នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថាប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់ការប្រព្រឹត្តអំពើជួញដូរមនុស្សពីសំណាក់ឧក្រិដ្ឋជន ប៉ុន្តែរដ្ឋាភិបាលនៅតែប្រកាសជំហរប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជនទាំងនោះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីនៃ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ» លើកទី១៨ ថា កម្ពុជានៅតែបន្តការប្ដេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សដើម្បីអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មិនមែនជាកិច្ចការដាច់ដោយឡែករបស់កម្ពុជាទេ គឺទាមទារឱ្យមានកិច្ចសហការគ្នាជាមួយបណ្តាប្រទេសនានា ព្រោះថាមានក្រុម Youtuber និង Tiktoker ខ្លះចង់បានល្បីខ្លួនឯង ក៏មកកម្ពុជាបន្លំធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យគេយល់ថានៅកម្ពុជាមានការចាប់ជំរិត និងការជួញដូរមនុស្ស ដែលនាំឱ្យខូចដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅវិញ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានខិតខំរួមគ្នាប្រឹងប្រែងការពារសុវត្ថិភាព និងសេចក្តីសុខរបស់ពលរដ្ឋកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ទីកន្លែងតាមរយៈការស៊ើបអង្កេត និងផ្ដន្ទាទោសជនល្មើសគ្រប់មធ្យោបាយទាំងអស់។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ ធ្នូ នេះថា ការជួញដូរមនុស្សមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជាថែមទៀត។
លោកបញ្ជាក់ថា ពលរដ្ឋគ្រប់រូប រួមទាំងរដ្ឋាភិបាលត្រូវនាំគ្នាការពារកម្ពុជា ហើយការការពារកម្ពុជា គឺស្មើនឹងការពារកិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងមូលផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់លើកឡើងថា កម្ពុជាកំពុងញាំញីដោយអំពើជួញដូរមនុស្សធ្ងន់ធ្ងរ ដោយសារតែក្រុមឧក្រិដ្ឋជនបានដើរមុនការអនុវត្តវិធានច្បាប់ក្នុងការទប់ស្កាត់របស់រដ្ឋាភិបាលមុនមួយជំហានជានិច្ច។
របាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញផ្សាយកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ នេះថា កម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទបានជាង ១០០ករណី (១០៤ករណី) ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ។
រយៈពេល ៣ឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤ នេះ ក្រសួងការបរទេសអាមេរិកនៅតែបន្តដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) នៃការជួញដូរមនុស្សធ្ងន់ធ្ងរដដែល៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
