នៅព្រឹកថ្ងៃទី៣១ ខែធ្នូ តុលាការមួយនៃតំបន់រដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធនឹងការប្រើច្បាប់អាជ្ញាសឹកទាំងតក់ក្រហល់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយពីប្រទេសកូរ៉េខាងត្បូង តុលាការជាន់ទាបមួយនៅខាងលិចរដ្ឋធានីសេអ៊ូល បានចេញដីកានេះនៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ដែលនេះជាលើកទីមួយហើយដែលតុលាការធ្វើទៅលើលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងមានរឿងអាស្រូវថ្នាក់ជាតិខ្ពស់បំផុតដោយ ប្រឈមមុខនឹងការចាប់ខ្លួន។
លោក Yoon Suk Yeol ត្រូវបានព្យួរអំណាចប្រធានាធិបតីដោយសមាជិកសភា។
បន្ថែមពីលើការចោទប្រកាន់នេះ លោក Yoon Suk Yeol កំពុងត្រូវបានស៊ើបអង្កេតពីបទបះបោរ និងការរំលោភបំពានអំណាច ដែលការចោទប្រកាន់នេះដោយក្រុមស៊ើបអង្កេតពិសេសមួយរបស់ប្រទេសសាធារណរដ្ឋមួយនេះ។
ទោះជាបែបនេះក្ដី លោក Yoon Suk Yeol មិនព្រមគោរពតាមដីកាកោះហៅឱ្យចូលខ្លួនចំនួន ៣លើករួចមកហើយ ដើម្បីបង្ហាញខ្លួនក្នុងការសាកសួរពាក់ព័ន្ធនឹងការស៊ើបអង្កេត ដែលនាំឱ្យតុលាការចេញដីកាចាប់ខ្លួននៅថ្ងៃនេះ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រសិនបើចាប់ខ្លួនលោក Yoon Suk Yeol អាជ្ញាធរនឹងមានពេល ៤៨ម៉ោងដើម្បីសម្រេចថាតើត្រូវដាក់លោក Yoon Suk Yeol ក្នុងការឃុំខ្លួន ឬត្រូវដោះលែង។
ប៉ុន្តែសំណុំរឿងនេះកំពុងស្ថិតក្នុងភាពចម្រូងចម្រាសខាងនីតិវិធីច្បាប់ ដែលក្រុមមេធាវីលោក Yoon Suk Yeol មិនមើលឃើញពីភាពស្របច្បាប់នោះទេចំពោះការចេញដីកាឃុំខ្លួនកូនក្ដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមេធាវីរបស់លោក Yoon Suk Yeol បានហៅដីកានេះថា ទង្វើ «ខុសច្បាប់» ដោយពន្យល់ថា ដីកានេះជាការបំពាននឹងអំណាចរបស់តុលាការធម្មនុញ្ញ ព្រោះករណីលោក Yoon Suk Yeol ត្រូវឆ្លងកាត់តុលាការកំពូលនេះជាមុនសិន ថាតើលោក Yoon Suk Yeol មានកំហុសត្រូវប្រឈមមុខច្បាប់ឬទេ។
ក្រុមមេធាវីការពារក្ដីលោក Yoon Suk Yeol បានច្រានចោលមិនសហការជាមួយនឹងក្រុមស៊ើបអង្កេត និងសមត្ថកិច្ចតុលាការនោះទេ ដោយលើកហេតុផលថា ការកាត់ក្តីចោទប្រកាន់លោក Yoon Suk Yeol ត្រូវផ្អែកលើដំណើរការព្រហ្មទណ្ឌណាមួយ ក្រោយពីតុលាការធម្មនុញ្ញសម្រេចសេចក្ដីករណីលោក Yoon Suk Yeol ថាតើមានកំហុសឬទេតាមការចោទពីសមាជិកសភាដែលបានព្យួរបុព្វសិទ្ធិរបស់លោកជាប្រធានាធិបតី។
ទោះជាយ៉ាងណាក្ដី ដីកាចាប់ខ្លួនលោក Yoon Suk Yeol មានសុពលភាពរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែគេមិនដឹងច្បាស់ថាតើការប៉ុនប៉ងចាប់ខ្លួន នឹងត្រូវធ្វើឡើងនៅពេលណា ឬអាជ្ញាធរមានសមត្ថកិច្ចរឹងមាំយ៉ាងណាក្នុងការអនុវត្តដីកានេះ។
នៅខណៈនេះ ប្រជាជនជាច្រើនពាន់នាក់ដែលគាំទ្រលោក Suk Yeol និងក្រុមសន្តិសុខប្រធានាធិបតី បានរាំងខ្ទប់សមត្ថកិច្ចរបស់តុលាការ និងក្រុមស៊ើបអង្កេតមិនឱ្យចូលទៅក្នុងបរិវេណការិយាល័យប្រធានាធិបតី ឬលំនៅឋានរដ្ឋនៃវិមានប្រធានាធិបតីដែលជាការប្រឆាំងនឹងកម្លាំងអនុវត្តដីកាចាប់ខ្លួនរបស់តុលាការ។ តែនៅពេលជាមួយគ្នានេះ សម្ពាធនយោបាយចេញពីបក្សប្រឆាំង កំពុងតែបង្កើនលើលោក Suk Yeol ឱ្យគោរពច្បាប់ និងអំណាចរបស់តុលាការ។
នៅក្នុងវិចារណកថាមួយរបស់កាសែត Chosun Ilbo ដែលគេស្គាល់ថាជាក្រុមអ្នកកាសែតអភិរក្សនិយមដ៏មានឥទ្ធិពល បានវាយចំអកលោក Suk Yeol ដែលថាមិនមានមធ្យោបាយផ្លូវច្បាប់ណាផ្ដល់សិទ្ធិជនត្រូវចោទ រារាំងការអនុវត្តដីកាចាប់ខ្លួននោះទេ។ កាសែត Chosun Ilbo បានប្រាប់លោក Suk Yeol ថា ត្រូវប្រកាន់នូវសេចក្តីថ្លៃថ្នូរ ជាជាងប្រឈមមុខនឹងទោសប្រហារជីវិតព្រោះតែបំពានច្បាប់។
តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីប្រទេសនេះមានអភ័យឯកសិទ្ធិពីការកាត់ទោសនៅពេលកំពុងកាន់តំណែង លើកលែងតែករណីដែលពាក់ព័ន្ធនឹងការបះបោរ ឬអំពើក្បត់ជាតិ។
លោក Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ ដែលជាអំណាចរបស់ប្រធានាធិបតី ត្រូវមើលឃើញថាជាលើកដំបូងចាប់តាំងពីប្រទេសលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយធ្លាប់ដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកម្ដងកាលពីក្នុងទសវត្សរ៍១៩៨០។
ប៉ុន្តែក្រុមអ្នកនយោបាយបក្សប្រឆាំង បានចោទប្រកាន់លោក Suk Yeol ពីការប៉ុនប៉ងស្ដារឡើងវិញនូវរបបផ្ដាច់ការយោធានៅកូរ៉េខាងត្បូង ដោយទាមទារថា ចាំបាច់ត្រូវដកលោក Suk Yeol ចេញពីតំណែងជាផ្លូវការឱ្យបាន។
ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅមុខនៅតែមិនប្រាកដប្រជាក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Suk Yeol ខណៈតុលាការធម្មនុញ្ញមានពេល ១៨០ថ្ងៃដើម្បីសម្រេចលើការដកតំណែងប្រធានាធិបតីជាផ្លូវការពីលោក Suk Yeol ស្របពេលតុលាការធម្មនុញ្ញពុំមានចៅក្រមគ្រប់ ៩រូបនោះទេ ដែលសំណួរសួរថា តើចៅក្រម ៥រូបអាចសម្រេចអ្វីបានចំពោះការវិនិច្ឆ័យទោសលោក Suk Yeol ទៅតាមការចោទរបស់សមាជិកសភា។
កិច្ចខិតខំប្រឹងប្រែងដើម្បីតែងតាំងចៅក្រមថ្មី ៤រូបសម្រាប់តុលាការរដ្ឋធម្មនុញ្ញ បានជាប់គាំង ព្រោះប្រធានាធិបតីស្តីទីមិនព្រមអនុម័ត ដែលនាំឱ្យតុលាការរដ្ឋធម្មនុញ្ញត្រូវទុកពេលទៅមុខទៀតចំពោះសំណុំរឿងលោក Yoon Suk Yeol៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
