The Cambodia Daily Khmer

កូនប្រុស​លោក លិម គិមយ៉ា រិះគន់​ថា​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ខ្មែរ ព្រោះតែ​រដ្ឋអំណាច​មិន​អើពើ

ទិដ្ឋភាព​ពិធី​បញ្ចុះ​សព​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​តម្កល់​សព​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

កូនប្រុស​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​គេ​បាញ់​សម្លាប់ រិះគន់​ថា ការ​មិន​អើពើ​ពី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ចំពោះ​ឃាតកម្ម​សមាជិក​សភា​បក្ស​ប្រឆាំង លោក លិម គិមយ៉ា បង្ហាញ​ពី​ភាព​អយុត្តិធម៌​ដ៏​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក លិម ថូម៉ាស កូនប្រុស​បង្កើត​របស់​លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​អ្នក​ប្រឆាំង​រិះគន់​ដល់​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល តែង​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ហើយ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​ថែមទៀត។ នេះ​បង្ហាញ​ថា​សមត្ថកិច្ច​ខ្មែរ​មាន​សមត្ថភាព​បំផុត​ក្នុង​ការ​ប្រមាញ់​អ្នក​ប្រឆាំង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា។

ប្រភព​ដដែល​លើកឡើង​ថា ខុស​ប្លែក​តែ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក លិម គិមយ៉ា ដែល​គេ​ធ្វើ​ឃាត បែរជា​សមត្ថកិច្ច​រក​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ឃើញ​ទៅវិញ ខណៈ​ដែល​ពួកគេ​រស់នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលនេះ ព្រោះ​គេ​ដឹង​ថា​ជនជាប់ចោទ​ទាំង​ពីរ​នាក់ គឺ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ឈ្មោះ លី រតនៈរស្មី កំពុង​មាន​សេរីភាព​ដើរហើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក លិម ថូម៉ាស បញ្ជាក់​ថា សម្ដី​លោក ហ៊ុន សែន ដែល​ធ្លាប់​និយាយ​ថា បើ​កូនប្រុស​របស់​គាត់​លោក ហ៊ុន ម៉ាណែត មិន​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នឹង​មាន​ការ​បង្ហូរ​ឈាម​នោះ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ការពារ​អំណាច​របស់​គាត់។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ លោក លិម គិមយ៉ា ត្រូវ​ឃាតករ​ឈ្មោះ ឯកកាឡាក់ ផែណយ បាញ់​សម្លាប់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​នោះ សមត្ថកិច្ច​ថៃ ក៏​បាន​រក​ឃើញ​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​ជា​អនុប្រធាន​ផ្សារកណ្តាល ក្នុង​ទីក្រុង​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ខ្លាំង​បំផុត។

ក្រោយ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ តុលាការ​ក្រុង​បាងកក ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ ក្នុង​នោះ អាជ្ញាធរ​ថៃ ក៏​បាន​ដាក់​ពួកគេ​ចូល​ក្នុង “សេចក្តី​ជូនដំណឹង​ក្រហម” ដើម្បី​ឱ្យ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល សហការ​ក្នុង​ការ​តាម​ចាប់​ខ្លួន​ថែម​ទៀត។

ក្នុង​រយៈពេល​ជាង ៤​ទសវត្សរ៍​នៃ​ការ​គ្រប់គ្រង​អំណាច​ត​ត្រកូល​ហ៊ុន បន្ត​ពី​ឪពុក​ទៅ​កូន​ក្នុង​ពេលនេះ គេ​មើល​ឃើញ​ថា​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ប្រឆាំង​ជាង ៤០​ឆ្នាំ​ដូច​គ្នា​ដែរ ក្នុង​ទម្រង់​ឧក្រិដ្ឋកម្ម និង​ក្នុង​ប្រព័ន្ធ​ច្បាប់ ដូចជា​ការ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ និង​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាដើម។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សារព័ត៌មាន​បរទេស​ពី​តំបន់​អឺរ៉ុប ដល់​តំបន់​អាស៊ី​ខាងត្បូង បាន​ចុះផ្សាយ​អត្ថបទ​ដាក់​ចំណងជើង​ថា៖ «តើ​ការ​ធ្វើ​សេចក្តី​រាយការណ៍​នៅ​ប្រទេស​កម្ពុជា កាន់តែ​គ្រោះថ្នាក់​ឡើងៗ​ហើយ​ឬ

កាសែត​បង់ក្លាដេស Dhaka Tribune បាន​ស្រង់​ការ​ផ្សាយ​ពី​កាសែត​អាល្លឺម៉ង់ Deutsche Welle សេរីភាព​សារព័ត៌មាន​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ នេះ ដោយ​លើក​យក​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​ជាច្រើន​នាក់​នៅ​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា​ការ​កាប់​ឈើ ដឹក​ឈើ​ខុស​ច្បាប់ ជាដើម។ អាជ្ញាធរ​មាន​សមត្ថកិច្ច​តែងតែ​ចាត់ទុក​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​ថា​ជា​ទំនាស់​បុគ្គល រឿង​ផ្ទាល់ខ្លួន។

នៅ​ខែ​ធ្នូ ឆ្នាំ​២០២៤ ឈឿង ឆេង អ្នក​កាសែត​ខាង​បរិស្ថាន ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ពេល​ស៊ើបអង្កេត​ការ​កាប់​ព្រៃឈើ​នៅ​ខេត្ត​សៀមរាប។

ដប់​ឆ្នាំ​មុន អ្នកកាសែត ទៀង ទ្រី ត្រូវ​គេ​សម្លាប់​នៅ​ពេល​ស៊ើបអង្កេត​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់។

ក្រៅពី​ការ​ធ្វើ​ឃាត អ្នកកាសែត​ឯ​ទៀត​ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ចាប់​ដាក់​គុក​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៤ មាន៖

អ្នកស្រី Aleksandra Beilakowska អ្នក​ចាត់ចែង​យុទ្ធនាការ​គាំទ្រ​សកម្មភាព​សារព័ត៌មាន​គ្មាន​ព្រំដែន ថ្លែង​ថា ការ​គាប​ត្បៀត​សេរីភាព​សារព័ត៌មាន គឺ​មាន​បំណង​ក្រុង​ទស្សនៈ​សាធារណៈ និង​ពង្រឹង​អំណាច​តែប៉ុណ្ណោះ។ អ្នកស្រី​បាន​លើក​យក​ការ​អះអាង​ពី​ក្រុម​អ្នក​រិះគន់​ឯ​ទៀត​ថា របប​គ្រប់គ្រង​សព្វថ្ងៃ​គេ​អាច​ហៅ​បាន​ថា​ជា​រាជវង្ស ហ៊ុន the “Hun Dynasty”៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version