មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចាត់ទុកសកម្មភាពនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចុះជួបកសិករតាមកន្លែងផ្សេងៗ គឺជាការធ្វើនយោបាយប្រជាភិថុតិបោកប្រាស់ពលរដ្ឋខ្លួនឯង ព្រោះមិនអាចជួយលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាបានឡើយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ មករា នេះថា ការចុះទៅជួបកសិករនៅតាមទីតាំងផ្សេងៗរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាល្បិចកលយកវីដេអូមកផ្សព្វផ្សាយលើបណ្ដាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋថាគាត់កំពុងយកចិត្តទុកដាក់នឹងកសិករប៉ុណ្ណោះ ប៉ុន្តែការពិត គាត់មិនអាចជួយដល់កសិករសោះឡើយ។
លោក អ៊ុំ សំអាន លើកឡើងថា អ្វីដែលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើគឺ៖
- ការធានាឱ្យបាននូវតម្លៃទីផ្សារពេលដែលកសិករប្រមូលផលម្តងៗ
- ការធានានូវតម្លៃសម្ភារៈកសិកម្មឱ្យស្ថិតក្នុងកម្រិតទាប
- ការធានានូវតម្លៃជី
- តម្លៃថ្នាំសម្លាប់សត្វល្អិត
- និងតម្លៃប្រេងឥន្ធនៈ ជាដើម ដើម្បីឱ្យកសិករប្រើថ្លៃដើមអស់តិចដែលអាចឱ្យពួកគាត់ទទួលបានប្រាក់ចំណេញក្នុងមុខរបរនេះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់ឪពុករហូតដល់កូន នៅតែគ្មានសមត្ថភាពអាចដោះស្រាយបញ្ហាដែលតែងកើតមានលើវិស័យកសិកម្មបាន ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត កសិផលគ្មានទីផ្សារ តម្លៃជីឡើងថ្លៃ ថ្នាំសម្លាប់សត្វល្អិតឡើងថ្លៃ ខណៈសកម្មភាពប្រជាភិថុតិក៏ចេះតែបន្តអនុវត្តដូចការដឹកនាំជំនាន់លោក ហ៊ុន សែន ដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ មករា នេះថា លោកបានបញ្ជាឱ្យអង្គភាពកងទ័ពមួយចំនួនបញ្ចេញម៉ាស៊ីនបូមទឹក ដើម្បីជួយកសិករក្នុងការសង្គ្រោះស្រូវប្រាំងនៅពេលនេះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកបានចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់កសិករ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកស្អាង ខេត្តកណ្តាល រួមទាំងស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ ផងដែរ ដែលកំពុងត្រូវបានសង្គ្រោះប្រមាណជិត ១ម៉ឺនហិកតា។
វិស័យកសិកម្មនៅកម្ពុជា ត្រូវគេមើលឃើញថា នៅតែអនុវត្តតាមលក្ខណៈប្រពៃណីនៅឡើយ ព្រោះខែវស្សា ផលដំណាំត្រូវរងនូវការជន់លិចដោយទឹកជំនន់ ចំណែករដូវប្រាំងត្រូវជួបនូវគ្រោះរាំងស្ងួត ខណៈកសិផលតែងចុះថោករាល់ពេលប្រមូលផលម្តងៗ ស្របពេលដែលសម្ភារៈ និងរបស់របរផ្សេងទៀតដែលត្រូវប្រើប្រាស់ក្នុងវិស័យនេះ នៅតែមានតម្លៃខ្ពស់ ដែលពិបាកនឹងឱ្យកសិករទទួលបានប្រាក់ចំណេញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
