អ្នកដឹកនាំព្រឹត្តិការណ៍សាទរកម្ពុជា លោក ហ៊ុន ម៉ានី ប្ដេជ្ញាដង្ហែតាមព្រះរាជតម្រិះព្រះមហាក្សត្រខ្មែរក្នុងព្រះនាមជានិមិត្តរូបជាតិឆ្ពោះទៅកាន់ត្រើយសន្តិភាព ថ្វីបើលោកមានភារកិច្ចរកខុសត្រូវរឿងឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនោះក្តី។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា លោក ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ មករា នេះថា ប្រជារាស្ត្រប្រទេសកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រខ្មែរ ក្រោមព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះអង្គ ដែលបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត ជាប្រជារាស្ត្រខ្មែរគ្រប់គ្នា។
លោក ហ៊ុន ម៉ានី លើកឡើងថា ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ ក្នុងនាមលោកតំណាងឱ្យស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតំណាងឱ្យយុវជនខ្មែរដ៏ធំមួយតែងតែរៀបចំនូវកម្មវិធីនានាកន្លងមក ដើម្បីសម្ដែងនូវកតញ្ញូកតវេទីចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះថ្លែងអំណរគុណព្រះមហាក្សត្រខ្មែរដែលរាជានុញ្ញាតឱ្យលោករៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំង ដែលបានបង្ហាញនូវការសាទរនៃមហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រកាលពីពេលថ្មីៗនេះ។
កាលពីរាត្រីឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អគ្គិភ័យមួយបានកើតមានឡើងនៅមុខព្រះបរមរាជវាំង ដោយឆាបឆេះព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យ៉ាងសន្ធោសន្ធៅ។ ក្រោយកើតមានហេតុការណ៍នេះ គេមិនបានឃើញលោក ហ៊ុន ម៉ានី ចេញមុខសុំព្រះរាជទានទោសពីព្រះមហាក្សត្រទេរហូតដល់ពេលនេះ ប៉ុន្តែជំនួសឱ្យការសុំព្រះរាជទានទោស អ្នកដឹកនាំព្រឹត្តិការណ៍សាទរកម្ពុជារូបនេះ បែរជាប្រកាសប្ដេជ្ញាដង្ហែតាមព្រះមហាក្សត្រទៅរកត្រើយសន្តិភាពទៅវិញ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មករា នេះថា បើគ្រួសារហ៊ុនចង់ដង្ហែតាមព្រះមហាក្សត្រនាំកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាពមែន ហេតុអ្វីគ្រួសារមួយនេះដណ្ដើមយករាជកិច្ចទាំងអស់របស់ព្រះអង្គរហូតមក។ ជាងនេះទៀត ពួកគេក៏ព្យាយាមបំបាត់ឥទ្ធិពលរាជបល្ល័ង្ក និងមិនគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យមានការផ្សះផ្សា បង្រួបបង្រួមជាតិ និងគោរពសិទ្ធិសេរីភាពប្រជារាស្ត្រនោះ។
លោក គឹម សុខ ចាត់ទុកថា ការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន ម៉ានី គ្រាន់ជាចេតនាដោះសាឱ្យរួចពីទោសកំហុសដែលខ្លួនប្រព្រឹត្តខុសចំពោះព្រះមហាក្សត្រប៉ុណ្ណោះ ហើយទង្វើបែបនេះក៏បង្ហាញឱ្យឃើញដែរថា គ្រួសារហ៊ុនប្រើការដោះសា ជាជាងការអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តខុសដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃប្រទេសកម្ពុជានោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
