The Cambodia Daily Khmer

អតិថិជន​ចាញ់បោក​គម្រោង​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោង​ធ្វើ​កូដកម្ម​នៅ​សប្តាហ៍​ក្រោយ

អ្នកឧកញ៉ា ម្ចាស់​បុរី ឡេង ណាវ៉ាត្រា (រូប​ស្ដាំ)

អតិថិជន​ដែល​ចាញ់បោក​គម្រោង​ដី​ឡូត៍ ៦A រាប់​ពាន់​នាក់ គ្រោង​ធ្វើ​កូដកម្ម​ដុត​កង់ឡាន​នៅ​ខាង​មុខ​ខ្លោងទ្វារ​បុរី នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​បំណង​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មុខ​ដោះស្រាយ​សំណង ដី​ខ្យល់ និង​ផ្ទះ​ខ្យល់ ដែល​ឧកញ៉ា​រូប​នេះ​បាន​លក់​ឱ្យ​ពួកគេ​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក។

អតិថិជន​ដែល​បាន​ចាញ់បោក​គម្រោង​អចលនទ្រព្យ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាច្រើន​ពាន់​នាក់ ប្រាប់​សារព័ត៌មាន The Cambodia Daily ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១០ មករា នេះ​ថា ពួកគេ​គ្រោង​នឹង​ធ្វើ​កូដកម្ម​ដោយ​ការ​ដុត​កង់ឡាន​នៅ​មុខ​ខ្លោងទ្វារ​បុរី ព្រមទាំង​ថត​ផ្សាយ​ផ្ទាល់​ដាក់​តាម​បណ្ដាញ​សង្គម​នានា ដូចជា ហ្វេសប៊ុក (Facebook) និង​តិកតុក (TikTok) ជាដើម ដើម្បី​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មុខ​ដោះស្រាយ​ដោយ​ផ្ទាល់​ជុំវិញ​ការ​បោកប្រាស់​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ពួកគេ​នឹង​ថត​វីដេអូ​ផ្សាយ​ផ្ទាល់​ក្នុង​បុរី​តាម​ប្លង់ (ប្លុក) នីមួយៗ ដូចជា ប្លុក A ប្លុក B និង ប្លុក C ជាដើម ដោយសារតែ​ម្ចាស់​គម្រោង គឺ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សន្យា​ខ្យល់​ជាមួយ​ពួកគេ​រាប់​ឆ្នាំ​កន្លង​មក ហើយ​មក​ដល់​ពេលនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​បន្ត​គេចវេះ​មិន​ចេញ​មុខ​ដោះស្រាយ​ដដែល។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​បាន​ចាញ់បោក​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ស្ទើរតែ ២៥​ខេត្ត-ក្រុង​ទៅ​ហើយ​ក្នុង​គម្រោង​លក់​ដី​ខ្យល់ និង​ផ្ទះ​ខ្យល់​របស់​ឧកញ៉ា​រូប​នោះ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា នេះ​ថា ការ​ដែល​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ដី​ខ្យល់ និង​ផ្ទះ​ខ្យល់​ឱ្យ​ពលរដ្ឋ ដោយសារតែ​គាត់​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន តូ តែប៉ុណ្ណោះ។

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា យក​លុយ​ដែល​គាត់​បាន​អួតអាង​ទាំង​ប៉ុន្មាន​ទៅ​សង​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​ដី និង​ផ្ទះ ក្រោយ​ទិញ​អចលនទ្រព្យ​ពី​គម្រោង​របស់​ឧកញ៉ា​រូប​នេះ​នា​ពេល​កន្លង​មក​នោះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​គេ​សង្ស័យ​ថា​ជា​ឧកញ៉ា​លក់​ដី​ឡូត៍ ផ្ទះល្វែង​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ថា​សូម្បីតែ​មេ​គ្រួសារ​ត្រកូល​ហ៊ុន​ដ៏​មាន​អំណាច​បំផុត​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ក៏​ធ្លាប់​ចេញ​មុខ​ការពារ​ទង្វើ​អាក្រក់​របស់​ឧកញ៉ា​រូប​នេះ​ដែរ។ ជាក់ស្តែង កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ក្នុង​វេទិកា​មួយ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា ឡេង ណាវ៉ាត្រា ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ លោក ហ៊ុន សែន បាន​អះអាង​ថា បើ​ចង់​ឱ្យ​លោក​ចាប់​ម្ចាស់​ក្រុមហ៊ុន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ ដាក់​គុក គឺ​មាន​តែ​ចាប់​រូបលោក​ដាក់​គុក​តែម្តង​ទៅ។

ក្រៅពី​ចេញ​មុខ​ការពារ​ឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ លោក ហ៊ុន សែន ក៏​បាន​ចេញ​មុខ​ការពារ​ឧកញ៉ា​រូប​នេះ​ម្តង​ទៀត​ជុំវិញ​ការ​រំលោភ​កិច្ចសន្យា​មិន​ប្រគល់​ដី និង​ផ្ទះ​ជូន​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​របស់​គាត់​នា​ពេល​កន្លង​មក​ដែរ។

លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​អំឡុង​ឆ្នាំ​២០២៤ ថា លោក​ក៏​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​ការ​ប្រគល់​ផ្ទះ​ដល់​អតិថិជន​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​នេះ​បាន​កប់​ទុន​លើ​ដី​ច្រើន​ពេក។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ពិត​ជា​ដឹង​ពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ខុស​កិច្ចសន្យា ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​នោះ​ទេ។

យ៉ាងណាក៏ដោយ រហូត​ដល់​ពេលនេះ អតិថិជន​រងគ្រោះ​ជាច្រើន​បាន​អះអាង​ថា ក្នុង​កិច្ចសន្យា​សាងសង់​ផ្ទះ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​មាន​រយៈពេល​ត្រឹមតែ ១៦​ខែ​ប៉ុណ្ណោះ នោះ​ពួកគេ​នឹង​ទទួល​បាន​ផ្ទះ​ចូល​ទៅ​រស់នៅ​តែម្តង។ ប៉ុន្តែ​ជា​អកុសល រហូត​ដល់​ពេលនេះ គឺ​ហួស​កិច្ចសន្យា ៤​ឆ្នាំ​ហើយ ពួកគេ​នៅតែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​ទៀត ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា ព្យាយាម​គេចវេះ​មិន​ចេញ​មុខ​ដោះស្រាយ​ទាល់តែសោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version