ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី សម្រេចលុបគោរមងារជាអ្នកឧកញ៉ាចំពោះអ្នកឧកញ៉ា ហេង សិទ្ធី តាមការស្នើសុំពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងត្រូវរងនូវបណ្តឹងទាមទារឱ្យបង់លុយ ១លានដុល្លារសហរដ្ឋអាមេរិកពីបុរសជនជាតិសិង្ហបុរី ក្រោយពីអ្នកឧកញ៉ារូបនេះបានលាតត្រដាងអំពីទង្វើខុសច្បាប់នៃបុរសសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែលជាឧក្រិដ្ឋជនរកស៊ីលាងលុយនៅក្នុងប្រទេសកម្ពុជា។
សម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ធ្នូ នេះ សម្រេចលុបគោរមងារអ្នកឧកញ៉ារបស់អ្នកឧកញ៉ា ហេង សិទ្ធី តាមសំណើទូលថ្វាយរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីមានបណ្តឹងរបស់បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែលឧកញ៉ា ហេង សិទ្ធី បានចោទថាជាឧក្រិដ្ឋជនលាងលុយ និងរកស៊ីខុសច្បាប់កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak បានដាក់ពាក្យបណ្ដឹងទៅកាន់អគ្គស្នងការរង និងជាស្នងការនគរបាលក្រុងភ្នំពេញ លោក ជួន ណារិន្ទ ប្តឹងអ្នកឧកញ៉ា ហេង សិទ្ធី ពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ពីខ្លួនចំនួន ២លានដុល្លារអាមេរិក។
ប្រភពដដែលអះអាងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានផ្ញើសារតាមបណ្ដាញទំនាក់ទំនងសង្គមទារប្រាក់ពីខ្លួនចំនួន ២លានដុល្លារអាមេរិក ដោយការគំរាមបង្ហោះរូបខ្លួនលើបណ្ដាញទំនាក់ទំនងសង្គម។
បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែររូបនេះអះអាងថា ខ្លួនមិនបានប្រគល់លុយទៅតាមការទាមទាររបស់ឧកញ៉ា ហេង សិទ្ធី ឡើយ។
ប្រភពដដែលបញ្ជាក់ថា លុះដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ ហេង សិទ្ធី របស់អ្នកឧកញ៉ា ហេង សិទ្ធី ក៏បានបង្ហោះរូបថតខ្លួនលើបណ្ដាញទំនាក់ទំនងសង្គម និងចោទប្រកាន់ខ្លួនថាកំពុងប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រតិបត្តិការកាស៊ីណូអនឡាញ និងលាងលុយកខ្វក់ទៅវិញ។
ដើមបណ្ដឹងរូបនេះស្នើឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឧកញ៉ា ហេង សិទ្ធី យកមកផ្ដន្ទាទោសតាមច្បាប់ ក្នុងនោះ បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែររូបនេះក៏សម្រេចប្តឹងទាមទារសំណងខូចខាត និងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិកផងដែរ។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គនាយកក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះសារដ៏វែងមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនថា បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak (តាក់) កំពុងប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានដើម្បីលាងលុយ និងកំពុងបើកប្រតិបត្តិការកាស៊ីណូអនឡាញដ៏ធំជាងគេនៅកម្ពុជា។
អ្នកឧកញ៉ា ហេង សិទ្ធី សរសេរថា ជនជាតិសិង្ហបុរីឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak នេះ កំពុងប្រើកម្មវិធី Software ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្កើតគេហទំព័រខុសច្បាប់រាប់រយគេហទំព័រសម្រាប់បោកប្រាស់លុយរាប់លានដុល្លារពីប្រជាជនក្នុងតំបន់អាស៊ាន។
អ្នកឧកញ៉ារូបនេះបញ្ជាក់ថា ថៅកែចាស់ទំនើងសញ្ជាតិសិង្ហបុរីឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅក្រៅ Tak នេះ បានបង្ហាញម៉ាកយីហោមេនៃកាស៊ីណូអនឡាញរបស់ខ្លួនដែលមានឈ្មោះថា AFB88 និង AFB1188 ដែលជាកាស៊ីណូខុសច្បាប់នៅលើអាវរបស់ខ្លួន និងនៅលើអាវរបស់បុគ្គលិកគាត់ជាច្រើននាក់ ស្របពេលដែលបុរសរូបនេះពាក់ចូលរួមក្នុងព្រឹត្តិការណ៍ Gumble 3000 កាលពីពេលកន្លងទៅ។
កាលពីដើមខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា ហេង សិទ្ធី បានទម្លាយថា លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ គឺជាអ្នកបញ្ជាឲ្យលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកការពារជនជាតិសិង្ហបុរីម្នាក់ដែលកំពុងប្រតិបត្តិការឆបោកលុយតាមអនឡាញនៅកម្ពុជាសព្វថ្ងៃនេះ។
កន្លងមក លោកវរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកការពារជនជាតិសិង្ហបុរីម្នាក់នោះ បានបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនដូចជាចិញ្ចៀនពេជ្រ នាឡិកាដែលមានតម្លៃរាប់សែនដុល្លារ និងរថយន្ត រ៉ូលស៍រ៉យ (Rolls Royce) តម្លៃលើស ១លានដុល្លារ (1,000,000$ តម្លៃមិនទាន់គិតពន្ធផ្សេងៗ) ផងដែរ។
ប្រភពមួយចំនួនបញ្ជាក់ថា បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Tak គឺជាអ្នករកស៊ីឲ្យអ្នកឧកញ៉ា ហ៊ុន តូ ពីព្រោះបុរសរូបនេះតែងតែបង្ហោះរូបភាពផឹកស៊ីហ៊ឺហាជាមួយអ្នកឧកញ៉ា ហ៊ុន តូ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្នុងករណីដែលមានការចោទប្រកាន់គ្នា ជាពិសេសទាក់ទងនឹងរឿងឧក្រិដ្ឋកម្ម អាជ្ញាធរមានសមត្ថកិច្ចត្រូវបើកការស៊ើបអង្កេត ជាជាងការអនុវត្តច្បាប់ដោយជឿតែទៅលើភាគីម្ខាងៗ ដើម្បីធានាប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវនៅប្រទេសកម្ពុជា ក្នុងការលុបបំបាត់អំពើបោកប្រាស់នានាដែលកំពុងសម្ងំលាក់ខ្លួនក្នុងទឹកដីខ្មែរសព្វថ្ងៃនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងបុរសជនជាតិសិង្ហបុរី ឈ្មោះ Tak និងឧកញ៉ា ហេង សិទ្ធី ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបាននៅឡើយទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
