អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឱ្យបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែររួបរួមគ្នាជាធ្លុងមួយឆ្ពោះទៅរកការផ្លាស់ប្ដូររបបដឹកនាំត្រកូលហ៊ុនចេញពីប្រទេសកម្ពុជា ព្រោះបើបន្តទុកឱ្យរបបដឹកនាំគ្រួសារនិយមបែបនេះ ខ្មែរច្បាស់ជាវិនាសអន្តរាយមិនខាន។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ មីនា នេះថា រាល់ថ្ងៃ ប្រជាពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនាខ្លាំងណាស់ ទាំងអ្នកគាំទ្របក្សប្រឆាំង ទាំងអ្នកគាំទ្របក្សកាន់អំណាច ដោយសារបញ្ហាលុយកាក់ បញ្ហាបំណុល បញ្ហាសេដ្ឋកិច្ច បញ្ហាលំនៅឋាន បញ្ហាការងារ បញ្ហាសុខភាព រួមទាំងការប្រឈមមុខនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទដែលកំពុងកើតមានក្នុងប្រទេស។
ប្រភពដដែលលើកឡើងថា ប្រទេសកម្ពុជាស្ថិតក្រោមការកាន់កាប់របស់ត្រកូលហ៊ុន កាស៊ីណូ បនល្បែងស៊ីសង គ្រឿងញៀន អំពើបោកប្រាស់ ចាប់ជំរិត បានកើនឡើងពាសពេញប្រទេស ប៉ុន្តែរដ្ឋាភិបាលបន្តពូជមួយនេះមិនដែលខ្វល់ពីប្រជាពលរដ្ឋឡើយ តែពួកគេបែរជាចូលរួមប្រព្រឹត្តបទឧក្រិដ្ឋជាមួយក្រុមម៉ាហ្វីយ៉ាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា មេដឹកនាំកម្ពុជាសព្វថ្ងៃជាមនុស្សអសមត្ថភាពមិនចេះដោះស្រាយបញ្ហាសង្គមអ្វីទាំងអស់ ដូច្នេះហើយបានជាទឹកដីខ្មែរ ទាំងកោះត្រល់ក៏បាត់ កោះគុតក៏បង់ ខណៈព្រំដែនក៏បាត់បង់ដោយសារបរទេសជិតខាងឈ្លានពាន ចំណែកទឹកដីខ្មែរនៅក្នុងប្រទេសត្រូវរដ្ឋាភិបាលត្រកូលហ៊ុនសម្បទានឱ្យក្រុមហ៊ុនបរទេស ៩៩ឆ្នាំ។
អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ជាមេដឹកនាំដែលកងទ័ពវៀតណាមបន្តុបឡើងកាលពីឆ្នាំ១៩៨៥។ រយៈពេលជាង ៤០ឆ្នាំនៃការគ្រប់គ្រងប្រទេសកម្ពុជា លោក ហ៊ុន សែន បានចុះហត្ថលេខាកាត់ទឹកដីជាចំរៀកៗ ជាកង់ៗឱ្យទៅប្រទេសវៀតណាម ជាបន្តបន្ទាប់ក្រោមសន្ធិសញ្ញាខុសច្បាប់នានា ដូចជាសន្ធិសញ្ញាឆ្នាំ១៩៨២ សន្ធិសញ្ញាឆ្នាំ១៩៨៣ សន្ធិសញ្ញាឆ្នាំ១៩៨៥ សារាចរឆ្នាំ១៩៨៦ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ជាដើម។
ក្រោមសន្ធិសញ្ញាខុសច្បាប់ទាំងនេះ បានធ្វើឱ្យទឹកដីកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនទឹក ដូចជា កោះត្រល់ និងចង្កោមកោះក្រចកសេះ បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាមទាំងស្រុងសព្វថ្ងៃនេះ។
គួរកត់សម្គាល់ថា៖ សាឡុត ស ហៅ ប៉ុល ពត នរណាក៏ដឹង នរណាក៏ស្គាល់ ហើយមានខ្មែរតិចណាស់មានចិត្តស្រឡាញ់គាត់ ព្រោះតែគេបាត់បង់សមាជិកគ្រួសារក្រោមកិច្ចដឹកនាំរបស់គាត់ ដែលដូរសង្គមជាតិខ្មែរទៅរករបបកុម្មុយនីស្តនិយមបែបមេដឹកនាំចិន ម៉ៅ សេទុង ប៉ុន្តែ ប៉ុល ពត ក៏ធ្លាប់និយាយជាមួយយុទ្ធមិត្តតស៊ូស្លាប់រស់ជាមួយគ្នាខាងភាគីយៀកណាម ឱ្យកំណត់ព្រំប្រទល់ទឹកដីរវាងប្រទេសទាំងពីរឱ្យច្បាស់លាស់តាមផែនទីកំណត់ ដែលអន្តរជាតិទទួលស្គាល់ រួមទាំងរដ្ឋាភិបាលយៀកណាម ផងដែរ។
ផ្ទុយទៅវិញ រដ្ឋការក្រុងហាណូយ មិនព្រមគោរពបូរណភាពទឹកដីខ្មែរទេ៖ សម័យសង្គមរាស្ត្រនិយម ក៏ទ័ពព្រៃយៀកណាមបំពានដែនដី សម័យសាធារណរដ្ឋខ្មែរ ក៏ទ័ពព្រៃយៀកណាមវាយទន្ទ្រានលុកលុយ សម័យខ្មែរក្រហមក៏កងទ័ពយៀកណាមវាយកម្ទេច ដរាបណាមានមេដឹកនាំស្នេហាជាតិខ្មែរនិយាយអំពីបញ្ហាទឹកដី។
តាមឯកសាររណសិរ្សរំដោះជាតិ និងរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នយៀកណាមខាងត្បូង ឬយៀកកុង បានប្រកាសទទួលស្គាល់ព្រំដែនរាជាណាចក្រកម្ពុជាចែងនៅឆ្នាំ១៩៥៤ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៦៧។ ចំណែកឯរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ឬយៀកណាមខាងជើង មុនដូរទៅជាសាធារណរដ្ឋសង្គមនិយមយៀកណាម ប្រមាណមួយសប្តាហ៍ក្រោយ បានទទួលស្គាល់ព្រំដែនប្រទេសកម្ពុជាតាមការកំណត់នៅឆ្នាំ១៩៥៤ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៦៧៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
