ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ រួមជាមួយគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បន្តប្រកាសធ្វើសមាជពលរដ្ឋខ្មែរ-អាមេរិកាំងស្តីអំពីបញ្ហាកោះគុត នៅរដ្ឋម៉ាហ្សាឈូសិត នៅពាក់កណ្តាលខែមករា ដើមឆ្នាំនេះ ដើម្បីកៀរគរកម្លាំងអ្នកចូលរួមជួយជំរុញរដ្ឋាភិបាលខ្មែរឲ្យប្តឹងថៃ ទៅតុលាការអន្តរជាតិ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បណ្ដាញយុវជនសកល គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក វត្តភ្នំសេរី និងសកម្មជនគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងរួមគ្នានៅថ្ងៃទី២ មករា នេះ ស្តីអំពីការធ្វើសមាជជុំវិញបញ្ហាកោះគុត ក្នុងបំណងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់ពលរដ្ឋរបស់ខ្លួនទូទាំងប្រទេសថា មួយផ្នែកនៃកោះគុត គឺជាកម្មសិទ្ធិរបស់ខ្មែរ។
ជាងនេះទៀត ក៏ត្រូវប្តឹងថៃ ទៅតុលាការអន្តរជាតិក្រុងឡាអេ ដើម្បីទាមទារយកទឹកដីរបស់ខ្លួនដែលថៃ បានរំលោភបំពានយកមកគ្រប់គ្រងវិញផងដែរ។
ប្រភពដដែលអះអាងថា ការការពារកោះគុត គឺដើម្បីរក្សាអធិបតេយ្យជាតិរបស់កម្ពុជា ហើយការចូលរួមសមាជនេះ គឺដើម្បីប្រមូលកម្លាំងអ្នកគាំទ្រឱ្យជួយតវ៉ាទៅកាន់របបក្រុងភ្នំពេញ ដើម្បីឱ្យលើកយកករណីកោះគុតនេះទៅតាំងជាមួយថៃ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរក្សាទឹកដីរបស់ខ្លួន។
សេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា ការប្រារព្ធពិធីសមាជនេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យម៉ាហ្សាឈូសិត ចាប់ពីវេលាម៉ោង ២រសៀល រហូតដល់ម៉ោង ៦ល្ងាច ដែលមានទីតាំងស្ថិតនៅ 61Wilder St., Lowell, MA 01854 (O’Leary Library, Room 222) U-Massachusetts, Lowell។
ជុំវិញបញ្ហាកោះគុតនេះ គេសម្គាល់ឃើញថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែមិនទាន់បញ្ជាក់ទៅកាន់ពលរដ្ឋខ្មែរនៅឡើយរហូតដល់ពេលនេះថា ប្រទេសកម្ពុជាមានចំណែកគ្រប់គ្រងលើកោះគុត ឬក៏អត់នោះ ដំណាលពេលដែលនាយករដ្ឋមន្ត្រីថៃ បានអះអាងម្តងហើយម្តងទៀតថា កោះគុតជារបស់ថៃផ្ដាច់មុខ ដែលគ្មានចំណែកកម្មសិទ្ធិរបស់កម្ពុជានោះទេ។
ជាក់ស្តែង កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងកូនស្រីរបស់គាត់ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានចេញមុខអះអាងច្បាស់ៗថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
