The Cambodia Daily Khmer

លោក ហ៊ុន សែន គំរាម​ទម្លាយ​សារ​ឆ្លើយឆ្លង​ជិត ៣០០​សារ​ជាមួយ​បណ្ឌិត សេង សារី បើ​យក​លោក​ជា​សត្រូវ

(ពី​ឆ្វេង) លោក ហ៊ុន សែន បណ្ឌិត សេង សារី និង​លោក សម រង្ស៊ី

បុរស​ខ្លាំង​ធំធាត់​ក្នុង​របប​កុម្មុយនីស្ត លោក ហ៊ុន សែន គំរាម​ថា លោក​មាន​ឯកសារ​សម្ងាត់​ឆ្លើយឆ្លង​ជាមួយ​បណ្ឌិត សេង សារី ជិត ៣០០​សារ (២៩៥​សារ) បើ​កូនធម៌​របស់​លោក គឺ​បណ្ឌិត សេង សារី ចាត់ទុក​លោក​ជា​សត្រូវ​របស់​ខ្លួន។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទម្លាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា លោក​បាន​ផ្តល់​ជំនួយ​ដល់​បណ្ឌិត សេង សារី ច្រើន​ណាស់​ក្នុង​រយៈពេល​ទាក់ទង​គ្នា​ប្រមាណ​ជា ៤​ឆ្នាំ​មក​នេះ។

លោក ហ៊ុន សែន អះអាង​ថា លោក​ធ្លាប់​បាន​ផ្តល់​លុយ​បង់​រំលស់​ផ្ទះ រួម​ទាំង​ថវិកា ១២​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល ១​ឆ្នាំ​ថែម​ទៀត ដែល​ថវិកា​នេះ​មិន​ទាន់​គិត​ដល់​ថវិកា​ដែល​បណ្ឌិត សេង សារី បាន​ស្នើសុំ​រូបលោក​ពី​អូស្ត្រាលី ក្នុង​បេសកកម្ម​ផ្សេងៗ​នោះ​ទេ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​មាន​ឯកសារ​ជា​អក្សរ និង​ជា​សំឡេង​ជិត ៣០០​សារ ដែល​បណ្ឌិត សេង សារី បាន​សុំ​លុយ​ពី​រូបលោក ដូចជា ការ​សុំ​លុយ​ទៅ​រស់នៅ​អាមេរិក ដើម្បី​អាច​ចូល​ទៅ​ឱ្យ​កាន់តែ​កៀក​ជាមួយ​អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង និង​ការ​ស្នើសុំ​ឱ្យ​លោក​ជួយ​បង្កើត​គណបក្ស​នយោបាយ​សម្រាប់​លោក​ដឹកនាំ ជាដើម។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា សារ​សំឡេង​ដែល​បែកធ្លាយ​នៅ​ពេលនេះ គឺ​នៅ​ស្រាល​ណាស់ បើ​ប្រៀបធៀប​ជាមួយ​នឹង​សារ​ឆ្លងឆ្លើយ​ដែល​លោក​មាន​ក្នុង​ដៃ។

អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​និយាយ​ទៅ​កាន់​លោក ហ៊ុន សែន លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាលពី​យប់​ថ្ងៃទី​៦ កុម្ភៈ វិញ​ថា ឥឡូវ​នេះ​ពុក​បាន​សារភាព​ហើយ​ថា ពុក​ជា​អ្នក​បញ្ចេញ​សារ​សំឡេង​សម្ងាត់​នោះ។ លោក​បន្ត​ថា ពុក​កម្ទេច​ខ្ញុំ​ចោល​បាន​សម្រេច​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​មុន​ដែរ​ថា ថ្ងៃ​ណា​មួយ​ពុក​នឹង​ចាត់ការ​ខ្ញុំ​តាម​វិធី​នេះ។

បណ្ឌិត សេង សារី ទម្លាយ​ថា ក្រោយ​លោក ហ៊ុន សែន គំរាម​ចាប់​រូបលោក​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ មិន​បាន​សម្រេច គាត់​ក៏​ទាក់ទង​មក​បញ្ចុះបញ្ចូល​ឱ្យ​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​វិញ ប៉ុន្តែ​ត្រូវ​លោក​បដិសេធ។

លោក​បន្ត​ថា បន្ទាប់ពី​បញ្ចុះបញ្ចូល​ឱ្យ​តំណែង​មិន​បាន​សម្រេច លោក ហ៊ុន សែន ក៏​អះអាង​ជួយ​បង់​លុយ​ផ្តាច់​លុយ​ដែល​លោក​ជំពាក់​ធនាគារ និង​បង់​លុយ​ថ្លៃ​ផ្ទះ​ឱ្យ​តែម្តង។ នៅ​ពេល​នោះ លោក​ចង់​បដិសេធ​ដែរ តែ​លោក​គិត​ថា​បើ​បដិសេធ​មិន​យក​លុយ​លោក ហ៊ុន សែន នោះ​គឺ​ស្មើ​នឹង​ប្រឆាំង​នឹង​គាត់​ដោយ​ចំ​មុខ​ហើយ ខណៈ​ប្រពន្ធ និង​កូន​របស់​លោក​កំពុង​រស់នៅ​ក្នុង​ស្រុក​ទាំងអស់ ព្រោះ​បទពិសោធន៍​កន្លង​មក រឿង​អ្វី​ក៏​លោក ហ៊ុន សែន ហ៊ាន​ធ្វើ​ដែរ​ចំពោះ​អ្នក​ប្រឆាំង​នឹង​គាត់ ដូច្នេះ​លោក​មាន​តែ​យល់ព្រម​តែម្តង​ទៅ។

បណ្ឌិត សេង សារី សារភាព​ថា លោក ហ៊ុន សែន ពិត​ជា​បាន​ផ្តល់​ថវិកា​ឲ្យ​លោក​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​កម្លាំង​ក្រុម​ប្រឆាំង​ចំនួន ១២​ម៉ឺន​ដុល្លារ​អាមេរិក​ប្រាកដ​មែន។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា បណ្ឌិត សេង សារី គួរតែ​ដើរ​ចេញពី​រចនាសម្ព័ន្ធ​ក្រុម​ប្រជាធិបតេយ្យ​ទាំងអស់ ខណៈ​បក្ស​នយោបាយ​នានា​ក៏​ត្រូវ​លះបង់​បណ្ឌិត សេង សារី ចោល​ដែរ ព្រោះ​ការ​ឱបក្រសោប​មនុស្ស​ដែល​ជា​ចារជន​របស់​ជន​ផ្ដាច់ការ គឺជា​ការ​ប្រមាថ​អ្នក​លះបង់​ដើម្បី​ប្រជាធិបតេយ្យ បំពាន​យុត្តិធម៌ និង​មើលងាយ​ពលរដ្ឋ​ពេញ​មួយ​នគរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version