នៅថ្ងៃអង្គារ ទី១ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ជាថ្មីម្ដងទៀតបានទៅរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ជាដែនដីនៅអឺរ៉ុបខាងកើតដែលកំពុងហែកហួរដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមប្រភពព័ត៌មានដដែលនេះ នៅក្នុងដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នានឹងលោករដ្ឋមន្ត្រីការពារជាតិស៊ុយអែត អ្នកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock និយាយថា ក្រុមប្រទេសអឺរ៉ុបមិនដកថយដាច់ខាតចំពោះការជួយអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមប្រឆាំងអ្នកឈ្លានពាន។
អ្នកស្រីអះអាងថា ក្រុមប្រទេសណាតូ (NATO) នៅអឺរ៉ុប ក៏មិនរាថយក្នុងការជួយអ៊ុយក្រែន នោះដែរ។
អ្នកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ឱ្យដឹងទៀតថា កិច្ចប្រជុំខាងមុខនេះរវាងក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអង្គការ NATO នឹងបង្ហាញឱ្យច្បាស់ទៅកាន់ភាគីសហរដ្ឋអាមេរិក ថា ក្រុម NATO អឺរ៉ុប នឹងមិនត្រូវចូលរួមជាមួយល្បែងអូសពេលវេលារបស់លោក ពូទីន ឡើយ។
បើតាមអ្នកស្រី Annalena Baerbock ក្រុមរដ្ឋមន្ត្រីការបរទេស NATO នឹងត្រូវជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រក្នុងសប្តាហ៍នេះ។
ជាមួយគ្នានេះ អ្នកស្រី Annalena ទទូចថា សហរដ្ឋអាមេរិកមិនត្រូវបណ្តោយខ្លួនឱ្យចាញ់បញ្ឆោតយុទ្ធសាស្ត្រពន្យារពេលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះឡើយ។
កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រុស្ស៊ី និងអាមេរិក កំពុងសិក្សាស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ក៏ដូចជាខិតខំស្ដារទំនាក់ទំនងទ្វេភាគីរវាងក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន ឡើងវិញ ប៉ុន្តែការថ្លែងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងចំពោះលោក ពូទីន ដែលលើកឡើងអំពីការចង់ឱ្យមានរដ្ឋាភិបាលបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន ជាមួយនឹងការដោះដូរសម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។
កាលពីថ្ងៃសុក្រ ទី២៨ មីនា លោក ពូទីន បានដាក់លក្ខខណ្ឌថ្មីមួយបន្ថែមទៀត គឺត្រូវតែរៀបចំបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នគ្រប់គ្រងប្រទេសអ៊ុយក្រែន ដោយរដ្ឋបាលអង្គការសហប្រជាជាតិ ដើម្បីឈានទៅរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅអ៊ុយក្រែន ដែលមេដឹកនាំវិមានក្រឹមឡាំង រូបនេះ សន្យាថា រុស្ស៊ីនឹងបើកចរចាសន្តិភាពជាមួយអ៊ុយក្រែន ដែលមានរដ្ឋាភិបាលថ្មី។
ក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកកាសែតនៃទូរទស្សន៍ NBC កាលពីថ្ងៃទី៣០ ខែមីនា លោក ត្រាំ និយាយថា លោកខឹងមួម៉ៅនឹងលោក ពូទីន ដែលនៅតែមិនព្រមចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនឹងអ៊ុយក្រែន ហើយបន្តទាមទារលក្ខខណ្ឌមិនចេះចប់។
នៅក្នុងបទសម្ភាសន៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងទៀតថា លោកនឹងសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី តាមរយៈការដំឡើងពន្ធលើឧស្សាហកម្មប្រេងរបស់រុស្ស៊ី ថែមទៀត។
លក្ខខណ្ឌរបស់លោក ពូទីន នេះហើយដែលអ្នកសង្កេតការណ៍បស្ចិមប្រទេស រួមនឹងអ្នកស្រីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena យល់ឃើញថា លោក ពូទីន នៅតែរក្សាគំនាបលើអ៊ុយក្រែន ជាពិសេសទៅលើលោក ហ្សេឡេនស្គី ដែលចោទថាមេដឹកនាំអ៊ុយក្រែនរូបនេះមិនមានភាពស្របច្បាប់ ព្រោះតែអ៊ុយក្រែន មិនព្រមបោះឆ្នោតប្រធានាធិបតីឡើងវិញនៅពេលលោក ហ្សេឡេនស្គី ផុតអាណត្តិតាំងពីខែឧសភា ឆ្នាំ២០២៤ មកម្ល៉េះ។
អ្នកសង្កេតការណ៍យល់ថា ការពិត លោក ពូទីន ចង់បានរដ្ឋាភិបាលថ្មីនៅអ៊ុយក្រែន ដែលជាអាយ៉ងរបស់រុស្ស៊ី ទើបវាយប្រហារលោក ហ្សេឡេនស្គី ដែលលោក ពូទីន ខ្លួនលោកផ្ទាល់ទេមិនចង់ចូលតុអង្គុយចរចាជាមួយនឹងមេដឹកនាំអ៊ុយក្រែន រូបនេះ ពីព្រោះលោក ហ្សេឡេនស្គី ជាប្រធានាធិបតីដែលប្រសូតចេញពីអាជីពជាតារាកំប្លែង ហើយកំពុងក្លាយជាវីរជនសង្គ្រាមនៃប្រទេសទន់ខ្សោយមួយដែលហ៊ានច្បាំងនឹងប្រទេសមហាអំណាចជិតខាងរបស់ខ្លួន។
យ៉ាងណាក៏ដោយ សម្រាប់អឺរ៉ុប គេមិនបានគិតដូចលោក ពូទីន នោះទេ ព្រោះអ៊ុយក្រែន ធ្លាក់ក្នុងសង្គ្រាម។ ប្រទេសអឺរ៉ុបនៅតែបន្តជួយគាំទ្រ និងបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។ នៅថ្ងៃទី១ មេសា នេះ ប្រទេសស៊ុយអែត តាមរយៈវត្តមានរដ្ឋមន្ត្រីការពារជាតិ លោក Pal Jonson នៅក្រុងគៀវ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ១៦០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលជាជំនួយដ៏ធំបំផុតថ្មីចុងក្រោយ ដើម្បីជួយអ៊ុយក្រែន ក្នុងការពង្រឹងជំហរចរចាបញ្ចប់សង្គ្រាមជាមួយនឹងរុស្ស៊ី។
លោក Pal Jonson បានថ្លែងថា កញ្ចប់ជំនួយភាគច្រើនដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ត្រូវប្រើប្រាស់សម្រាប់ទិញសព្វាវុធ ហើយជំនួយហិរញ្ញវត្ថុ ៦០០លានដុល្លារជួយដល់ឧស្សាហកម្មការពារជាតិសម្រាប់អ៊ុយក្រែន។
លោក Pal Jonson បញ្ជាក់ថា អ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្គ្រាម ហើយការគាំទ្រអន្តរជាតិ គឺជាការចាំបាច់ណាស់ដើម្បីឱ្យប្រទេសនេះមានជំហររឹងមាំក្នុងការចរចា។
លោករដ្ឋមន្ត្រីការពារជាតិស៊ុយអែត ក៏បានអំពាវនាវដល់ប្រទេសអឺរ៉ុបផ្សេងទៀតបង្កើនការគាំទ្រដល់អ៊ុយក្រែន ថែមទៀត។ ប្រទេសស៊ុយអែត ក៏បានប្រកាសផងដែរថា ខ្លួននឹងបង្កើនជំនួយដល់អ៊ុយក្រែន នៅឆ្នាំនេះដល់ទៅ ៤ពាន់លានដុល្លារ ដើម្បីជួយដល់ទីក្រុងគៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅខណៈនេះ សហភាពអឺរ៉ុប ២៧ប្រទេស កំពុងដាក់ចេញនូវនីតិវិធីចុងក្រោយរឹបអូសទ្រព្យរបស់រុស្ស៊ី ទាំងអស់នៅអឺរ៉ុប មានជាង ២០០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ដើម្បីជួយស្ដារប្រទេសអ៊ុយក្រែន ឡើងវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
