The Cambodia Daily Khmer

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ឱ្យ​សាធារណជន​ឈប់​ផ្ដល់​ចំណី​ឱ្យ​សត្វ​ស្វា​នៅ​ម្តុំ​ប្រាសាទ​អង្គរ

សត្វ​ស្វា​ក្នុង​រមណីយដ្ឋាន​អង្គរ។ (រូបភាព​ពី​ហ្វេសប៊ុក)

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់​បញ្ឈប់​ការ​ផ្តល់​ចំណី ចៀសវាង​ប៉ះពាល់ ឬ​លេង​ជាមួយ​សត្វ​ស្វា​នៅ​ក្នុង​តំបន់​អង្គរ ដោយសារតែ​ស្វា​មាន​ចរិត​កាច និង​បង្ក​ជា​របួស​ស្នាម​ទៅ​ដល់​ភ្ញៀវ​ទេសចរ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ នេះ អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ដឹង​ថា រយៈកាល​ថ្មីៗ​នេះ ចំនួន​សត្វ​ស្វា​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់។ បច្ចុប្បន្ន តាមរយៈ​ការ​ផ្តល់​ចំណី​ជា​ប្រចាំ​ពី​ក្រុម​បុគ្គល​មួយ​ចំនួន​តូច​ក្នុង​គោលបំណង​ផលិត​មាតិកា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​បែប​ធម្មជាតិ​នៃ​សត្វ​ស្វា ពី​សត្វ​ព្រៃ ទៅ​ជា​សត្វ​ស្រុក ដែល​មាន​ចរិត​កាច ចេះ​ដណ្ដើម​ចំណី និង​ឈាន​រហូត​ដល់​ការ​បង្ក​ជា​របួស​ស្នាម​ទៅ​លើ​មនុស្ស ជាដើម។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទូច​ដល់​សាធារណជន ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ប្រតិបត្តិករ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប ទាំងអស់ ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នេះ ក៏ដូចជា​ណែនាំ និង​បញ្ឈប់​នូវ​សកម្មភាព​ណា​មួយ​ដែល​អាច​នាំ​មក​នូវ​បញ្ហា​បង្ក​ឡើង​ដោយ​សត្វ​ស្វា​ជាយថាហេតុ។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជាមួយ​ស្ថាប័ន​ជំនាញ​នានា​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ក្រុង​អង្គរធំ​ឯណោះ​វិញ សត្វ​ស្វា​ក៏​កំពុង​បង្ក​ការ​រំខាន និង​ហានិភ័យ​ដល់​ភ្ញៀវ​ទេសចរ ក៏ដូចជា​ថ្ម​ប្រាសាទ​ផង​ដែរ។ ក្រៅពី​នេះ សត្វ​ស្វា​ដែល​តែង​មាន​ចរិត​រពឹស ចេះ​រត់​តោង​រថយន្ត និង​ធ្វើ​ឱ្យ​បាក់​កញ្ចក់ និង​បាក់​ផ្លិត​រថយន្ត។

យោង​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ មាត្រា​៤៨ ចែង​ថា ពពួក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ជា​សមាសភាគ​នៃ​ធនធាន​ព្រៃឈើ មាន​ដូចជា ពពួក​ថនិកសត្វ ឬ​សត្វ​បំបៅ​ទឹកដោះ បក្សី​បក្សា ឧរង្គសត្វ ឬ​សត្វ​លូន/វារ ថលជលិក​សត្វ ឬ​សត្វ​រស់​ក្នុង​ទឹក​ផង លើ​គោក​ផង បាណកសត្វ ឬ​សត្វ​ដង្កូវ កណ្តូប។ល។ និង​សត្វ​ឥត​ឆ្អឹង​កង​ផ្សេងៗ​ទៀត ព្រមទាំង​ពង និង​កូន​របស់​វា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version