The Cambodia Daily Khmer

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​អ្នកទោស​នយោបាយ​ទាំងអស់

អ្នកស្រី អ៊ុងសាន ស៊ូជី (ឆ្វេង) មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ភូមា និង​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan (ស្ដាំ)

សំណុំរឿង​ភូមា ចាប់ផ្ដើម​សើរើ​ឡើងវិញ-នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាលពី​សប្ដាហ៍​មុន ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ព្យាយាម​លើកឡើង និង​និយាយ​ធ្ងន់ៗ​វាយប្រហារ​របប​សឹក​នៅ​ភូមា។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី The Strait Times ប្រមុខ​ការបរទេស​សិង្ហបុរី បាន​ទាមទារ​ឱ្យ​អាស៊ាន​ដើរតួ​ឲ្យ​សកម្ម​ឡើងវិញ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។

លោក Balakrishnan បាន​ទាមទារ​ឱ្យ​របប​សឹក​ភូមា ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ហើយ​ត្រូវ​បញ្ចប់​ហិង្សា​វាយ​បង្ក្រាប​បាញ់​សម្លាប់​ក្រុម​ប្រឆាំង។ លោក​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី ក៏​បាន​អំពាវនាវ​ឱ្យ​លែង​អ្នកទោស​មនសិការ​ទាំងអស់ ហើយ​សម្រប​ស្ថានការណ៍​នយោបាយ​ទៅ​រក​ការ​ចរចា។

លោក​បញ្ជាក់​ថា វិបត្តិ​នៅ​ភូមា បាន​ប៉ះពាល់​ខ្លាំង​មិន​ត្រឹមតែ​មុខមាត់​ប្រទេស​ភូមា នោះ​ទេ វា​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​សមាគម​អាស៊ាន​ផង​ដែរ។ លោក​ទទូច​ថា លោក​ចង់​ឃើញ​របប​សឹក​ដោះលែង​អ្នកស្រី ស៊ូជី ជាបន្ទាន់។

តាម​ប្រមុខ​ការបរទេស​សិង្ហបុរី នៅ​សល់​ប៉ុន្មាន​សប្ដាហ៍​ទៀត របប​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មាន​អាយុ ៤​ឆ្នាំ ដែល​នាំ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ហិង្សា​នយោបាយ និង​សង្គ្រាម​ស៊ីវិល។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ការ​លើកឡើង​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី ទទួល​បាន​ការ​គាំទ្រ​ពី​សមភាគី​នៃ​សមាគម​អាស៊ាន។ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចាត់ទុក​ការ​ផ្ដល់​សេរីភាព​សម្រាប់​អ្នកស្រី ស៊ូជី បើ​ពួក​យោធា​អាច​ធ្វើ​បាន គឺជា​ការ​បង្រួប​បង្រួម​ជាតិ​ភូមា ដំណាក់កាល​ដំបូង។

អ្នកស្រី ស៊ូជី ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ថ្ងៃ​រដ្ឋប្រហារ​របស់​ពួក​យោធា ដែល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​អ្នកស្រី ស៊ូជី ជា​ប្រធាន​បក្ស។ អ្នកស្រី ស៊ូជី មាន​អាយុ ៧៩​ឆ្នាំ។ អ្នកស្រី​ប្រឈមមុខ​នឹង​ការ​ជាប់​ទោស​ដែល​របប​សឹក​ទម្លាក់​លើ​អ្នកស្រី​រយៈ ២៧​ឆ្នាំ ក្នុង​បទ​ចោទ​ក្បត់​ជាតិ និង​ទទួល​ប្រាក់​សំណូក ដែល​សហគមន៍​អន្តរជាតិ​ចាត់ទុក​ថា​រឿង​គំនុំ​នយោបាយ។

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​សង្កត់​ធ្ងន់​ថា ការ​ចរចា​ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជជែក​គ្នា នឹង​នាំ​ឱ្យ​ប្រទេស​ភូមា អាច​រក​ឃើញ​ដំណោះស្រាយ និង​ការ​បង្រួប​បង្រួម​ជាតិ​ឡើងវិញ ប៉ុន្តែ​មេដឹកនាំ​របប​សឹក​អះអាង​ថា ខ្លួន​ជា​អ្នក​ការពារ​ប្រជាធិបតេយ្យ​ដែល​ពិត​ណាស់​ចង់​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​ឯកភាព​ជាតិ​ឡើងវិញ។

មេដឹកនាំ​យោធា​វាយប្រហារ​ពួក​បស្ចិម​ប្រទេស​ដោយ​ចោទ​ថា​ជា​ការ​រុញ​ឱ្យ​កម្លាំង​ប្រឆាំង​ងើប​ឡើង​កាន់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា។ មេដឹកនាំ​យោធា​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែល​លើក​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី បាន​និយាយ​ថា រដ្ឋាភិបាល​យោធា​កំពុង​កាន់​អំណាច​ជា​បណ្ដោះអាសន្ន​ក្នុង​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ បន្ត​ផែនការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​យុត្តិធម៌ ដោយ​ត្រឹមត្រូវ ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល។

ពួក​យោធា​ភូមា កំពុង​បាត់បង់​ទីតាំង​ធំៗ​ជា​បន្តបន្ទាប់​ចាប់តាំងពី​សម្ព័ន្ធភាព​នៃ​ចលនា​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច បាន​រួម​ផ្តុំ​កម្លាំង​គ្នា​បើក​យុទ្ធនាការ​វាយលុក​ទ្រង់ទ្រាយ​ធំ​តាំងពី​ចុង​ឆ្នាំ​២០២២ ដោយ​ចាប់​យក​បាន​ទីប្រជុំជន និង​ទីតាំង​ជាច្រើន​របស់​ពួក​យោធា។

លោក Min Aung Hlaing ថា​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ដោយសារតែ​អស្ថិរភាព និង​សង្គ្រាម​បង្ក​ឡើង​ដោយ​ក្រុម​ប្រឆាំង។

ប្រទេស​ភូមា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ដ៏​ធ្ងន់ធ្ងរ ចាប់​តាំងពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជាពិសេស​ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០២៣ ដែល​ក្រុម​ប្រឆាំង​រួបរួម​នឹង​កម្លាំង​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើ​សកម្មភាព​វាយ​យក​ទីក្រុង និង​ទីប្រជុំជន​ជាង ៥០​នៅ​ទូទាំង​ប្រទេស ហើយ​ចាប់​ខ្លួន​ទាហាន​កងទ័ព​របប​សឹក​ច្រើន​ពាន់​នាក់។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ភូមា លោក Tom Andrews បាន​និយាយ​ថា របប​សឹក​នឹង​បន្ត​បាត់បង់​ទីតាំង​ឈរជើង​របស់​ពួកគេ​បន្ត​ទៀត ព្រោះ​កូនទាហាន​ដូចជា​លែង​ចង់​កាន់​អាវុធ​ទៀត​ហើយ។ ដូច​គ្នា​នេះ ការ​ដែល​យុវជន​ច្រើន​ពាន់​នាក់​មិន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព នឹង​ធ្វើ​ឱ្យ​របប​សឹក​មិន​ច្បាស់លាស់​នៃ​ការ​ពង្រឹង​ទីតាំង​មូលដ្ឋាន​ឈរជើង​របស់​ខ្លួន។

របប​សឹក​ភូមា កំពុង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​ទី​៤ ដែល​នៅ​សល់​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ។ បើ​តាម​សេចក្តី​រាយការណ៍​ពី​ភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ ប្រជាពលរដ្ឋ​ភូមា ប្រមាណ​ជាង ៣​លាន​នាក់​បាន​រត់​ចោល​ភូមិ និង​សហគមន៍​របស់​គេ ដោយសារតែ​តំបន់​ដែល​ពួកគេ​រស់នៅ​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ប្រយុទ្ធ​គ្នា៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version