អតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែង បើមិនហ៊ានអនុវត្តច្បាប់ចាប់ឧក្រិដ្ឋជនដែលជាសាច់ញាតិខ្លួនឯងទេនោះ ព្រោះជាទង្វើការពារក្រុមឧក្រិដ្ឋជន។
លោក ហេង សិទ្ធី បានបញ្ចេញសារសំឡេងនៅថ្ងៃទី១៣ មករា នេះថា លោកបានទម្លាយរឿងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនអស់ហើយ។ លោកក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នពាក់ព័ន្ធរួចហើយដែរ ដើម្បីឱ្យមានចំណាត់ការច្បាប់លើឧក្រិដ្ឋជនទាំងនោះ ប៉ុន្តែរហូតដល់ពេលនេះ គ្មានវិធានការច្បាប់ណាមួយត្រូវបានអនុវត្តឡើយ។
អតីតអ្នកឧកញ៉ារូបនេះអះអាងថា ដោយសារតែភាពព្រងើយកន្តើយខាងលោក ហ៊ុន ម៉ាណែត ក្នុងការអនុវត្តវិធានការច្បាប់ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាកំពុងធ្លាក់ចូលក្នុងរណ្តៅឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ និងកំពុងក្លាយជាលំដាប់ប្រទេសលាក់ឧក្រិដ្ឋជនកាន់តែខ្លាំងថែមទៀត។
លោក ហេង សិទ្ធី ជំរុញឱ្យលោក ហ៊ុន ម៉ាណែត ធ្វើកំណែទម្រង់ការដឹកនាំ និងហ៊ានអារកាត់ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងដើម្បីអនាគតប្រទេសជាតិ ឱ្យដូចទៅនឹងពាក្យសម្បថដែលគាត់បានស្បថក្នុងព្រះបរមរាជវាំង មុននឹងចូលកាន់តំណែងមកដឹកនាំប្រទេស។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មករា នេះថា រដ្ឋាភិបាលត្រកូលហ៊ុននឹងមិនរកយុត្តិធម៌ឱ្យអតីតឧកញ៉ា ហេង សិទ្ធី ដាច់ខាត ព្រោះវង្សត្រកូលមួយនេះគឺជាអ្នកនៅពីក្រោយអំពើឧក្រិដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់។
លោក ម៉ែន ណាត លើកឡើងថា ការទម្លាយអំពើឧក្រិដ្ឋក្នុងគ្រួសារត្រកូលហ៊ុន ពិតមែនតែមិនអាចទទួលបានយុត្តិធម៌ ប៉ុន្តែវាជារឿងល្អមួយសម្រាប់ពលរដ្ឋខ្មែរទូទៅដែលអាចដឹងពីអាថ៌កំបាំងក្នុងការប្រព្រឹត្តបទល្មើសនៃត្រកូលមួយនេះ។ លោកជំរុញឱ្យលោក ហេង សិទ្ធី ទម្លាយអាថ៌កំបាំងនេះបន្តទៀត ដើម្បីឱ្យពលរដ្ឋបានដឹងពីទង្វើអាក្រក់ដែលគ្រួសារត្រកូលហ៊ុនបានប្រព្រឹត្ត។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២៤ មក អតីតឧកញ៉ា ហេង សិទ្ធី បានទម្លាយអាថ៌កំបាំងពីអភិបាលខេត្តកណ្តាល លោក គួច ចំរើន អ្នកឧកញ៉ា ហ៊ុន តូ អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងឧក្រិដ្ឋជនមួយចំនួនទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
