The Cambodia Daily Khmer

ប្រធាន​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចោទ​ក្រុម​ប្រឆាំង​សម្ងំ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ញុះញង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា

មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ចោទ​ថា​សព្វថ្ងៃ​នេះ​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច កំពុង​សម្ងំ​នៅ​ទី​ងងឹត​ដើម្បី​ផលិត​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ បំផ្លើស បំភ្លៃ គ្រប់​ទម្រង់​ក្នុង​បំណង​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​សង្គម​តាម​សេណារីយ៉ូ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើក​ឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ព័ត៌មាន​ពិត គឺជា​ពន្លឺ​អាច​ចូល​ទៅ​លុប​បំបាត់​ទី​ងងឹត​ដែល​ជា​ជម្រក​របស់​ក្រុម​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ប្រឆាំង​រដ្ឋាភិបាល​ឱ្យ​អស់​ពី​សង្គម​ខ្មែរ។

លោក ប៉ែន បូណា លើកឡើង​ថា តាមរយៈ​ព័ត៌មាន​ពិត​ដែល​បាន​បង្ហាញ​កន្លង​មក មិន​ត្រឹមតែ​ពលរដ្ឋ​ទូទៅ​ទេ​ដែល​យល់​ច្បាស់​ពី​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល សូម្បី​អ្នក​ដែល​ធ្លាប់​គាំទ្រ​ក្រុម​ប្រឆាំង​ជ្រុល​និយម ក៏​បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់​ដែរ​នៅ​ពេលនេះ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា សមិទ្ធផល​រាប់​មិន​អស់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​សុខ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ជាង ៥០០​ឆ្នាំ​ចុងក្រោយ​នេះ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​យ៉ាង​ច្បាស់លាស់​ដែល​គ្មាន​អ្នក​ណា​អាច​កាឡៃ​បាន​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​នា​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​កាច់​ចង្កូត​របស់​លោក ហ៊ុន សែន ជាង ៤​ទសវត្សរ៍​មក​នេះ បាន​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ឫសគល់។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ចាប់ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩៣ មក គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​វាយតម្លៃ​លើ​ការ​ដឹកនាំ​របស់​ខ្លួន​ម្តង​ណា​ឡើយ ថា​តើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​កន្លង​មក​នេះ បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ និង​បាន​ច្រើន​ប៉ុនណា​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ចំណាយ​ធនធាន​ជាតិ ដូចជា​ធនធាន​មនុស្ស ធនធាន​លុយកាក់ និង​ធនធាន​សម្ភារៈ ជាដើម អស់​ច្រើន​ប៉ុនណា​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

លោក​លើក​ជា​សំណួរ​ថា តើ​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​ការងារ​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា​ធ្វើ ៨​ម៉ោង​ក្នុង ១​ថ្ងៃៗ​បាន​ហើយ​ឬ​នៅ? ជាង​នេះ​ទៀត តើ​ការងារ​ដែល​រដ្ឋាភិបាល​បង្កើត​មក​សព្វថ្ងៃ​នេះ មាន​ប្រសិទ្ធភាព​ជួយ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ពលរដ្ឋ​បាន​ដល់​កម្រិត​ណា​ដែរ?

អ្នកវិភាគ​នយោបាយ​សង្គម​រូប​នេះ​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​បាន​ដល់​កម្រិត​ណា​ហើយ​នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា ដូចជា កម្មករ កសិករ និង​បញ្ហា​ទូទៅ ដូចជា​ការ​រំលោភ​ដីធ្លី ជាដើម។

បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់​ធ្ងន់​ថា បញ្ហា​ដែល​ធំ​ជាងគេ​សម្រាប់​ការ​វាយតម្លៃ​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ផង​ដែរ​ថា តើ​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ប្រទេស​ក្រោម​រដ្ឋធម្មនុញ្ញ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ បាន​ថែរក្សា​ភោគទ្រព្យ​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​បាន​ពេញលេញ​កម្រិត​ណា​ហើយ​សព្វថ្ងៃ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version