បណ្ឌិតបីរូបបានសរសេរអត្ថបទរួមគ្នាផ្សាយក្នុងសារព័ត៌មាន Asia News Network កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយព្យាករអំពីផលវិបាកដែលប៉ះពាល់ដល់ផលិតផលកសិកម្មស្រូវ-អង្ករខ្មែរ ព្រមទាំងអាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋខ្មែរផង។
បញ្ញវន្តទាំងបីរូបសរសេរថា កសិកម្មគឺជាផ្នែកមួយនៃការរស់រានមានជីវិតសម្រាប់ពលរដ្ឋខ្មែរ ទាំងខាងវប្បធម៌ ទាំងខាងសង្គមកិច្ច និងសេដ្ឋកិច្ច។
ប៉ុន្តែគេសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបបានថយចុះជាលំដាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ គឺធ្លាក់ពី ៣៥,៥% មកនៅ ១៦,៥%។ ផលិតកម្មស្រូវ-អង្ករក្នុងវិស័យកសិកម្មជាមោទនា ឬមោទនភាពសម្រាប់ជនជាតិខ្មែរ ដែលពលរដ្ឋខ្មែរពឹងផ្អែក និងមានប្រជាពលរដ្ឋដល់ប្រមាណ ៥លាននាក់ប្រកបអាជីវកម្មធ្វើស្រែ ឬ ៣៥% នៃពលរដ្ឋទាំងអស់ ព្រមទាំងដាំដុះលើផ្ទៃដី ៦០% ឬ ១/៣ នៃប្រទេសកម្ពុជា។
អង្ករក្រអូបខ្មែរឈ្មោះ ផ្ការំដួល និងម្លិះអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ទទួលរង្វាន់ជាច្រើនដង ហើយចុងក្រោយនេះ គឺនៅឆ្នាំ២០២៤។ ជាមួយគ្នានេះ វិស័យកសិកម្ម ក៏ប្រឈមនឹងការគំរាមកំហែងដែរ។
ប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសដទៃដែរ ផលកសិកម្មគឺអាស្រ័យលើអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុអាចនាំឲ្យមានគ្រោះមហន្តរាយធម្មជាតិ ដូចជា ជំនន់ទឹក ការរាំងស្ងួតហួតហែង ភ្លើងឆេះព្រៃដូចដែលកើតមាននៅទ្វីបផ្សេងៗជាដើម។
អ្នកនិពន្ធរំឭកព្រឹត្តិការណ៍ឆ្នាំ២០២៤ ក្នុងរដូវវស្សា ដែលទឹកជន់បណ្តាលឲ្យផ្ទៃដីស្រែលិចលង់ ៥ម៉ឺនហិកតា ខូចខាតផលដំណាំ ៦០% ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ៦ម៉ឺនគ្រួសារ និងខូចខាតផ្ទះសម្បែង ២ម៉ឺនខ្នង។ គ្រោះធម្មជាតិជាកត្តាដ៏ធំបំផុតដែលប៉ះពាល់ដល់ផលិតកម្មស្រូវ-អង្ករ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
