រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា អំពាវនាវដល់ក្រសួងស្ថាប័ន និងអង្គការពាក់ព័ន្ធ ចូលរួមដើម្បីបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា ព្រោះការធ្វើអត្តឃាតជាបញ្ហាសុខភាពសាធារណៈថ្មីមួយក្នុងពិភពលោកដែលត្រូវយកចិត្តទុកដាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅកម្ពុជា នាថ្ងៃទី២១ ខែមករា លោក ឈាង រ៉ា បានថ្លែងថា ការបង្ការការធ្វើអត្តឃាតក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្ពោះទៅកាន់ចក្ខុវិស័យនៃក្រសួងសុខាភិបាល ដែលសម្រេចបាន។
លោក ឈាង រ៉ា បន្តថា លោកប្ដេជ្ញាចិត្តរួមគ្នាដើម្បីកសាងផែនការសកម្មភាពពហុវិស័យ ដែលផ្ដល់ក្តីសង្ឃឹម និងសង្គ្រោះមនុស្សដែលចង់ធ្វើអត្តឃាត។ លោកថា នៅទូទាំងពិភពលោក ជារៀងរាល់ ៤០វិនាទី ជនរងគ្រោះម្នាក់បានទទួលមរណភាពដោយសារការធ្វើអត្តឃាត។
លោក Ben Zinner ប្រធានការិយាល័យសុខភាពសាធារណៈ និងអប់រំនៃភ្នាក់ងារសហរដ្ឋអាមេរិកខាងអភិវឌ្ឍន៍អន្តរជាតិ USAID បានប្ដេជ្ញាចិត្តក្នុងការគាំទ្របញ្ហាសុខភាពផ្លូវចិត្ត និងការអនុវត្តផែនការសកម្មភាពបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។
លោក Ben Zinner មើលឃើញថា បន្ទុកនៃបញ្ហាប្រឈមសុខភាពផ្លូវចិត្តនៅប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់ ជាមួយនឹងលទ្ធផលអវិជ្ជមានសំខាន់ៗទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ភាពតានតឹង និងការប្រើប្រាស់សារធាតុញៀន ជាដើម។ តាមរយៈសិក្ខាសាលានេះ លោក Ben Zinner អះអាងថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលំអការថែទាំសុខភាពផ្លូវចិត្តនៅប្រទេសកម្ពុជា។
យោងតាមតួលេខពីនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្នុងឆ្នាំ២០២៤ កន្លងទៅ ការធ្វើអត្តឃាតនៅរាជាណាចក្រកម្ពុជា មានចំនួន ២១២ករណី ដែលក្នុងនោះកើតឡើងលើបុរសចំនួន ១៦៨ករណី ស្មើនឹង ៧៩ភាគរយ និងលើស្ត្រី ៤៤ករណី ស្មើនឹង ២១ភាគរយ ហើយរាជធានីភ្នំពេញមានចំនួនអ្នកធ្វើអត្តឃាតច្រើនជាងគេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
