35.5 C
Phnom Penh

មេការ​ជនជាតិ​ចិន​៤​នាក់​កំពុង​រត់​គេច​ខ្លួន​បន្ទាប់ពី​បង្ខាំង​ជនជាតិ​ខ្មែរ​៣​នាក់​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​នៅ​ខេត្ត​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ខេត្ត​ក្រចេះ កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​ជនជាតិ​ចិន ចំនួន ៤​នាក់​ដែល​ជា​មេការ​កាស៊ីណូ Gold City ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ​ពី​បុគ្គលិក​ខ្មែរ ៣​នាក់ បន្ទាប់ពី​ពួកគេ​បាន​រៀបចំ​គម្រោង​ធ្វើ​បៀ​ឱ្យ​ភ្ញៀវ​ឈ្នះ​លុយ​ពី​ការ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុង​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ ខ.ស. បាន​ប្តឹង​មក​សមត្ថកិច្ច​ជំនាញ​កាលពី​ថ្ងៃទី​១០ មីនា អំពី​ករណី​ចាប់​បង្ខាំង​មនុស្ស និង​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​កាស៊ីណូ Gold City ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​ចម្លើយ​របស់​ជនរងគ្រោះ​ទាំង ៣​នាក់ នៅ​មុន​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃទី​៤ ខែ​មីនា ជនជាតិ​ខ្មែរ​ទាំង ៣​នាក់​នោះ​ត្រូវ​បាន​បុគ្គល​ម្នាក់​ឈ្មោះ ធ.ប. បបួល​រៀបចំ​គម្រោង​ធ្វើ​បៀ​ឲ្យ​ភ្ញៀវ​ឈ្នះ​លុយ​ពី​ការ​លេង​ល្បែង​ក្នុង​កាស៊ីណូ ដើម្បី​ទទួល​បាន​ភាគរយ​ជា​លុយកាក់​ពី​ភ្ញៀវ។

អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រហូត​ដល់​ថ្ងៃទី​៧ ខែ​មីនា បុគ្គល​ឈ្មោះ ធ.ប. ក៏​បាន​ហៅ​ជនរងគ្រោះ​ទាំង ៣​នាក់ មក​ចែក​លុយ​ភាគរយ​ដែល​ភ្ញៀវ​បាន​ឈ្នះ​ពី​កាស៊ីណូ​ក្នុង​ម្នាក់​ចំនួន ៨០០​ដុល្លារ ហើយ​ឈ្មោះ ធ.ប. បាន​គេច​ខ្លួន​មិន​ឃើញ​មក​ធ្វើការ។ លុះ​ដល់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥ គម្រោង​ដែល​ពួកគេ​បាន​រៀបចំ​ត្រូវ​បាន​បែកធ្លាយ​ព័ត៌មាន​ដល់​ខាង​កាស៊ីណូ។

ប្រភព​ដដែល​អះអាង​ថា ភ្លាមៗ​នោះ មេការ​ជា​ជនជាតិ​ចិន ចំនួន ៤​នាក់​បាន​មក​សួរនាំ​ដល់​បន្ទប់​ជួល​ដោយ​ប្រើ​អំពើ​ហិង្សា និង​នាំ​ខ្លួន​ពួកគេ​ទាំង ៣​នាក់​ទៅ​ឃាត់​ទុក​ក្នុង​បន្ទប់​រដ្ឋបាល​កាស៊ីណូ Gold City។ ក្រោយពី​ទទួល​បាន​ដំណឹង​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​ក្រចេះ ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំងស្រែ។

តាមរយៈ​ការ​ស្រាវជ្រាវ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជនរងគ្រោះ​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​មេការ​ជនជាតិ​ចិន ឃាត់​ខ្លួន​ទុក​ក្នុង​កាស៊ីណូ​មែន។ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​ថា បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​មេការ​ជនជាតិ​ចិន ទាំង ៤​នាក់​ដែល​កំពុង​រត់​គេច​ខ្លួន​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់។

កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចិន ៥​នាក់​នៅ​អគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​ជនជាតិ​ចិន ដូច​គ្នា​ដើម្បី​ជំរិត​ទារប្រាក់​ដល់​ទៅ ១០​លាន​ដុល្លារ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស