឺជា​លើកដំបូង​បន្ទាប់ពី ៤០​ឆ្នាំ​មុន ដែល​មេដឹកនាំ​យោធា​ផ្ដាច់ការ ប៉ាក់ ជុងហ៊ី ត្រូវ​បាន​ស្លាប់​ដោយ​ឃាតកម្ម ក៏​បាន​ដាក់​ប្រទេស​ក្នុង​ច្បាប់​អាជ្ញាសឹក​ដូចនេះ​ដែរ។ តែ​វិធានការ​អាសន្ន​របស់​លោក Yoon Suk Yeol មាន​អាយុ​ប្រមាណ​ជាង ៣​ម៉ោង​បន្តិច​ប៉ុណ្ណោះ​ត្រូវ​រលាយ​វិញ​នៅ​ក្រោម​អំណាច​របស់​រដ្ឋសភា។

លោក Han Dong-hoon ប្រធាន​គណបក្ស​អំណាច​ប្រជាជន ដែល​ជា​គណបក្ស​របស់​លោក Yoon Suk Yeol បាន​និយាយ​ថា វិធានការ​របស់​លោក​ប្រធានាធិបតី​ជា​រឿង​ខុស​នឹង​ច្បាប់​របស់​ប្រទេស។

ប្រធាន​បក្ស​ប្រឆាំង លោក Lee Jae-myung បាន​ប្រកាស​ឲ្យ​ប្រជាជន​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​យោធា។

ហេតុ​អ្វី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​យ៉ាង​តក់ក្រហល់​នេះ?

នៅ​ម៉ោង​ប្រមាណ ១១​យប់ ប្រធានាធិបតី Yoon Suk Yeol បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ទូទាំង​ប្រទេស ដែល​នាំ​ឱ្យ​ផ្ទុះ​ភាព​ស្រឡាំងកាំង រហូត​កងទ័ព និង​មេទ័ព​មួយ​ចំនួន​ក៏​មាន​ការ​ភ្ញាក់ផ្អើល ព្រោះ​មើល​ទៅ​ដូចជា​កូរ៉េខាងត្បូង កំពុង​រង​ការ​វាយប្រហារ​ពី​កូរ៉េខាងជើង ដែល​ក្រុង​ព្យុងយ៉ាង គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ឬ​កំពុង​ជួប​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ។ តែ​ក្នុង​ពេល​ភ្លាម​នោះ​ដែរ គេ​ថា​លោក Yoon Suk Yeol អាច​ប្រឈមមុខ​នឹង​រដ្ឋប្រហារ។

នៅ​ពេល​ចេញ​មុខ​ប្រកាស​លុប​ចោល​ច្បាប់​អាជ្ញាសឹក​វិញ លោក Yoon Suk Yeol បាន​និយាយ​ថា​ជា​វិធានការ​ដើម្បី​ការពារ​សាធារណរដ្ឋ​កូរ៉េ ពី​ការ​គំរាមកំហែង​របស់​កម្លាំង​កុម្មុយនីស្ត​កូរ៉េខាងជើង និង​លុប​បំបាត់​ចោល​ក្រុម​ប្រឆាំង​រដ្ឋ​ជា​ក្រុម​គាំទ្រ​កូរ៉េខាងជើង ដែល​បំផ្លាញ​សេរីភាព​សេចក្ដី​សុខ​របស់​ប្រជាជន ទើប​លោក​ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក​បន្ទាន់​នេះ។

នៅ​ក្នុង​ការ​ប្រកាស​ទាំង​កណ្ដាល​យប់​ដែល​បញ្ជា​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​អាជ្ញាសឹក លោក Yoon Suk Yeol ក៏​បាន​អះអាង​ប្រហាក់ប្រហែល​នេះ​ដែរ ប៉ុន្តែ​លោក​បែរ​ជា​និយាយ​ច្រើន​ពី​គណបក្ស​ប្រឆាំង​ដែល​លោក​ចាត់ទុក​ថា​ជា​កម្លាំង​ប្រឆាំង​រដ្ឋ និង​មាន​និន្នាការ​នឹង​កូរ៉េខាងជើង។ លោក​បាន​ទាមទារ​ឲ្យ​សភា​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង បញ្ឈប់​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​ចរិត​ភ័យខ្លាច​កូរ៉េខាងជើង។

តែ​អ្នក​សង្កេតការណ៍​ខ្លះ​មើល​ឃើញ​មួយ​ជ្រុង​ទៀត ដែល​លោក Yoon Suk Yeol ប្រកាស​ឱ្យ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​បន្ទាន់។ គេ​ថា​ជា​ករណី​ដែល​លោក Yoon Suk Yeol ចង់​ពង្រឹង​អំណាច​របស់​លោក​ប្រឆាំង​នឹង​សត្រូវ​នយោបាយ​នៃ​បក្ស​ប្រឆាំង​ដែល​កំពុង​រករឿង​លោក​យ៉ាង​ខ្លាំង ករណី​ចោទ​ភរិយា​របស់​លោក​ទទួល​ប្រាក់​សំណូក​ពាក់ព័ន្ធ​ការ​ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​មិត្តភ័ក្ដិ និង​ភ្ញៀវ​បទេស។

យ៉ាងណា លោក Yoon Suk Yeol កំពុង​ប្រឈមមុខ​នឹង​ការ​ដកហូត​អំណាច។ គណបក្ស​ប្រឆាំង​ចំនួន​៦ បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ការ​ដាក់​ញត្តិ​ឱ្យ​មាន​ដំណើរការ​នីតិវិធី​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ពី​លោក Yoon Suk Yeol។

ការ​បោះឆ្នោត​លើ​សេចក្ដី​ទុកចិត្ត និង​សវនាការ​ករណី​លោក Yoon Suk Yeol អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ក្នុង​សប្ដាហ៍​នេះ។

លោក Yoon Suk Yeol អាយុ ៦៣​ឆ្នាំ ជា​អតីត​អគ្គរដ្ឋអាជ្ញា​ដ៏​មាន​ឥទ្ធិពល។ លោក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ខែ​ឧសភា ឆ្នាំ​២០២២៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version