ពលរដ្ឋខ្មែររស់នៅក្រៅស្រុក ប្រកាសធ្វើមហាបាតុកម្មនៅប្រទេសជប៉ុន នៅដើមខែក្រោយ ក្នុងបំណងទាមទារឱ្យរាជរដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន លើកយកបញ្ហាកោះគុតប្តឹងទៅតុលាការអន្តរជាតិ ដើម្បីរក្សាអធិបតេយ្យជាតិពីការរំលោភបំពានដោយបរទេសជិតខាង។
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន ចេញលិខិតជូនដំណឹងនៅថ្ងៃទី២៨ មករា នេះថា ពួកគេនឹងប្រមូលផ្ដុំគ្នានៅសួន HIBIYA PARK TOKYO ក្នុងប្រទេសជប៉ុន ដើម្បីប្រារព្ធមហាបាតុកម្មដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីវេលាម៉ោង ១២.៣០នាទីថ្ងៃត្រង់តទៅ។
សេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា មហាបាតុកម្មនេះមានបំណងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកម្មសិទ្ធិលើកោះគុតរបស់ខ្លួនមកគ្រប់គ្រងវិញ ហើយការធ្វើដូច្នេះ ក៏ដើម្បីបញ្ចៀសនូវទំនាស់ជាមួយនឹងប្រទេសជិតខាងផងដែរ។
ចាប់ពីមានការតវ៉ាអំពីបញ្ហាកោះគុត តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ មក គេសង្កេតឃើញថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត និងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឆ្លើយតបទៅនឹងបញ្ហានេះតែម្តងគត់ ដោយអះអាងថា លោកនឹងមិនឱ្យទឹកដីខ្មែរបាត់បង់សូម្បីតែមួយមិល្លីម៉ែត្រឡើយ ហើយបញ្ហាកោះគុតគឺជារឿងស្មុគស្មាញដែលពិបាកនឹងដោះស្រាយ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ លោក ហ៊ុន សែន ដែលត្រូវជាឪពុកនាយករដ្ឋមន្ត្រី ក៏ព្រមានធ្វើច្បាប់ដាក់អ្នកដែលលើកឡើងអំពីបញ្ហាកោះគុតជាក្រុមភេរវករផងដែរ ក្រោមហេតុផលថា អ្នកទាំងនោះបានបង្កការញុះញង់ដែលនាំឱ្យមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាង។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៧ មករា នេះថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ត្រូវតែប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ និងបញ្ជាក់ទៅកាន់ពលរដ្ឋខ្លួនថា មួយផ្នែកនៃកោះគុតគឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
លោក អ៊ុំ សំអាន ជំរុញឱ្យលោក ហ៊ុន ម៉ាណែត ផ្ញើកំណត់ទូតទៅរដ្ឋាភិបាលថៃ ដោយទាមទារដាក់រដ្ឋបាល និងប៉ូលិសខ្មែរនៅលើកោះគុតដូចថៃ ដែរ ដូចតំបន់ត្រួតគ្នានៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលប្រទេសទាំងពីរបានដាក់ទាហានស្មើគ្នានៅទីនោះ ព្រោះសព្វថ្ងៃនេះ ប្រទេសថៃ កំពុងគ្រប់គ្រងកោះគុតទាំងស្រុង ទាំងផ្នែករដ្ឋបាល និងប៉ូលិសនៅលើកោះគុតដោយឯកតោភាគី។
អ្នកឃ្លាំមើលស្ថានការណ៍ស្រុកខ្មែរខ្លះមើលឃើញថា ភាគីថៃ មិនព្រមទទួលយកសំណើដូចការចង់បានពីពលរដ្ឋខ្មែរមួយចំនួនដែលស្នេហាជាតិមាតុភូមិខ្លួន ជាពិសេសតាមការទាមទារពីបក្សជំទាស់នោះ គឺមកពីភាគីខ្មែរធ្លាប់ឲ្យកម្លាំងទ័ពស្រួច ឬកុម្ម៉ង់ដូយៀកណាម មួយកងវរសេនាតូចទៅប្រចាំការលើខ្នងភ្នំជាប់ប្រាសាទព្រះវិហារនៅខ្សែត្រៀមទី៤ ដើម្បីជួយទប់ទល់ការវាយប្រហារពីទាហានថៃ ក្នុងវិវាទដណ្តើមកាន់កាប់ទីតាំងប្រាសាទបុរាណខ្មែរម្តុំព្រះលានឥន្ទ្រី នាឆ្នាំ២០០៨។
អ្នកនាំពាក្យយោធាថៃ ធ្លាប់ប្រាប់អ្នកកាសែតថា ក្រុងបាងកក ដឹងច្បាស់ថា ភាគីខ្មែរមានមិត្តយៀកណាម ចាំជួយគាំពារពីក្រោយ។ អ្នកនយោបាយខ្មែរគួរតែដឹងហើយថា មានមន្ត្រីក្របខ័ណ្ឌជាច្រើនជាជនជាតិយៀកណាម ស្លៀកឯកសណ្ឋានមន្ត្រីរាជការខ្មែររាប់មិនអស់ ធ្វើការក្នុងក្រសួង ការិយាល័យ នាយកដ្ឋាន មន្ទីរ ស្ថាប័នរដ្ឋក្នុងរាជរដ្ឋាភិបាល ដែលពីសម័យសង្គមរាស្ត្រនិយមពុំមានសិទ្ធិជាពលរដ្ឋខ្មែរ។
ខណៈពលរដ្ឋខ្មែរខំប្រឹងទាមទារកោះគុត កោះត្រល់ដែលយៀកណាមហៅថាភូគួក ដែលអ្នកនយោបាយ និងសកម្មជនខំប្រឹងទាមទារពីមុនថាជារបស់ខ្មែរដែរនោះ ឥឡូវក្លាយជាទីរមណីយដ្ឋានទាក់ទាញទេសចរកើនឡើងជាលំដាប់ដល់ទៅ ១៨៥% ដោយមានអាកាសយានដ្ឋានអន្តរជាតិទំនើបលំដាប់ទី៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមចុះផ្សាយក្នុងព្រឹត្តិបត្រ Aviation A2Z ឆ្នាំ២០២៥៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
