The Cambodia Daily Khmer

កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​មាន​មនុស្ស​ចាស់​ច្រើន​នៅ​ឆ្នាំ​២០៥០ មុន​ពេល​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់

អភិបាល​ខេត្ត​កំពង់ធំ លោក ងួន រតនៈ ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ក្នុង​ក្រុង​ស្ទឹងសែន ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បញ្ជាក់​ថា កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មាន​មនុស្ស​ចាស់​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០៥០ មុន​ពេល​ដែល​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែល​ទាមទារ​ឲ្យ​មាន​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ពួកគាត់។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី «បម្រែបម្រួល​ប្រជាសាស្ត្រ និង​ជំងឺ​មិន​ឆ្លង» នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ថា អត្រា​មនុស្ស​ចាស់​នៅ​កម្ពុជា​អាច​ឈាន​ដល់ ២៧% ក្នុង​ឆ្នាំ​២០៥០ ដែល​កម្ពុជា​នឹង​ស្ថិត​ក្នុង​ប្រភេទ «សង្គម​មនុស្ស​ចាស់​ជរា»។

លោក​បន្ត​ថា ការ​កើន​ឡើង​នេះ ដោយសារតែ​វឌ្ឍនភាព​សង្គម និង​សុខភាព អាយុ​សង្ឃឹម​រស់​ពី​អាយុ ៧០ ដល់ ៧៥​ឆ្នាំ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ។

លោក​រដ្ឋមន្ត្រី​សុខាភិបាល​រូប​នេះ​បន្ត​ថា ពេលនេះ តុល្យភាព​ប្រជាសាស្ត្រ​នៅតែ​អំណោយផល ពីព្រោះ​មនុស្ស​វ័យ​ចំណាស់​របស់​ប្រជាជន​កម្ពុជា គឺ​មិន​វិវឌ្ឍ​ឆាប់​ពេក​នោះ​ទេ បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដទៃ​ទៀត ក៏ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ស្ថានភាព​នឹង​លំបាក ពីព្រោះ​អត្រា​កំណើត​មាន​ត្រឹមតែ​កម្រិត​នៃ​អត្រា​ប្រជាជន​ផ្លាស់​ថ្មី​នៅ​ឆ្នាំ​២០៥០ ប្រសិនបើ​អត្រា​កំណើត​មិន​ប្រែប្រួល​ទេ​នោះ។

លោក ឈាង រ៉ា បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត កម្ពុជា​នឹង​ប្រឈមមុខ​នូវ​បញ្ហា​សុខភាព​សង្គម​ពីរ គឺ​បញ្ហា​ទី​មួយ ការ​ចំណាយ​លើ​ការ​ព្យាបាល​ដែល​នឹង​កើន​ឡើង ព្រោះ​មនុស្ស​ចាស់​កាន់តែ​ច្រើន នឹង​មាន​ជំងឺ​ចម្រុះ​ច្រើន​មុខ ឬ​ជំងឺ​រ៉ាំរ៉ៃ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​មាន​រយៈពេល​វែង និង​ចំណាយ​ច្រើន។ បញ្ហា​មួយ​វិញ​ទៀត គឺ​មូលដ្ឋាន​ធនធាន​សម្រាប់​ការ​ផ្តល់​ហិរញ្ញប្បទាន​កើន​ឡើង​តិចតួច ដោយសារ​មាន​អត្រា​យុវជន​សកម្ម​តិច​ជាង​មុន​ក្នុង​ការ​រួមចំណែក​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ចំណាយ​លើ​សុខភាព តាមរយៈ​ការ​បង់​ពន្ធ និង​វិភាគទាន​សន្តិសុខ​សង្គម។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​មនុស្ស​ចាស់​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​ទ្រព្យសម្បត្តិ ហើយ​កូនៗ​ក៏​មាន​ជីវភាព​ធូរធារ ទើប​មិន​បាន​ខ្វល់ខ្វាយ​អំពី​ភ័ព្វវាសនា​ចុងក្រោយ​នៃ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់​ភាគច្រើន​ដែល​គ្មាន​អ្នក​ទីពឹង ឬ​កូនចៅ​ក្រីក្រ គឺ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជីវិត​ជាច្រើន ដោយសារ​តម្រូវការ​នៅតែ​មាន ហើយ​ក្រពះ​ក៏​នៅតែ​ស្រេក​ឃ្លាន។

ដោយសារតែ​ស្ថានភាព​បែប​នេះ បង្ខំ​ឱ្យ​មនុស្ស​ចាស់​ខ្លះ​នៅតែ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​បាន​កម្រៃ​ប្រចាំ​ថ្ងៃ​ផ្គត់ផ្គង់​តម្រូវការ​របស់​ខ្លួន ដូចជា​ទៅ​ស៊ីឈ្នួល​គេ (បោក​ខោអាវ កោស​ខ្យល់ មើល​ថែ​ក្មេង) ខ្លះ​ដើរ​ដក​ព្រលិត​រំចង់ ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ​លក់ ខ្លះ​ក៏​ដើរ​លក់​របស់របរ​កំប៉ិកកំប៉ុក ខ្លះ​ក៏​ទៅ​រស់នៅ​ពឹង​អាស្រ័យ​នៅ​តាម​វត្ត​អារាម ហើយ​ខ្លះ​ទៀត​ក៏​ដើរ​សុំទាន​គេ។

យោង​តាម​របាយការណ៍​ជំរឿន​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន ១,៣៨​លាន​នាក់ ឬ​ស្មើ ៨,៩​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​មាន​ការ​ព្យាករ​ថា ចំនួន​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង អាច​នឹង​កើន​ឡើង​រហូត​ដល់ ១​លាន ៥​សែន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version