សមាជិករដ្ឋសភានៃបក្សកាន់អំណាចបានអនុម័តច្បាប់ដាក់ទោសពៃរ៍ពិន័យកាន់តែធ្ងន់ធ្ងរដល់ជនណាដែលមិនទទួលស្គាល់អំពើប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ ដែលបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់ពី ១លានកន្លះទៅ ៣លាននាក់។
សមាជិកសភាឯកបក្សចំនួន ១១៥នាក់ បានគាំទ្រជាឯកច្ឆន្ទលើច្បាប់ដែលមាន ៧មាត្រា។
ទីភ្នាក់ងារព័ត៌មាន Associated Press (AP) ឲ្យដឹងថា ច្បាប់នេះបន្ថែមទម្ងន់ទោស និងការផាកពិន័យធ្ងន់ជាងមុនចំពោះជនណាដែលបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបខ្មែរក្រហមដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ដែលមាន ប៉ុល ពត ជាប្រមុខ។
តុលាការចម្រុះសាសន៍ ឬហៅថាសាលាក្ដីខ្មែរក្រហម បានចាប់កំហុសផ្ដន្ទាទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់អំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ច្បាប់ចាស់អនុម័តនៅឆ្នាំ២០១៣ ដាក់ទោសពី ៦ខែទៅ ២ឆ្នាំ ពិន័យជាប្រាក់ ១ពាន់ដុល្លារសហរដ្ឋអាមេរិក។ ច្បាប់ថ្មីនេះដាក់ទោសដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២៥០០ ទៅ ១២៥០០០ដុល្លារសហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា៖ តាមឯកសារមួយចំនួន ឧក្រិដ្ឋកម្មប្រល័យជីវិតមនុស្សក្នុងរបបខ្មែរក្រហមកើតមានខ្លាំងក្លានៅឆ្នាំ១៩៧៥, ១៩៧៦, ១៩៧៧ ដែលអំឡុងពេល ៣ឆ្នាំនោះ មេដឹកនាំខ្មែរបច្ចុប្បន្នក៏អ្នកខ្លះមានវត្តមាន មានឋានៈនៅក្នុងរបបខ្មែរក្រហមនោះដែរ មុននឹងរត់ទៅចូលប្រទេសយៀកណាម។
ឧទាហរណ៍ដូចជា៖
- សមមិត្ត ហេង សំរិន ជាអតីតសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្តកម្ពុជាភូមិភាគបូព៌ា អតីតស្នងការ នយោបាយ និងប្រធានកងពលលេខ៤;
- សមមិត្ត ជា ស៊ីម អតីតលេខាបក្សកុម្មុយនីស្តកម្ពុជា តំបន់២០ ខេត្តព្រៃវែង;
- សមមិត្ត ហ៊ុន សែន អតីតសេនាធិការ និងជាអនុប្រធានកងវរសេនាធំតំបន់២១ ខេត្តកំពង់ចាម និងខេត្តក្រចេះ។
កម្មាភិបាលយោធាទាំងអស់នេះស្ថិតក្រោមបញ្ជាសមមិត្ត ស ភឹម លេខាបក្សភូមិភាគបូព៌ា។ ប្រភពច្បាស់ការណ៍ឲ្យដឹងថា សមមិត្ត ស ភឹម ជាអ្នកឲ្យបញ្ជាឲ្យសមមិត្ត ហេង សំរិន រត់ចេញទៅប្រទេសយៀកណាម បន្ទាប់ពីសមមិត្ត សុន សេន បញ្ជាឲ្យចាប់ខ្លួន។ សមមិត្ត ស ភឹម បញ្ជូនសារទៅ ប៉ុល ពត ស្នើសុំចាត់ការសមមិត្ត ហេង សំរិន ដោយខ្លួនឯង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
