The Cambodia Daily Khmer

ជនជាតិ​ថៃ ៦៣​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត

ជនជាតិ​ថៃ ចំនួន ៦៣​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចុះ​បង្ក្រាប​នៅ​ទីតាំង​ពីរ​កន្លែង​ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥។

អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា នគរបាល​ខេត្ត​បន្ទាយមានជ័យ ចាប់​ខ្លួន​ជនជាតិ​ថៃ សរុប​ចំនួន ៦៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​សមត្ថកិច្ច​កម្ពុជា​នឹង​បណ្តេញ​ពួកគេ​ចេញ​ដោយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ថៃ។

សេចក្តី​ប្រកាស​របស់​អគ្គស្នងការ​នគរបាល​ជាតិ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បាន​ចុះ​បង្ក្រាប​ទីតាំង​ពីរ​កន្លែង​ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត។ ករណី​នេះ សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃទី​២២ ខែ​មីនា បន្ទាប់ពី​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឃ្លាំមើល​ទីតាំង​មួយ​នេះ​អស់​មួយ​រយៈ​កន្លង​មក។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ថៃ ចំនួន ៦៣​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ ហើយ​រក​ឃើញ​សម្ភារៈ​ជា​កុំព្យូទ័រ​ចំនួន ៣៣​គ្រឿង និង​ទូរសព្ទ​ដៃ​ចំនួន ៦៥​គ្រឿង ដែល​ប្រើ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​អនឡាញ​ខុស​ច្បាប់។ ក្រៅពី​នេះ មាន​អត្តសញ្ញាណប័ណ្ណ​ថៃ ចំនួន ៦៥​ច្បាប់ និង​លិខិត​ឆ្លងដែន​ចំនួន ២​ច្បាប់​ថែម​ទៀត។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​ថៃ ទាំង ៦៣​នាក់​ដែល​បាន​ឃាត់​ខ្លួន សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​ថា​មាន​មនុស្ស​ចំនួន ១០​នាក់​កំពុង​ធ្វើ​សកម្មភាព​រៀបចំ​មធ្យោបាយ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឆបោក​ដោយ​ស្ម័គ្រចិត្ត និង ៤៦​នាក់​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​បិទ​សិទ្ធិ​សេរីភាព​ដើរហើរ។

សមត្ថកិច្ច​ក៏​កំណត់​បាន​មេខ្លោង​ចំនួន ៧​នាក់​ដែរ​ក្នុង​ចំណោម ៦៣​នាក់។ ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​កម្ពុជា​នឹង​ស្នើសុំ​កិច្ចសហការ​ជាមួយ​នគរបាល​ថៃ ដើម្បី​សម្របសម្រួល​រៀបចំ​បណ្ដេញ​ពួកគេ​ចេញពី​កម្ពុជា​ចំនួន ៥៦​នាក់។ ចំណែក ៧​នាក់​ទៀត ដែល​ជា​មេខ្លោង​នោះ ប៉ូលិស​កម្ពុជា​នឹង​បន្ត​នីតិវិធី​ដោះស្រាយ និង​ស្រាវជ្រាវ​បន្ថែម​នៅ​ខេត្ត​បន្ទាយមានជ័យ។

កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ កន្លង​ទៅ សមត្ថកិច្ច​ថៃ រួម​ជាមួយ​មន្ត្រី​នគរបាល​កម្ពុជា​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​រំដោះ​បាន​ជនបរទេស​ចំនួន ២១៥​នាក់ ក្នុង​នោះ​មាន ១១៩​នាក់​ជា​ជនជាតិ​ថៃ។ ក្នុង​ចំណោម​ជនជាតិ​ថៃ ទាំង ១១៩​រូប​ដែល​កម្ពុជា​បញ្ជូន​ឲ្យ​ភាគី​ថៃ មាន ១៥​នាក់​ត្រូវ​បាន​តុលាការ​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​រៀបចំ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា។

រហូត​មក​ទល់​ពេលនេះ មាន​ជនជាតិ​ថៃ យ៉ាងតិច​ជាង ២០០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន និង​បញ្ជូន​ឲ្យ​អាជ្ញាធរ​ថៃ ក្នុង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​នៅ​ក្រុង​ប៉ោយប៉ែត។

ការ​រឹត​បន្តឹង​វិធានការ​ក្តៅ​របស់​អាជ្ញាធរ​ខ្មែរ និង​ថៃ ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ស្នើសុំ​កម្ពុជា​ឲ្យ​សហការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា បទល្មើស​អនឡាញ​កំពុង​រីក​រាលដាល​នៅ​អាស៊ី ដោយ​ទីក្រុង​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទីតាំង​នៅ​ប្រទេស​ភូមា ជាប់​ព្រំដែន​ថៃ។ ចំណែក​នៅ​កម្ពុជា មិន​អាច​លុបបំបាត់​បទល្មើស​អនឡាញ​បាន​ទេ ព្រោះ​បទល្មើស​ទាំងនេះ​មិនមែន​ត្រឹមតែ​ឧក្រិដ្ឋជន​ធម្មតា​ជា​អ្នក​ប្រព្រឹត្ត​ទេ គឺ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ខុស​ច្បាប់​នេះ​តែម្តង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version