The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ដដែលៗ​ថា​ប្រទេស​កម្ពុជា​ប្រកាន់​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា ក្រោម​មូលបទ «ជំរុញ​ការ​តភ្ជាប់​អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និង​ពាណិជ្ជកម្ម» កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៥។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថា​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​ផល​ប្រយោជន៍​ស្នូល​សម្រាប់​ជាតិ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៅ​ថ្ងៃទី​១០ មីនា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ នៃ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​លើ​វិស័យ​ការទូត ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់ និង​ពង្រីក​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ប្រជាជាតិ​ទាំងអស់ ជាដើម។ ជាង​នេះ​ទៀត ត្រូវ​ពង្រឹង​អព្យាក្រឹត​របស់​អាស៊ាន តាមរយៈ​ការ​ពង្រឹង​ឯកភាព និង​តួនាទី​ស្នូល។ លើស​ពី​នេះ ត្រូវ​លើក​កម្ពស់​ការទូត​សេដ្ឋកិច្ច និង​វប្បធម៌ ដើម្បី​ពង្រីក​វត្តមាន​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​ពិភពលោក រួម​ទាំង​ចូលរួម​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត និង​ត្រូវ​ពង្រឹង​សមត្ថភាព​ផ្នែក​ការទូត​របស់​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ។

នាយករដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវតែ​ពង្រឹង​គោលនយោបាយ​ការបរទេស និង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ខ្លួន​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ស្នូល​របស់​ជាតិ រួម​មាន​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព និង​ឯកភាព​ជាតិ រួម​ទាំង​ការ​ចម្រើន​ផ្នែក​សង្គម-សេដ្ឋកិច្ច​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មីនា នេះ​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត​មែន ម្ល៉េះ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មិន​ធ្លាក់​ដុនដាប​ដូច​សព្វថ្ងៃ​នេះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា គោលនយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម និង​ចិន ដូច្នេះ​ទោះ​លោក ហ៊ុន ម៉ាណែត អះអាង​ពី​ឯករាជ្យ អព្យាក្រឹត​យ៉ាងណា​ក៏ដោយ ក៏​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នានា​មិន​ជឿជាក់​លើ​កម្ពុជា​ឡើយ។

លោក​បន្ត​ថា ស្ថិត​ក្រោម​វៀតណាម គឺ​ដោយសារ​អំណាច​ដឹកនាំ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវការ​គាំទ្រ​ពី​វៀតណាម ដើម្បី​ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​បន្ត​ពី​លោក ហ៊ុន សែន ចំណែកឯ​ការ​ស្ថិត​នៅ​ក្រោម​ចិន ពីព្រោះ​ពួកគេ​ត្រូវការ​ខ្ចី​លុយ​ចិន ដើម្បី​ចិញ្ចឹម​អំណាច​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ចំពោះ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជីនពីង កាលពី​ពេល​កន្លង​ទៅ​ថា ការ​កសាង​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា អាច​កើតឡើង​បាន​ដោយ​អាស្រ័យ​លើ​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​ចិន ហើយ​លោក​បាន​ចាត់ទុក​ចិន ជា​មិត្ត​តែ​មួយ​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា អាមេរិក ជាដើម ថា​បើ​ប្រទេស​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ ប្រទេស​កម្ពុជា​ក៏​មិន​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ ហើយ​បើ​មិន​ឱ្យ​ខ្មែរ​ទៅ​ពឹង​ចិន តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​បរទេស​មួយ​ណា?

យ៉ាងណាមិញ ការ​ប្រកាស​ក្ដែងៗ​ឲ្យ​អន្តរជាតិ​ឮ​ថា​រាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ឯករាជ្យ អព្យាក្រឹត មិន​ចូល​បក្ស​សម្ព័ន្ធ​នោះ គេ​ធ្លាប់​ឮ​តាំង​ពី​ដើម​ចុង​ទសវត្ស​១៩៥០ មក​ម្ល៉េះ។

ទ័ព​ព្រៃ​យៀកមិញ ថា​ចេញ​អស់​ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ហ្សឺណែវ នា​ឆ្នាំ​១៩៥៤។ ឆ្នាំ​១៩៦០ ចូល​មក​វិញ​កាន់តែ​ច្រើន​ជាង​មុន ប៉ុន្តែ​មាន​ឈ្មោះ​ផ្សេង គឺ​យៀកកុង។ ឆ្នាំ​១៩៧៣ ទ័ព​ព្រៃ​យៀកណាម​ខាងជើង និង​យៀកកុង ថា​ចេញ​អស់​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ប៉ុន្តែ​កប់​អាវុធ​ទុក​ក្នុង​ដី​ខ្មែរ។ ឆ្នាំ​១៩៨៩ ថា​ចេញ​អស់​ទៀត ប៉ុន្តែ​នៅ​ថែរក្សា​ដី​សម្បទាន​ស្លៀកពាក់​ទាហាន​ផង ស៊ីវិល​ផង។

ឥឡូវ​នេះ ទាហាន​យៀកណាម ក៏​មាន ទាហាន​ចិន ក៏​មាន លាយឡំ​បញ្ចូល​គ្នា​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ខ្មែរ ហើយ​នៅតែ​បន្ត​ឃោសនា​បំពង​ថា ស្រុក​ខ្មែរ​ឯករាជ្យ អព្យាក្រឹត មិន​ចូល​បក្ស​សម្ព័ន្ធ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version