The Cambodia Daily Khmer

ពលរដ្ឋ​ខ្មែរ​ស្នើ​រាជរដ្ឋាភិបាល​ចាត់ការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​គ្រឿងញៀន

(ពី​ឆ្វេង) នាយសេនាធិការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ លោក លុយ សារុំ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ លោក ង៉ែត ចាន់ធី និង​លោក ស៊ិន សុវណ្ណារិទ្ធ ដែល​ជា​ជំនួយការ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​តាកែវ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះ​កងកម្លាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​លះបង់​អំពើ​ល្មើស​នេះ​ដោយ​ខ្លួនឯង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មករា នេះ​ថា ការ​រក​ឃើញ​នូវ​ការប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ចំណោម​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ជាតិ គឺជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ថា បទល្មើស​នេះ​ច្បាស់​ជា​មាន​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ ទើប​ការប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​សកម្មភាព​រហូត​មក។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ជីក​កកាយ​យក​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មក​ផ្ដន្ទាទោស​ឱ្យ​អស់​ទេ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​សង្គម​ជាតិ​ដដែល ពីព្រោះ​វិធានការ​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សង្គម​នឹង​ត្រូវ​ជាប់​គាំង ដោយសារតែ​មន្ត្រី​ខិលខូច​ទាំងអស់​នេះ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​មាន​គ្រឿងញៀន​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​រហូត​ធ្វើ​ឱ្យ​មន្ត្រី​កងកម្លាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ក្លាយ​ជា​ភ្នាក់ងារ​ចែកចាយ​វត្ថុ​ខុស​ច្បាប់​ទាំងនេះ​ជាដាច់ខាត។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា អ្នក​រងគ្រោះ​ពី​ទង្វើ​ល្មើស​នេះ គឺជា​រដ្ឋាភិបាល​ខ្លួនឯង​ទៅវិញ​តែប៉ុណ្ណោះ ព្រោះ​ថា​ពលរដ្ឋ​នឹង​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ ដោយសារតែ​មិន​អាច​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​តាម​ការ​សន្យា​របស់​ខ្លួន។

កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥ មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ លោក ង៉ែត ចាន់ឌី និង​នាយសេនាធិការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ លោក លុយ សារុំ រួម​ទាំង​លោក ស៊ិន សុវណ្ណារិទ្ធ ដែល​ជា​ជំនួយការ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ផង​ដែរ ពី​បទ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ពិត​ជា​បាន​នាំ​ខ្លួន​នាយ​អាវុធហត្ថ​ទាំង ៣​នាក់​ទៅ​សួរ​នាំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ពិតប្រាកដ​មែន។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្លាប់​បាន​ត្អូញត្អែរ​កាលពី​ពេល​កន្លង​ទៅ​ថា បញ្ហា​គ្រឿងញៀន​បាន​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​មិន​ត្រឹមតែ​រយ​គីឡូក្រាម​ទេ គឺ​ចូល​ដល់​តោន​ឯណោះ។

រឿង​ដោយឡែក​មួយ​ទាក់ទង​នឹង​បញ្ហា​សុខុមាលភាព​នៃ​សង្គម​ជាតិ​ខ្មែរ​ដែរ​នោះ គឺ​រឿង​អនាម័យ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បក្ស​កុម្មុយនីស្ត​ចិន ស៊ីនហួ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា នេះ រាជរដ្ឋាភិបាល​ប្ដេជ្ញា​ថា​នឹង​បំបាត់​សំរាម​ស្បោង​ប្លាស្ទិក​ឲ្យ​អស់​ពី​ផ្លូវ​សាធារណៈ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ដំណាល​ពេល​គ្នា​នេះ មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ ១៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ទូទៅ ៩២% មាន​អនាម័យ ហើយ​សង្ឃឹម​ថា​ឆ្នាំ​២០៣០ នឹង​មាន​អនាម័យ ១០០%។ ២១% មាន​ទឹក​ស្អាត/បរិសុទ្ធ​ទទួលទាន។

ក្រុម​អ្នក​វិនិយោគ​បរទេស​សង្កេត​ឃើញ ហើយ​ផ្សាយ​ក្នុង​ទស្សនាវដី្ត​វិនិយោគទុន​កម្ពុជា (Cambodia Investment Review) ថា ក្នុង​ឆ្នាំ​ថ្មី ២០២៥ ប្រទេស​កម្ពុជា​មាន​ថ្ងៃ​កំណត់​ក្នុង​ប្រកាស​លេខ​២០៤ នៃ​ក្រសួង​ការងារ នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ ជា​ទិវា​បុណ្យ​ជាតិ កើន​ពី ២១​ថ្ងៃ​ដល់ ២៣​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ៖ ១៥​ថ្ងៃ​ចំ​ថ្ងៃ​ធ្វើការ​ក្នុង​សប្តាហ៍ និង ៥​ថ្ងៃ​ទៀត​ចំ​ថ្ងៃ​ឈប់​សម្រាក​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version