តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិចិន ៣នាក់ដែលសម្លាប់នារីខ្មែរ រួចយកសពទៅកប់នៅក្បែរផ្សារអ៊ីអន៣ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នេះថា មេខ្លោងជនជាតិចិនក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ។
លោកបញ្ជាក់ថា ករណីឃាតកម្មនេះមានមេខ្លោងម្នាក់ និងអ្នកពាក់ព័ន្ធពីរនាក់ សរុប ៣នាក់ ត្រូវចាប់ខ្លួនបានទាំងអស់។
ប្រភពខាងលើបានឱ្យដឹងថា មេខ្លោងក្នុងអំពើឃាតកម្មសម្លាប់នារីម្នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការស្រាវជ្រាវ។ លោកថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិចិន ៣នាក់ដែលសម្លាប់នារីខ្មែរ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ករណីឃាតកម្មនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២រូបទៀតជាជនជាតិចិន កាលពីថ្ងៃទី១ មីនា ក្រោយពីទទួលពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ។ តាមសមត្ថកិច្ច ពួកគេទាំងពីរនាក់ទទួលស្គាល់ថាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីជនរងគ្រោះកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ដោយឈ្មោះ YANG KAIXIN ជាអ្នករៀបគម្រោង។
ភ្លាមៗនោះ កម្លាំងជំនាញបានបន្តការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ឈ្មោះ CHEN CONG អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុចអគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសង្សារនារីរងគ្រោះ និងឈ្មោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ស្ពានអាកាសសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្រោយពីការសាកសួរ អ្នកទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីជនរងគ្រោះខាងលើមែនកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ ២៦ឆ្នាំជាជនជាតិចិន លិខិតឆ្លងដែន EL4710161 (ចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរងគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួន។
ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ទោះយ៉ាងណា រឿងសម្ងាត់របស់ជនជាតិចិនខាងលើដែលហ៊ានដល់ការធ្វើឃាតនារីរងគ្រោះជាសង្សារ មិនត្រូវបានលាតត្រដាងនៅឡើយទេ ថាតើជារឿងសម្ងាត់អ្វីឱ្យប្រាកដ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
