The Cambodia Daily Khmer

ប្រធានាធិបតី​អ៊ុយក្រែន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​លោក ដូណាល់ ត្រាំ បង្ខំ​រុស្ស៊ី​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី (ឆ្វេង) [Volodymyr Zelenskyy] និង​លោក ដូណាល់ ត្រាំ [Donald Trump] ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ជួប​គ្នា​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤។

ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហាញ​ជំនឿ​ចិត្ត​ខ្លាំង​ទៅ​លើ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្ខំ​រុស្ស៊ី ឲ្យ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

សារ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ចុះផ្សាយ​ដោយ​សារព័ត៌មាន Freedom Ukraine កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៥ នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សារ​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ថ្លែង​ក្នុង​ថ្ងៃទី​១ មករា ដែល​មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​អួតអាង​ប្រាប់​ប្រជាជន​រុស្ស៊ី ថា នៅ​ពេលនេះ រុស្ស៊ី​កំពុង​បោះ​ជំហាន​ទៅ​មុខ​ហើយ​សំដៅ​ទៅ​ដល់​គោលដៅ​ដែល​បាន​កំណត់​រួច​ហើយ។ លោក​ថា ឆ្នាំ​២០២៥ លោក​មិន​ដើរ​ថយក្រោយ​ឡើយ ទោះ​ជា​ជួប​ឧបសគ្គ​យ៉ាងណា​ក៏ដោយ។

ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​លើកឡើង​ថា ពុំ​មាន​អ្វី​ឆ្ងល់​ច្រើន​ទេ​ចំពោះ​លោក ដូណាល់ ត្រាំ ទោះជា​យើង​មើល​ចិត្ត​លោក ត្រាំ មិន​យល់​ក៏ដោយ ក៏​លោក ត្រាំ ពិត​ជា​មាន​សមត្ថភាព​ជួយ​បញ្ចប់​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​នៅ​អ៊ុយក្រែន បាន។

កាលពី​ថ្ងៃទី​១ មករា ជា​ទិវា​ចូល​ឆ្នាំ​សកល លោក ហ្សេឡេនស្គី បាន​រំលឹក​ពី​ការ​សន្យា​របស់​លោក​ដែល​លោក​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ឆ្នាំ​២០២៥ នេះ ដើម្បី​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី។ លោក​បាន​បញ្ជាក់​ថា ឆ្នាំ​២០២៥ អាច​នឹង​ក្លាយ​ជា​ឆ្នាំ​ដែល​អ៊ុយក្រែន ត្រូវ​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម។

លោក​ថ្លែង​ថា សន្តិភាព​ពី​អ្នក​ឈ្លានពាន មិនមែន​ជា​អំណោយ​របស់​យើង​នោះ​ទេ។ លោក​ថា​បើ​អ៊ុយក្រែន​ខ្លាំង ទើប​អ្នក​ឈ្លានពាន​គោរព និង​ស្ដាប់​អ្វី​ដែល​យើង​ត្រូវការ​មក​វិញ។ អ៊ុយក្រែន​ខ្លាំង​លើ​សមរភូមិ អ៊ុយក្រែន​នឹង​ខ្លាំង​នៅ​ឯ​តុ​ចរចា ហើយ​សន្តិភាព​ដែល​យើង​បាន​មក​វិញ ជា​សន្តិភាព​កើត​ចេញពី​បុព្វហេតុ​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន។

លោក ត្រាំ នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែ​មករា ខាងមុខ​នេះ ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ទី​៤៧។ លោក ត្រាំ និយាយ​ថា លោក​នឹង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​ប្រើ​ពេល​ត្រឹមតែ ២៤​ម៉ោង​នៅ​ពេល​ឡើង​កាន់​អំណាច។

ផែនការ​សន្តិភាព​របស់​លោក ត្រាំ ដែល​ត្រូវ​បាន​ជំនួយការ​របស់​លោក​បង្ហើប​ឱ្យ​ដឹង គឺ​មាន ៣​ចំណុច ទី​មួយ​ការ​អនុវត្ត​បទ​ឈប់​បាញ់ ត្រូវ​មាន​វត្តមាន​ទ័ព​រក្សា​សន្តិភាព​អឺរ៉ុប​ចូល​ទៅ​តំបន់​សមរភូមិ ហើយ​ទ័ព​ច្បាំង​គ្នា​ទាំង​ពីរ ត្រូវ​ដក​ចេញពី​គ្នា​ក្នុង​រយៈ​ចម្ងាយ ១៣០០​គីឡូម៉ែត្រ។ ទី​ពីរ អ៊ុយក្រែន​មិន​អាច​ក្លាយ​ជា​សមាជិក​យោធា​ណាតូ​បាន​ទេ​រហូត ២០​ឆ្នាំ​ក្រោយ​ទៀត និង​ទី​៣ តំបន់​ភាគ​ខាងកើត​ប្រទេស​ដែល​ទ័ព​រុស្ស៊ី វាយ​កាន់កាប់​បាន ត្រូវ​ទុក​ជា​តំបន់​ស្វយ័ត​ដោយ​មិន​ចំណុះ​រដ្ឋាភិបាល​កណ្ដាល​ក្រុង​មូស្គូ និង​ក្រុង​គៀវ។

តែ​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន TASS បាន​និយាយ​ថា រុស្ស៊ី​មិន​ទាន់​ពេញចិត្ត​ចំពោះ​ផែនការ​របស់​ក្រុម​ការងារ​លោក ត្រាំ នូវ​ចំណុច​ដែល​ថា​សមាជិកភាព​អ៊ុយក្រែន នៅ​ក្នុង​អង្គការ​ណាតូ ត្រូវ​ទុក​រយៈពេល ២០​ឆ្នាំ​ទៀត ហើយ​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​អឺរ៉ុប ក៏​ក្រុង​មូស្គូ មិន​មើល​ឃើញ​ថា​ត្រឹមត្រូវ​នោះ​ទេ។

លោក Lavrov បញ្ជាក់​ថា បើ​ផ្អែកលើ​ការ​បែកធ្លាយ​ជាច្រើន និង​បទសម្ភាសន៍​ផ្ទាល់​របស់​លោក ត្រាំ ជាមួយ​ទស្សនាវដី្ត Time កាលពី​ពេល​ថ្មីៗ​នេះ គឺ​លោក ត្រាំ ចង់​ថា​ផ្អាក​ការ​ប្រយុទ្ធ​នៅ​តាម​ខ្សែបន្ទាត់​ជួរមុខ ហើយ​ផ្ទេរ​ការ​ទទួល​ខុសត្រូវ​លើ​ការ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី ឱ្យ​ទៅ​អឺរ៉ុប​វិញ។ រុស្ស៊ី ពិត​ជា​មិន​ពេញចិត្ត​នោះ​ទេ។ តាម​លោក Lavrov ទីក្រុង​មូស្គូ មិន​ទាន់​ទទួល​បាន​សញ្ញា​ផ្លូវការ​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​អ៊ុយក្រែន បាន​ឡើយ។

ទោះ​ជា​មាន​សញ្ញា​សង្ឃឹម​លឹមៗ​ក្តី អ្នក​សង្កេតការណ៍​មើល​ឃើញ​តិច​ណាស់​ដែល​ថា​ផែនការ​សន្តិភាព​លោក ត្រាំ នឹង​ដើរ​ដល់​ចំណុច​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម ព្រោះតែ​ភាគី​រុស្ស៊ី អាច​មិន​ព្រម​ទុក​ឱកាស​ឱ្យ​អ៊ុយក្រែន មាន​ប្រៀប​នៅ​ឯ​តុ​ចរចា។

ចំពោះ​ផែនការ​បិទ​បញ្ចប់​សង្គ្រាម​អាច​កើតមាន លុះត្រា​អ៊ុយក្រែន យល់ព្រម​ឱ្យ​លោក ពូទីន និង​ក្រុង​មូស្គូ បាន​ផល​ប្រយោជន៍​ពី​សង្គ្រាម ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ទំនង​ជា​នឹង​មិន​លុត​ជង្គង់​សុំ​សន្តិភាព​ពី​អ្នក​ឈ្លានពាន​នោះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version