នគរបាលខេត្តក្រចេះ កំពុងតែស្វែងរកចាប់ខ្លួនជនជាតិចិន ចំនួន ៤នាក់ដែលជាមេការកាស៊ីណូ Gold City ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារពីបុគ្គលិកខ្មែរ ៣នាក់ បន្ទាប់ពីពួកគេបានរៀបចំគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះលុយពីការលេងល្បែងនៅក្នុងកាស៊ីណូ។
យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា បុគ្គលឈ្មោះ ខ.ស. បានប្តឹងមកសមត្ថកិច្ចជំនាញកាលពីថ្ងៃទី១០ មីនា អំពីករណីចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សានៅក្នុងកាស៊ីណូ Gold City ក្នុងស្រុកស្នួល ខេត្តក្រចេះ។
ប្រភពដដែលបានអះអាងថា តាមចម្លើយរបស់ជនរងគ្រោះទាំង ៣នាក់ នៅមុនថ្ងៃកើតហេតុ គឺថ្ងៃទី៤ ខែមីនា ជនជាតិខ្មែរទាំង ៣នាក់នោះត្រូវបានបុគ្គលម្នាក់ឈ្មោះ ធ.ប. បបួលរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីការលេងល្បែងក្នុងកាស៊ីណូ ដើម្បីទទួលបានភាគរយជាលុយកាក់ពីភ្ញៀវ។
អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់បន្ថែមទៀតថា រហូតដល់ថ្ងៃទី៧ ខែមីនា បុគ្គលឈ្មោះ ធ.ប. ក៏បានហៅជនរងគ្រោះទាំង ៣នាក់ មកចែកលុយភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូក្នុងម្នាក់ចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលពួកគេបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ។
ប្រភពដដែលអះអាងថា ភ្លាមៗនោះ មេការជាជនជាតិចិន ចំនួន ៤នាក់បានមកសួរនាំដល់បន្ទប់ជួលដោយប្រើអំពើហិង្សា និងនាំខ្លួនពួកគេទាំង ៣នាក់ទៅឃាត់ទុកក្នុងបន្ទប់រដ្ឋបាលកាស៊ីណូ Gold City។ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចនគរបាលខេត្តក្រចេះ ក៏បានចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ។
តាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះចំនួន ៣នាក់ដែលត្រូវបានមេការជនជាតិចិន ឃាត់ខ្លួនទុកក្នុងកាស៊ីណូមែន។ អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកមេការជនជាតិចិន ទាំង ៤នាក់ដែលកំពុងរត់គេចខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិន ៥នាក់នៅអគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ខាំងជនជាតិចិន ដូចគ្នាដើម្បីជំរិតទារប្រាក់ដល់ទៅ ១០លានដុល្លារ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
