តំណាងរាស្ត្របក្សប្រឆាំង អះអាងថា បើរាជរដ្ឋាភិបាលខ្មែរប្តឹងប្រទេសវៀតណាម និងប្រទេសថៃឡង់ដ៍ លើករណីកោះគុត កោះត្រល់ និងដែនសមុទ្រត្រួតគ្នាទៅតុលាការអន្តរជាតិ ដោយប្រើនីតិប្បញ្ញត្តិសមុទ្រ (UNCLOS) ប្រទេសកម្ពុជានឹងឈ្នះប្រទេសទាំងពីរនេះ ១លានភាគរយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៧ មីនា នេះថា កោះគុតស្ថិតនៅចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់មូលដ្ឋានត្រង់ចំណុចឆ្នេរចាំយាម ដែលស្ថិតក្នុងតំបន់តភ្ជាប់ប្រវែង ៤៤គីឡូម៉ែត្រខាងដែនដីកម្ពុជា ដូច្នេះអាចបញ្ជាក់បានថា កោះនេះមានចំណែកជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។
ចំណែកកោះត្រល់ ស្ថិតនៅចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់មូលដ្ឋានត្រង់ចំណុចឆ្នេរខេត្តកំពត ដែលស្ថិតក្នុងសមុទ្រដែនដី ២២គីឡូម៉ែត្ររបស់ខ្មែរ ដូច្នេះអាចបញ្ជាក់បានថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាផ្ដាច់មុខ មិនមែនជាកម្មសិទ្ធិរបស់ប្រទេសវៀតណាម ឡើយ ព្រោះចម្ងាយកោះនេះចេញពីឆ្នេរតំបន់ហាទៀង មានចម្ងាយរហូតដល់ទៅ ៤៥គីឡូម៉ែត្រឯណោះ។
លោកបន្តថា ចំណែកតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ ទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ក៏ស្ថិតក្នុងសមុទ្រដែនដី តំបន់តភ្ជាប់ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្មែរដែរ ដែលមានន័យថាតំបន់ត្រួតគ្នានេះ គឺស្ថិតក្នុងដែនសមុទ្ររបស់ប្រទេសកម្ពុជា ១០០%។
លោក អ៊ុំ សំអាន ពន្យល់ថា បន្ទាត់មូលដ្ឋាន គឺជាខ្សែបន្ទាត់ដែលត្រូវបានបង្កើតឡើងសម្រាប់វាស់តំបន់សមុទ្រ ហើយបន្ទាត់នេះត្រូវបែងចែកជាពីរ គឺបន្ទាត់មូលដ្ឋានធម្មតា ដែលជាបន្ទាត់ខ្សែទឹកនាច តាមបណ្តោយឆ្នេរដែលមានបញ្ជាក់នៅក្នុងផែនទីមាត្រដ្ឋានខ្នាតធំ និងទទួលស្គាល់ជាផ្លូវការដោយរដ្ឋជាប់ឆ្នេរសមុទ្រ។
ចំណែកឯបន្ទាត់មូលដ្ឋានត្រង់វិញ គឺសំដៅទៅលើបន្ទាត់ដែលប្រើនៅពេលដែលឆ្នេរសមុទ្ររបស់រដ្ឋណាមួយមានលក្ខណៈមិនត្រង់ស្មើ ហើយបន្ទាត់នេះក៏ត្រូវបានប្រើដើម្បីគូសភ្ជាប់ចំណុចនៅត្រង់មាត់ឆ្នេរ ឆ្នេរផតជ្រៅ កោះ រដ្ឋប្រជុំកោះ ដីដុះ ថ្មប៉ប្រះទឹកនឹងសមុទ្រ ព្រមទាំងឆកប្រវត្តិសាស្ត្រ ជាដើមផងដែរ។
លោកបន្តថា ដែនទឹកផ្ទៃក្នុងត្រូវគេបង្កើតឡើងសម្រាប់បង្កើតបន្ទាត់មូលដ្ឋាន ព្រោះថាបើគ្មានដែនទឹកផ្ទៃក្នុងទេ គឺមិនអាចបង្កើតបន្ទាត់មូលដ្ឋានបានឡើយ។ ដែនទឹកផ្ទៃក្នុង គឺជាតំបន់សមុទ្រដែលស្ថិតនៅផ្នែកខាងឆ្នេរសមុទ្ររបស់រដ្ឋ ហើយត្រូវរាប់បញ្ចូល ដូចជា កំពង់ផែ ឆក ពាម និងដៃសមុទ្រ ជាដើម។
លោកបន្ថែមថា រដ្ឋជាប់ឆ្នេរមានសិទ្ធិ និងអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងតំបន់ទាំងនេះ ខណៈនាវាបរទេសត្រូវសុំការអនុញ្ញាតពីរដ្ឋជាប់ឆ្នេរ មុននឹងឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុងនេះផងដែរ។ លើសពីនេះ រដ្ឋជាប់ឆ្នេរអាចប្រើប្រាស់នូវអំណាចយុត្តាធិការទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌទៅលើនាវាបរទេសទាំងឡាយណាដែលធ្វើនាវាចរណ៍ឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុងនេះថែមទៀត។
មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា ដោយឡែកសមុទ្រដែនដី ត្រូវបានគេចាត់ទុកថាជាតំបន់នៅជាប់ដែនគោកដែលវាស់ចេញពីបន្ទាត់មូលដ្ឋានឆ្ពោះទៅកាន់លម្ហសមុទ្រមានចម្ងាយ ១២ម៉ាយល៍ ដែលស្មើនឹង ២២គីឡូម៉ែត្រ។ នៅក្នុងរយៈចម្ងាយនេះ រដ្ឋជាប់ឆ្នេរមានអធិបតេយ្យភាពលើដែនទឹក លម្ហអាកាស បាតសមុទ្រ និងដីក្រោមបាតសមុទ្រទាំងស្រុង។
លោកបន្ថែមថា អាស្រ័យហេតុនេះ រដ្ឋជាប់ឆ្នេរមានសិទ្ធិផ្ដាច់មុខក្នុងការធ្វើអាជីវកម្មនៅបាតសមុទ្រ និងក្នុងដីក្រោមបាតសមុទ្រផងដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ចំណែកឯតំបន់តភ្ជាប់ជាតំបន់សមុទ្រដែលវាស់ចេញពីបន្ទាត់មូលដ្ឋានឆ្ពោះទៅកាន់លម្ហសមុទ្រមានចម្ងាយ ២៤ម៉ាយល៍ដែលស្មើ ៤៤គីឡូម៉ែត្រ ហើយនៅក្នុងតំបន់តភ្ជាប់នេះ រដ្ឋជាប់ឆ្នេរក៏អាចការពាររាល់ការបំពានច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ សារពើពន្ធ អន្តោប្រវេសន៍ ឬសុខាភិបាលរបស់ខ្លួនគ្រប់ពេល។
សារព័ត៌មាន The Cambodia Daily នឹងព្យាយាមស្រង់សេចក្តីបញ្ជាក់អំពីប្រវត្តិសាស្ត្រ ផ្សាយជូនជ្រាបនៅពេលក្រោយ ដែលមគ្គទេសក៍ទេសចរជនជាតិយៀកណាម និយាយថា កោះត្រល់ ឬភូគួក ជាកោះរបស់យៀកណាម តាំងពីឆ្នាំ១៧១៤។ តាមពិត បារាំងបានឲ្យកោះទាំងពីរទៅព្រះចៅក្រុងសៀម និងព្រះចៅក្រុងអណ្ណាម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
