The Cambodia Daily Khmer

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​ជាមួយ ICC ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ជាង​៤០​ឆ្នាំ​មក​នេះ

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន នឹង​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ដែល​គាត់​បាន​ប្រព្រឹត្ត​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ក្នុង​ផែនការ «ក​៥» អំឡុង​ឆ្នាំ​១៩៨០ ដែល​លោក ហ៊ុន សែន ទទួល​បញ្ជា​ពី​វៀតណាម យក​ទៅ​អនុវត្ត បាន​កេណ្ឌ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទៅ​ស្លាប់​រាប់​ម៉ឺន​នាក់។ ជាង​នេះ​ទៀត នៅ​ក្នុង​ឆ្នាំ​១៩៩៧ គាត់​ក៏​បាន​បញ្ជា​ឱ្យ​មនុស្ស​ជំនិត​ខ្លួនឯង​បោក​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ជាតិ ដែល​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​មនុស្ស​រាប់​រយ​នាក់​នៅ​ពេល​នោះ។

លោក​បន្ត​ថា នៅ​ឆ្នាំ​១៩៩៧ ដដែល លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ និង​បាន​សម្លាប់​កងទ័ព​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រាប់​រយ​នាក់ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ លោក ហ៊ុន សែន ក៏​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​ដែល​បាន​បញ្ជា​ឱ្យ​បាញ់​សម្លាប់​ក្រុម​បាតុករ​រាប់​រយ​នាក់​បន្ថែម​ទៀត​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ក្រៅពី​អំពើ​ដែល​លោក​បាន​រៀបរាប់​នេះ លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​យ៉ាង​ឃោរឃៅ​ជាច្រើន​ទៀត​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​មនុស្ស​ល្បីៗ​មួយ​ចំនួន ដូចជា អ្នកស្រី ពិសិដ្ឋ ពីលីកា លោក ជា វិជ្ជា បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក កូវ សាមុត លោក ហុក ឡង់ឌី និង​លោក លិម គិមយ៉ា ដែល​ទើប​នឹង​ត្រូវ​បាន​សម្លាប់​នៅ​ដើម​ឆ្នាំ​២០២៥ នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា ករណី​ឃាតកម្ម​សម្លាប់ និង​ចាប់​អ្នក​តវ៉ា​ជាច្រើន​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹបអូស​យក​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​បរិស្ថាន និង​ការ​រស់នៅ​របស់​ពលរដ្ឋ សុទ្ធសឹងតែ​ជា​សំណុំរឿង​ដែល​តុលាការ ICC ក៏​ចាត់ទុក​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ មិន​ខុស​ពី​បទឧក្រិដ្ឋ​សម្លាប់​រង្គាល និង​ប្រល័យ​ពូជសាសន៍​ឡើយ។

លោក​បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​គាត់​បាន​ប្រព្រឹត្ត​ជាង ៤០​ឆ្នាំ​មក​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ។

ការ​ព្រមាន​របស់​លោក សម រង្ស៊ី ធ្វើឡើង​ស្រប​ពេល​ដែល​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាលពី​ថ្ងៃទី​១១ ខែ​មីនា តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រោយ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Duterte ពី​បទ​សង្ស័យ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ជុំវិញ​ការ​សម្លាប់​ជនសង្ស័យ​ក្នុង​អំពើ​ជួញដូរ​គ្រឿងញៀន​ជាង ៦​ពាន់​នាក់ ក្នុង​ពេល​ដែល​លោក​កាន់​អំណាច​ជា​ប្រធានាធិបតី​របស់​ប្រទេស​ហ្វីលីពីន កាលពី​អំឡុង​ឆ្នាំ​២០១៦ កន្លង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version